ទិន្នន័យប្រមូលបានពី ១២១ ប្រទេសបង្ហាញថា មនុស្សរាប់ពាន់លាននាក់កំពុងប្រឈមនឹងវិបត្តិសុខភាព ហើយបណ្តាប្រទេសនានាត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីលើកកម្ពស់គុណភាពទឹក និងអនាម័យដែលត្រូវបានគេស្គាល់តាមការហៅកាត់ថា «WASH»។ របាយការណ៍នេះ ជារបាយការណ៍លម្អិតជាងគេមួយគិតមកត្រឹមពេលនេះ ដែលរកឃើញថា បណ្តាប្រទេសភាគច្រើន កំពុងខកខានក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិក្នុងការផ្តល់ទឹកស្អាតនិងអនាម័យសម្រាប់ពលរដ្ឋគ្រប់គ្នានៅត្រឹមឆ្នាំ២០៣០។
លោក Bruce Gordon ជាប្រធានផ្នែកទឹកប្រើប្រាស់ អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន នៃអង្គការសុខភាពពិភពលោក។ លោកបាននិយាយថា ស្របពេលការពន្លឿនគឺចាំបាច់ត្រូវធ្វើឡើងនោះ មានតែ ២៥ភាគរយប៉ុណ្ណោះនៃប្រទេសទាំងនោះ ដែលធ្វើការដើម្បីបំពេញគោលដៅសម្រាប់ផ្នែកអនាម័យនិងមានតែ ៤៥ភាគរយប៉ុណ្ណោះ ដែលធ្វើការដើម្បីបំពេញគោលដៅសម្រាប់ទឹកស្អាត។ លោក Bruce Gordon ថ្លែងថា៖
«បញ្ហានេះកើតឡើងស្របពេលដែលមានមនុស្សជាច្រើនបានកើតជំងឺរាគរូសដោយសារការទទួលទានទឹកមិនស្អាត ដែលឬសគល់ចម្បងគឺការខ្វះអនាម័យ។ កង្វះអនាម័យនៅដៃ ក៏បង្កឲ្យមានការឆ្លងជំងឺផ្លូវដង្ហើមផងដែរ។ ដូច្នេះ មនុស្សប្រហែលជិត ២លាននាក់កំពុងប្រឈមនឹងការស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការគ្រប់គ្រងទឹក អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនមិនបានត្រឹមត្រូវ»។
លោក Gordon និយាយថា ប្រទេសនានាត្រូវធ្វើការប្តេជ្ញាសាជាថ្មីទៅលើគោលដៅដែលពួកគេបានប្តេជ្ញាពីមុនមក ដើម្បីជួយសង្រ្គោះជីវិតពលរដ្ឋទាំងនោះ។ លោកកត់សម្គាល់ថា ឱកាសដ៏ធំមួយដើម្បីធ្វើដូច្នេះ នឹងកើតឡើង អំឡុងពេលសន្និសីទស្តីពីទឹកស្អាត និងអនាម័យរបស់អ.ស.ប ជាលក្ខណៈប្រវត្តិសាស្រ្តមួយ នៅខែមីនា ឆ្នាំ២០២៣។ លោកបន្តថា ជាលើកដំបូងក្នុងរយៈពេល ៥០ឆ្នាំ សហគមន៍សាកលនឹងជួបជុំគ្នាដើម្បីពិនិត្យមើលការវិវត្តទៅមុខ និងធ្វើការប្តេជ្ញាដោយស្ម័គ្រចិត្តដើម្បីលើកកម្ពស់គុណភាពទឹក។
របាយការណ៍ខាងលើក៏បានពិនិត្យពីផលប៉ះពាល់ដែលធាតុអាកាសអាក្រក់បង្កឡើងដោយការប្រែប្រួលអាកាសធាតុមានមកលើការលើកកម្ពស់គុណភាពទឹក និងអនាម័យផងដែរ។ លោក Gordon លើកឡើងថា របាយការណ៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពធន់ និងការសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកGordon ថ្លែងថា៖
«ប៉ុន្តែនៅពេលយើងមើលទៅគោលនយោបាយឆ្លើយតប មិនថា បច្ចេកវិទ្យាទ្រាំទ្រនឹងអាកាសធាតុ គឺមានបច្ចេកវិទ្យាសាមញ្ញដូចជា បច្ចេកវិទ្យាដើម្បីបញ្ចៀសគ្រោះទឹកជំនន់ ឬបន្ថយគ្រោះរាំងស្ងួតជាដើម។ ការគ្រប់គ្រងហានិភ័យ ឬបច្ចេកវិទ្យាសាមញ្ញ។ កត្តាទាំងនេះមិនត្រូវបានរៀបចំឡើងឱ្យបានត្រឹមត្រូវនោះទេ»។
អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យរដ្ឋាភិបាលនានាបង្កើនការវិនិយោគដើម្បីពង្រឹងលទ្ធភាពទទួលបានទឹកទទួលទានដែលមានការគ្រប់គ្រងត្រឹមត្រូវ និងសេវាកម្មអនាម័យផ្សេងៗ។ របាយការណ៍ក៏បានជំរុញឱ្យមានការពង្រឹងការគាំទ្រសម្រាប់ការផ្គត់ផ្គង់ការលើកកម្ពស់គុណភាពទឹក និងអនាម័យ តាមរយៈការរៀបចំឡើងនូវប្រព័ន្ធតាមដាន និយ័តកម្ម និងការអភិវឌ្ឍសមត្ថភាពផងដែរ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា