ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ច្រានចោល​បណ្តឹង​​អគ្គលេខាធិការ​រង​​គ.ជ.ប.


លោក នី ចរិយា ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ចេញ​ពី​សាលសវនាការ​សាលាឧទ្ធរណ៍ នៅព្រឹក​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
លោក នី ចរិយា ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ចេញ​ពី​សាលសវនាការ​សាលាឧទ្ធរណ៍ នៅព្រឹក​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។

លោក​សុក សំអឿន ​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ​និង​ជា​មេធាវី​ឯករាជ្យ​​មាន​ប្រសាសន៍​ថា ​ការ​សួរ​ចម្លើយ​ជន​ណា​ម្នាក់​លើសពី​ម៉ោង​រដ្ឋបាល​គឺ​ជាការ​ដាក់​ទារុណ​កម្ម​​​ ហើយ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។

សាលា​ឧទ្ធរណ៍ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ច្រានចោល​ពាក្យ​បណ្តឹង​របស់​លោក​ សំ សុគង់​ មេធាវី​តំណាង​ឲ្យលោក​ នី ចរិយា ​អគ្គ​លេខាធិការរង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប.​)​ ដែល​សុំឲ្យសាលា​ឧទ្ធរណ៍ចាត់​ទុក​ជា​មោឃភាព​នូវ​ចំណាត់ការរបស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចំពោះ​កូនក្តី​របស់​លោក​កន្លង​មក​នោះ។ ​

លោក​ សំ សុគង់ ​អះអាង​ថា ​ការ​សម្រេច​របស់​សាលាឧទ្ធណ៍​រំលោភ​រដ្ឋធម្មនុញ្ញ។​

កាល​ពីចុង​ខែ​មេសា​ ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) គឺ​ លោក​ នី ចរិយា ​និង​មន្ត្រី​អាដហុក​ចំនួន​៤​រូប​ទៀត​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សាក​សួរ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​គួរឲ្យ​សង្ស័យ​រវាងកញ្ញា​ខុម ចាន់តារ៉ាទី ​ហៅស្រីមុំ​ជាមួយ​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។​

កាលពី​ថ្ងៃទី៣​ ខែ​សីហា ​មេធាវី​របស់​លោក​នី ចរិយា​គឺ​លោក​សំ សុគង់​បានដាក់​ពាក្យ​បណ្តឹង​ទៅសាលា​ឧទ្ធរណ៍​សុំ​ឲ្យ​ចាត់​មោឃភាព​ចំពោះ​នីតិវិធីរបស់​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) ក្នុងការ​សាកសួរ ​និង​ការ​ឃុំ​ខ្លួន​ពួក​គេ។​

​ក្រោយ​ចេញ​ពីសាលសវនាការ​ លោក​មេធាវី​សំ សុគង់​ប្រាប់ ​VOA ​ថា ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះនៃ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ប្រកាស​ច្រានចោល​បណ្តឹង​នោះ ​ហើយ​បង្វិល​សំណុំ​រឿង​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី។ ​លោក​បន្ត​ថា ​ការ​ច្រាន​ចោល​បណ្តឹង​របស់​តុលាការដែលលើក​ឡើង​ថា ​នីតិវិធី​នៃ​ការ​សាកសួរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រឹមត្រូវ​នោះ​ គឺជា​ការសម្រេច​ដោយរំលោភ​រដ្ឋ​ធម្មនុញ្ញ ​មាត្រា​៣៨ ​ដោយសារ​ការ​សួរ​នោះ​លើសពីម៉ោង​រដ្ឋបាល​ ដែល​លោក​អះអាង​ថា ​ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវ​ចិត្ត​លើ​កូន​ក្តី​របស់​លោក។​

លោក​បន្ថែម​ថា៖​

«បើ​កាលណា​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​សម្រេច​មោឃភាព​មានន័យ​ថា ​នីតិវិធី​ដែល​មន្រ្តី​នគរបាល​យុត្តិធម៌​ធ្វើ​កន្លង​មក​ខុស អញ្ចឹង​កូនក្តី​នឹង​ត្រូវ​រួចផុត​ពី​បទចោទ ​ឬ​ត្រូវបាន​គេ​ដោះ​លែង»។

លោក នី ចរិយា ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​សាល​សវនាការ​សាលា​ឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៦។
លោក នី ចរិយា ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​សាល​សវនាការ​សាលា​ឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៦។

