សម្រាប់ប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ជនបទ ការទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃ អាចជាគន្លឹះមួយ ក្នុងការដោះស្រាយបញ្ហាជីវភាពក្រីក្រ និងវិសមភាពយេនឌ័ររវាងបុរសនិងស្ត្រី ពាក់ព័ន្ធនឹងតួនាទីនិងអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងគ្រួសារ។ នេះបើយោងតាមការរកឃើញបឋមនៃការសិក្សាស្រាវជ្រាវរួមគ្នាមួយរបស់វិទ្យាស្ថានបរិស្ថាន Stockholm ឬ Stockholm Environment Institute (SEI) និងវិទ្យាស្ថានមូលនិធិអាស៊ី ឬ The Asia Foundation និងអង្គការ Winrock International។
ការសិក្សាស្រាវជ្រាវមួយនេះ ធ្វើឡើងដើម្បីបង្ហាញអំពីភាពពាក់ព័ន្ធគ្នាទៅវិញទៅមករវាងការទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ ភាពក្រីក្រ និងសមភាពយេនឌ័រ ក្នុងគោលបំណងស្វែងយល់បន្ថែមថា តើការជួយថាពលរដ្ឋនៅតាមតំបន់ជនបទទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការធ្វើដំណាំកសិកម្ម អាចសម្រួលដល់បញ្ហាជីវភាពក្រីក្រ និងវិសមភាពយេនឌ័ររវាងបុរសនិងស្ត្រីនៅក្នុងគ្រួសារ បានដល់កម្រិតណា។ នេះបើយោងតាមសេចក្តីប្រកាសមួយ ដែលចុះផ្សាយដោយមូលនិធិអាស៊ី កាលពីថ្ងៃទី៤ ខែធ្នូ។
ស្ថាប័នស្រាវជ្រាវធំៗទាំងបីនេះ បានធ្វើការស្ទង់មតិជាមួយគ្រួសារខ្មែរប្រមាណ ៨០០គ្រួសារ នៅតំបន់ទីជម្រាលស្ទឹងជីនិត នៅស្រុកបារាយណ៍ នៅខេត្តកំពង់ធំ ដើម្បីកំណត់ពីការផ្លាស់ប្តូរជាវិជ្ជមាននៃការទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាភាពក្រីក្រ និងវិសមភាពយេនឌ័រ នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា។
ស្ទឹងជីនិត គឺជាផ្នែកមួយដ៏សំខាន់នៃដងទន្លេសាបក្នុងប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើនក្នុងតំបន់នេះត្រូវការទឹកជាចាំបាច់សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតតាមរយៈការធ្វើដំណាំ កសិកម្ម និងនេសាទ។ ៧០ភាគរយនៃចំនួនពលរដ្ឋកម្ពុជាសរុប ពឹងផ្អែកលើទឹកតាមរយៈទន្លេសាប ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
សេចក្តីប្រកាសរបស់មូលនិធិអាស៊ី បានកត់សម្គាល់ថា គ្រួសារដែលមានជីវភាពធូរធា ភាគច្រើនគ្រប់គ្រងតំបន់នេសាទត្រីជាច្រើនកន្លែងនៅលើដងទន្លេសាប បើធៀបនឹងគ្រួសារដែលមានជីវភាពធម្យមនិងលំបាក។ ហើយស្ត្រី ក៏មិនត្រូវបានផ្តល់ឱកាសឲ្យចូលរួមសកម្មក្នុងរបរនេសាទត្រីនេះដែរ។
បន្ថែមលើនេះ ស្ត្រីមានតួនាទីសំខាន់ក្នុងការធានាថា សមាជិកគ្រួសារទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់នៅក្នុងផ្ទះ ដោយពួកគេត្រូវទៅដងទឹកពីអណ្តូងក្នុងភូមិជារៀងរាល់ថ្ងៃ។ ហើយ ៦៤ភាគរយនៃចំនួនស្ត្រីនៅកម្ពុជា ក៏មានតួនាទីសំខាន់ក្នុងវិស័យកសិកម្ម ក៏ប៉ុន្តែផ្នត់គំនិតបែបបុរាណនិយមក្នុងសង្គមដែលឲ្យតម្លៃលើបុរសជាងស្ត្រី នៅតែបង្កឧបសគ្គជាច្រើនដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្មនេះ។
ក្រៅពីនេះ កត្តាថវិកា អាចកំណត់ថាតើគ្រួសារកសិករខ្មែរអាចទទួលទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការធ្វើដំណាំកសិកម្មរបស់ខ្លួនបានដល់កម្រិតណា។ គ្រួសារមួយចំនួនដែលមានជីវភាពធូរធា អាចមានលទ្ធភាពធ្វើដំណាំស្រូវ និងកសិកម្មផ្សេងៗទៀត ទាន់ពេលវេលា ដោយសារពួកគេមានលទ្ធភាពទិញម៉ាស៊ីនបូមទឹក និងជីកប្រឡាយបង្ហូរទឹកដោយខ្លួនឯង បើធៀបនឹងគ្រួសារដទៃទៀត។
លទ្ធផលលម្អិតនៃការសិក្សាស្រាវជ្រាវនៃភាពពាក់ព័ន្ធរវាងការទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ ភាពក្រីក្រ និងសមភាពយេនឌ័រ កំពុងតែត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានទាំងបីខាងលើ ហើយនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនាពេលខាងមុខនេះ៕