ក្រុមអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ The Observatory ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងជាបន្ទាន់នូវអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោចំនួនប្រាំនាក់ ដែលកំពុងស្ថិតក្រោមការឃុំឃាំងដោយអំពើចិត្តតាមការចោទប្រកាន់ ដែលមានលក្ខណៈប្រឌិត និងផ្តើមចេញពីសកម្មភាពសិទ្ធិមនុស្សរបស់ពួកគេ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ The Observatory ដែលធ្វើការលើកិច្ចការពារអ្នកការពារសិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានឲ្យដឹងថា ការទាមទារឲ្យមានការដោះលែងជាបន្ទាន់នេះធ្វើឡើង បន្ទាប់ពីក្រុមការងារនៃអង្គការការពារសិទ្ធិមនុស្សអន្តរជាតិដែលមានទីតាំងនៅទីក្រុងហ្សឺណែវ និងប៉ារីសនេះ បានចុះមកធ្វើបេសកកម្មចំនួនបីថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។ អង្គការការពារសិទ្ធិមនុស្ស The Observatory ក៏បានអំពាវនាវឲ្យរដ្ឋអំណាចកម្ពុជា បញ្ចប់ការគំរាមកំហែង ការបំភិតបំភ័យ និងការរំខាន ប្រឆាំងអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេស។
យោងទៅតាមសេចក្តីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា លោក នី ចរិយា អតីតប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរងការកាត់ទោសនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់បរិហាកេរិ៍្ត ដែលប្តឹងដោយអតីតព្រះរាជអាជ្ញារង និងចៅក្រមស៊ើបអង្កេត នៅតុលាការខេត្តសៀមរាប។
អង្គការការពារសិទ្ធិមនុស្ស The Observatory បានបន្តថា លោក នី ចរិយា ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងការជាប់ពាក់ព័ន្ធរបស់លោកជាមួយនឹងករណីមួយផ្សេងទៀត ដែលលោកត្រូវបានចោទប្រកាន់ថា បានធ្វើជាអ្នកសមគំនិត នៅក្នុងការសូកប៉ាន់សាក្សីម្នាក់ជាមួយបុគ្គលិកសមាគមអាដហុកផ្សេងទៀត រួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី។
ការជាប់ឃុំរបស់អ្នកទាំងប្រាំនាក់ គឺផ្តើមចេញពីរឿងក្តីនៃទំនាក់ទំនងស្នេហាលួចលាក់មួយដែលគេនៅសង្ស័យថា ពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងនារីម្នាក់ឈ្មោះខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោក កឹម សុខា រហូតមកទល់នឹងពេលនេះ នៅតែប្រកាន់ជំហរ មិនឆ្លង មិនឆ្លើយ និងមិនឈ្លោះ របស់លោកដដែល ចំពោះរឿងអាស្រូវស្នេហាលួចលាក់នេះ។ លោកក៏ត្រូវគេដឹងថា បានបង្ខាំងខ្លួនឯងនៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការចាប់ខ្លួន ដែលអាចនឹងធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្មីៗនេះ លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមដែលនៅមានអភ័យឯកសិទ្ធិ ត្រូវបានតុលាការចេញដីកាហាមមិនឲ្យធ្វើដំណើរចេញពីប្រទេស ដោយសារការមិនព្រមចូលខ្លួននៅតុលាការរបស់លោកជាច្រើនដង ដើម្បីបំភ្លឺបទចោទប្រកាន់ ទាក់ទិនការប្រព្រឹត្តអំពើសញ្ចរកម្ម។ លោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនធ្វើការអធិប្បាយកាលពីល្ងាចថ្ងៃសុក្រ ដោយលោកថា លោកជាប់រវល់ក្នុងការប្រជុំ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបក្សគ្រប់គ្រងប្រទេស ថ្លែងថា រាជរដ្ឋាភិបាលមិនអាចបំពានលើអំណាចតុលាការបានទេ។
លោកថា តុលាការនឹងបន្តនីតិវិធីចាត់ការសំណុំរឿងនេះទៅតាមអំណាចផ្លូវច្បាប់ ហើយការដោះលែងអ្នកទាំងប្រាំនាក់នេះ មិនអាចទៅរួចនោះទេ នៅគ្រាដែលរាជរដ្ឋាភិបាលកំពុងពង្រឹងនីតិរដ្ឋនោះ។
«ស្វាគមន៍គាត់ ដែលចង់ឲ្យមានការដោះលែង ក៏ប៉ុន្តែសុំឲ្យគាត់មើលពីច្បាប់កម្ពុជា ប្រាប់ថាអ្នកអស់នោះ មិនមែនចាប់ដោយគ្មានកំហុសទេ គឺល្មើសច្បាប់បានគេចាប់។ អីចឹងទេ ឥឡូវកំពុងប្រឈមមុខ តាមនីតិវិធីរបស់តុលាការហើយ។ ក្នុងពេលខាងមុខនេះ តុលាការនឹងបញ្ចប់នីតិវិធី វាចប់រឿងហ្នឹងហើយបាទ»។
លោកបញ្ជាក់បន្ថែមថា រដ្ឋអំណាចកម្ពុជាមិនបានចាប់ អ្នកជាប់ឃុំទាំងប្រាំនាក់នេះ តាមតែអំពើចិត្តនោះទេ តែការចាប់ឃុំខ្លួននេះបានធ្វើឡើងដោយសារតែអ្នកទាំងនោះពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការ។
ការចាប់ឃុំខ្លួនអ្នកទាំងប្រាំនាក់នេះ មិនបានធ្វើឲ្យសកម្មជនសិទ្ធិមនុស្សផ្សេងទៀតមានការសប្បាយចិត្តនោះទេ។ ពួកគេក៏បានផ្តើមធ្វើ«យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ» ដើម្បីកាន់ទុក្ខការឃុំខ្លួននោះ និងទាមទារឲ្យដោះលែងអ្នកទាំងប្រាំនាក់នេះមកវិញ។ ក៏ប៉ុន្តែ អ្នកចូលរួមធ្វើយុទ្ធនាការនេះ នៅតាមទីសាធារណៈ រមែងត្រូវរងការចាប់ឃាត់ខ្លួនមុននឹងដោះលែងឲ្យមានសេរីភាពវិញ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារសិទ្ធិមនុស្ស The Observatory ក៏បានឲ្យដឹងបន្ថែមថា សមាជិកក្រុមគ្រួសារនៃអ្នកជាប់ឃុំទាំងប្រាំនាក់ បានសម្តែងក្តីបារម្ភចំពោះស្ថានភាពឃុំខ្លួនមិនល្អនៅក្នុងពន្ធនាគារ។ ពួកគេកត់សម្គាល់ឃើញថា បន្ទប់ក្នុងពន្ធនាគារនីមួយៗមានលក្ខណៈចង្អៀតខ្លាំង ម្ហូបអាហារមានគុណភាពមិនល្អ ហើយការថែទាំសុខភាពក៏មិនគ្រប់គ្រាន់។ ក្រុមគ្រួសារបានត្អូញត្អែថា ញាតិសន្តានរបស់ពួកគេមិនត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកជាប់ទោសដែលជាឧក្រិដ្ឋជន និងជនដែលត្រូវគេដាក់ក្នុងពន្ធនាគារ ដោយការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរនោះទេ៕