មាត្រា​៣៨​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ​«ច្បាប់​រ៉ាប់រង​មិន​ឱ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ​បុគ្គល​ណា​មួយ​ឡើយ។ ​ច្បាប់​ការពារ​ជីវិត​ កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជា​ពលរដ្ឋ។​ ការ​ចោទប្រកាន់​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​ជន​ណា​មួយ​នឹង​អាច​ធ្វើ​ទៅ​កើត​ លុះ​ត្រា​តែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។ ​ការ​បង្ខិតបង្ខំ​ ការ​ធ្វើ​បាប​លើ​រូបរាង​កាយ ឬ​ប្រព្រឹត្តិ​កម្ម​ណា​មួយ​ដែល​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​ អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំ​ឃាំង​ ឬ​ជាប់​ពន្ធនាគារ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ឡើយ។ ​អ្នក​ដៃ​ដល់​ អ្នក​រួម​ប្រព្រឹត្ត​ និង​អ្នក​សម​គំនិត​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។ ​ការ​ទទួល​សារភាព​ ដែល​កើត​ឡើង​ពី​ការ​បង្ខិតបង្ខំ​តាម​ផ្លូវ​កាយ​ក្ដី​ តាម​ផ្លូវ​ចិត្ត​ក្ដី​ មិន​ត្រូវ​ទុក​ជា​ភស្តុតាង​នៃ​ពិរុទ្ធភាព​ទេ»។​

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​គឺ​លោក​ទូច ថារិទ្ធ​មាន​ប្រសាសន៍​ថា ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​តាមច្បាប់​ ហើយ​ថា ​បើ​មេធាវី​របស់​លោក​នី ចរិយា​មិន​សុខចិត្ត​ អាចប្តឹង​តាម​នីតិវិធី​បន្ត។​

លោក​បញ្ជាក់​ថា៖​

«ខាង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ឧទ្ធរណ៍​គេ​បាន​សម្រេច​ដូច​ការ​សម្រេច​ព្រឹកមិញ​អញ្ចឹង​គឺ​ច្រាន​ចោល​ការ​ស្នើ​សុំ​របស់​មេធាវីការពារ​ក្តី​ឲ្យលោក​នី ចរិយា ​បានន័យ​ថា​ គេ​តម្កល់​ការ​សម្រេចរបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុកជាបាន​ការ​ដដែល ​ហើយប្រសិន​ជា​គាត់​អត់​សុខ​ចិត្តក្នុង​នាម​គាត់​ជា​មេធាវី ​គាត់​អាច​ប្តឹង​ទៅ​តាម​នីតិវិធី​របស់​ផ្លូវ​ច្បាប់​ទៀត​បាន»។

លោក​សំ សុគង់​បន្ថែម​ថា ​លោក​នឹង​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ទាមទារ​រក​យុត្តិធម៌។​

លោក​សុក សំអឿន ​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ​និង​ជា​មេធាវី​ឯករាជ្យមាន​ប្រសាសន៍​ថា ​ការ​សួរ​ចម្លើយ​ជន​ណា​ម្នាក់​លើសពី​ម៉ោង​រដ្ឋបាល​គឺ​ជាការ​ដាក់​ទារុណ​កម្ម​ ហើយ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«និយាយ​រួមដូច​យើង​ធ្វើ​ទារុណកម្ម​អញ្ចឹង​ បើ​មិន​ឲ្យ​មនុស្ស​យើង​ដេក​ មិន​ឲ្យ​មនុស្ស​យើង​សម្រាក​ មិន​ដូច​ធ្វើ​ទារុណកម្ម​ផ្លូវ​ចិត្តគេ​អញ្ចឹង។ ​ក្នុង​ករណី​បែប​ហ្នឹង​បាន​តែ​ជនជាប់​ចោទ​បដិសេធ​ចម្លើយ​របស់​ខ្លួន​ទេ​ ប្រសិនជា​ខ្លួន​ឯង​គិត​ថា ​ចម្លើយ​របស់​ខ្លួន​ឯង​វាអត់​ត្រឹមត្រូវ»។​

កាល​ពី​ថ្ងៃទី២ ​ខែ​ឧសភា​ឆ្នាំ​២០១៦ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ជូន​លោក​នី ចរិយា​ និង​មន្ត្រី​អាដហុក​ទាំង​៤​រូប​គឺ​លោក​នី សុខា ​លោក​យី សុខសាន្ត លោ​ក​ណៃ វង់ដា និង​លោកស្រី​លឹម មុនី​ទៅឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​ករណី​នាង​ខុម ចាន់តារ៉ាទី ​ហៅស្រីមុំ ​ជាមួយ​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។​

អង្គការ​ និង​សមាគម​ចំនួន​៥២​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​ប្រកាស​បើក​យុទ្ធនាការ​ឈ្មោះ​ថា ​ដោះ​លែង​អ្នក​ទាំង​៥ ​ចាប់ពី​ថ្ងៃទី៨ ​ខែ​សីហា​នេះ​ទៅ ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​៥​រូប​នោះ៕

XS
SM
MD
LG