លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ព្រមានពីការចាប់ខ្លួនបន្ថែម អ្នកទាំងឡាយណាដែលប្រើយុទ្ធនាការពណ៌ដើម្បីសុំឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក និងគ.ជ.បដោយខុសច្បាប់។ ប៉ុន្តែ ក្រុមអ្នកវិភាគនយោបាយ និងអ្នកស្រាវជ្រាវសង្គម យល់ថា ការបន្តគាបសង្កត់សកម្មភាពសម្តែងមតិដោយអហិង្សា នឹងនាំឲ្យកម្ពុជាជួបគ្រោះថ្នាក់ដោយអំពើហិង្សា ដែលមិនអាចព្យាករណ៍ទុកជាមុនបាន។
ក្រុមអ្នកវិភាគនយោបាយ និងអ្នកស្រាវជ្រាវសង្គម ព្រមានពីលទ្ធភាពនៃការផ្ទុះឡើងនៃកំហឹងមហាជន បន្ទាប់ពីរដ្ឋាភិបាលបើកការវាយប្រហារលើក្រុមមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ដោយកម្លាំងតែមិនប្រើអាវុធ។ ការបើកការវាយប្រហារនេះ បានទទួលរងការរិះគន់ជាបន្តបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុកបានប្រាប់ VOA ថា ស្ថានភាពគាបសង្កត់ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ននេះ អាចនឹងផ្តល់ឱកាសឲ្យមន្ត្រីថ្នាក់ក្រោមមានគំនិតមិនល្អ កើតគំនិតប្រព្រឹត្តអំពើមិនបម្រើប្រយោជន៍ប្រជាជន។ លោកថា ការណ៍នេះ អាចបញ្ឆេះឲ្យមានការចងកំហឹងក្នុងសង្គម។
លោក អ៊ូ វីរៈ ពន្យល់ប្រាប់ VOA ថា៖ «គ្រោះថ្នាក់ត្រង់ថា ជួនកាលទៅ អាអ្នកថ្នាក់ក្រោមហ្នឹងឆ្លៀតឱកាស ដែលហាមមិនឲ្យប្រជាពលរដ្ឋនិយាយបាន តវ៉ាបានហ្នឹង ឆ្លៀតឱកាសហ្នឹង គាត់កាន់តែពុករលួយ។ គាត់កាន់តែជិះជាន់។ គាត់កាន់តែកិបកេង។ គាត់កាន់តែអយុត្តិធម៌។ គាត់កាន់តែមានបង្កើតបក្ខពួក។ អញ្ចឹងទៅ ពួកគាត់ហ្នឹងក្លាយទៅជាប្រភពនៃបញ្ហាកាន់តែច្រើន ហើយថ្នាក់ដឹកនាំនៅខាងលើហ្នឹង ជួនកាលអត់បានជាប់ជើង ជើងឲ្យបានជាប់ដីហ្នឹង ក៏អត់បានដឹងរឿងហ្នឹងដែរ ហើយដោយសារអញ្ចឹងទៅ ជួនកាលល្មមដល់ដឹងរឿងហ្នឹង វាផ្ទុះកំហឹងរួចទៅហើយ ហើយការផ្ទុះកំហឹងមួយណា ចំពោះរូបខ្ញុំ ជារឿងខាត សម្រាប់ប្រទេសយើងទាំងអស់គ្នា»។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី មានចំនួនមិនលើសពី២០០នាក់ បានបើកយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ក្នុងក្តីសង្ឃឹមថា អាចបានជួបជុំគ្នានៅមុខពន្ធនាគារព្រៃស ដើម្បីទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំប្រាំរូបដែលជាមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ តែពួកគេយ៉ាងណាស់៦នាក់ ត្រូវបានស្វាគមន៍ ដោយការចាប់ខ្លួនសួរនាំចម្លើយអស់ជាច្រើនម៉ោង ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីពួកគេផ្តល់ចម្លើយសារភាពអំពីបំណងពិតប្រាកដនៃការបើកយុទ្ធនាការនេះ ពួកគេត្រូវបានសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញពីអាជ្ញាធរមានសមត្ថកិច្ចក្រុងភ្នំពេញ។
សកម្មភាពរបស់ក្រុមសង្គមស៊ីវិលនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលមួយចំនួនពណ៌នាថា អាចជាលំនាំទៅរកការធ្វើបដិវត្តន៍ពណ៌ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាច្រើននៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើតជាដើម។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានមានប្រសាសន៍ថា យុទ្ធវិធីចាប់និងឃុំខ្លួន ដែលបានប្រើដោយរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន មិនមែនជាយុទ្ធវិធីដែលធ្វើឲ្យសាធារណជនស្ងប់ចិត្តនោះទេ តែវាអាចនឹងបង្កអំពើហិង្សា ហើយអាចនឹងឈានដល់ការប្រកាសអាសន្នដោយរដ្ឋាភិបាល។
លោក មាស នី ថ្លែងប្រាប់ VOA ថា៖«បើសិនណាជាស្ថានភាពនៃគំនាបរាល់ថ្ងៃនេះនឹងនៅបន្ត វានឹងអាចក្លាយទៅជាអំពើហិង្សាមួយ ដែលពលរដ្ឋខ្លះពិបាកទប់ ហើយកាលណាបើសិនជាប្រជាពលរដ្ឋពិបាកទប់ ពេលហ្នឹងវាអាចផ្ទុះជាកំហឹងទៅ នឹងបង្កឲ្យមានអំពើផ្សេងៗកើតឡើង ហើយខ្ញុំគិតថា ពេលនោះក៏រដ្ឋាភិបាលប្រហែលជានឹងអាចមានមូលហេតុគ្រប់គ្រាន់ក្នុងការប្រើកម្លាំងប្រដាប់អាវុធ ដើម្បីគ្រប់គ្រងស្ថានភាព រួចហើយប្រកាសថា ប្រទេសខ្មែរស្ថិតក្នុងភាពអាសន្ន»។
លោកបញ្ជាក់បន្តថា ប្រសិនបើប្រទេសត្រូវដាក់ឲ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន នោះការបោះឆ្នោតដែលប្រជាពលរដ្ឋខ្មែរចង់បាន ច្រើនជាងការធ្វើបដិវត្តន៍នោះ អាចនឹងត្រូវពន្យារពេល។ លោកថា ស្ថានភាពកម្ពុជាបច្ចុប្បន្ននេះ អាចនឹងនាំកម្ពុជាដើរទៅរកគន្លងរបបនយោបាយចាស់របស់ប្រទេសភូមា ឬមីយ៉ាន់ម៉ាផងដែរ។
លោក មាស នី ពន្យល់ថា៖«ខ្ញុំគិតថា បើសិនណាជាយើងមើលត្រឹមការអនុវត្ត អ្វីដែលកំពុងមានរាល់ថ្ងៃហ្នឹងណាស់ ដែលកំពុងកើតមានមកដល់ពេលនេះ យើងកំពុងដើរនៅក្នុងបរិបទនៃភូមាចាស់ហើយ ព្រោះភូមាចាស់នៅពេលដែលមានការដួលរលំអំណាចរបស់(លោក) ថេន សេន ហ្នឹង យើងឃើញថា មានអ្នកទោសប្រមាណជាជាង៣.០០០នាក់ អ្នកទោសនយោបាយ ដែលត្រូវបានអាជ្ញាធរបានត្រូវចាប់ដាក់មន្ទីរឃុំឃាំង ដែលនឹងដោះលែងថ្មីៗនេះ។ ប៉ុន្តែទីចុងបំផុត រដ្ឋាភិបាលរបស់លោក ថេន សេន ក៏បានទទួលបរាជ័យទៅលើការបោះឆ្នោត»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាប័ត្រមួយដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះ បានបន្តព្រមានចាប់ខ្លួន ការប្រើប្រាស់ពណ៌ធ្វើយុទ្ធនាការខុសច្បាប់ទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងប្រាំនាក់នោះ។ លោកបានថ្លែងដោយយោងទៅលើបដិវត្តន៍ពណ៌ ដែលបានកើតមានកន្លងមកហើយ ក្នុងនោះបដិវត្តន៍ពណ៌ទឹកក្រូចក្នុងប្រទេសអ៊ុយក្រែន។
លោក ហ៊ុន សែន ព្រមានខ្លាំងៗថា៖«ពណ៌អីក៏ដោយ នៅកន្លែងខ្លះ គេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេហៅពណ៌ខ្មៅ។ ខ្ញុំថា ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ ដាក់ទំាងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លំាងប្រដាប់អាវុធគេបង្កើតឡើងដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដាក់អ្នកទោស កុំឆ្ងល់ពេក»។
ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងសញ្ញា ដែលអាចក្លាយជាកត្តាហានិភ័យនាំទៅរកការកើតមានអំពើហិង្សាសារជាថ្មី ខណៈដែលប្រជាជនរស់នៅក្នុងប្រទេស ដែលនៅពឹងផ្អែកលើជំនួយបរទេសនេះ កំពុងប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស ការវាយប្រហារនានាទៅលើក្រុមជំទាស់ និងអំពើអយុត្តិធម៌សង្គមផ្សេងៗទៀត។
នេះបើយោងទៅតាមឯកសារបង្ហាញពីកត្តាហានិភ័យដែលនាំទៅរកការប្រព្រឹត្តអំពើហិង្សាឈានដល់ការកាប់សម្លាប់យ៉ាងរង្គាល។ ឯកសារនេះជាផ្នែកមួយនៃបទដ្ឋាន«ការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ» ជាភាសាអង់គ្លេសហៅថា «The Responsibility to Protect» ដែលត្រូវបានចេញផ្សាយដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៤កន្លងទៅ។
ឯកសារដដែលនេះ បានឲ្យដឹងពីកត្តាហានិភ័យចំនួន១៤ រួមមានកង្វះខាតប្រព័ន្ធតុលាការឯករាជ្យ ការប្រព្រឹត្តអំពើពុករលួយ មានកម្រិតខ្ពស់ អភិបាលកិច្ចទន់ខ្សោយ ការរំលោភសិទ្ធិមនុស្ស និងភាពគ្មានទោសពៃរ៍ គឺជាដើមចមនៃលទ្ធភាព ដែលអាចនាំទៅរកការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ៕