ខ្សែភាពយន្តមួយដែលបង្កើតឲ្យមានកិច្ចពិភាក្សានេះ គឺធ្វើឡើងដោយសកម្មជនបរិស្ថានជនជាតិកេនយ៉ាអ្នកស្រី Phyllis Omido។ អ្នកស្រីទទួលបានជោគជ័យក្នុងការបង្ក្រាបរោងចក្ររំលាយសំណមួយក្នុងតំបន់អនាធិបតេយ្យមួយកន្លែងនៅក្បែរទីក្រុង Mombasa ដែលអ្នកស្រីបាននិយាយថារោងចក្រនេះបានបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស ហើយបានសម្លាប់និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ រួមបញ្ចូលទាំងកូនរបស់អ្នកស្រី។
ទោះជាការប្រយុទ្ធប្រឆាំងនេះទទួលបានជ័យជម្នះ វានៅមិនទាន់ចប់នោះទេ។ ប្រធានផ្នែកទំនាក់ទំនងសម្រាប់អភិបាលកិច្ចបរិស្ថាននៃ អ.ស.ប. អ្នកស្រី Niamh Brannigan បាននិយាយថាការគំរាមកំហែងផ្សេងៗចំពោះជនការពារបរិស្ថាននៅតែមាន។
អ្នកស្រី Brannigan បាននិយាយថា៖
«យើងបានទទួលសារជាច្រើនក្នុងរយៈពេលពីរថ្ងៃនេះថា ជនការពារបរិស្ថានម្នាក់គឺលោក Ricardo Mayumi នៃចលនា Ifugao Peasant ត្រូវបានគេការបាញ់សម្លាប់នៅក្នុងប្រទេសហ្វីលីពីន។ លោក Peasant បានដឹកនាំក្រុមប្រឆាំងទៅកាន់ទំនប់វារីអគ្គិសនី Mini Hydro Dam ក្នុងទីក្រុង Santa Clara របស់ក្រុមហ៊ុនថាមពល Santa Clara ហើយយើងជឿថាលោកត្រូវបានគេបាញ់សម្លាប់»។
ចន្លោះឆ្នាំ២០០២និងឆ្នាំ២០១៣ របាយការណ៍របស់អ.ស.ប.បានបង្ហាញថាមនុស្សចំនួន៩០៨នាក់ នៅក្នុងប្រទេសចំនួន៣៥ ត្រូវបានគេសម្លាប់ដោយសារការការពារបរិស្ថាននិងគុណភាពដី។
ឧត្ដមស្នងការរងផ្នែកសិទ្ធិមនុស្សនៃអ.ស.ប. អ្នកស្រី Kate Gilmore និយាយថា សិទ្ធិមនុស្សទាំងអស់ពឹងផ្អែកលើបរិស្ថាន។ អ្នកស្រីបន្តថា ប៉ុន្តែមនុស្សបន្តបំពុលធនធាននានារបស់ផែនដី ដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លី ហើយបង្កគ្រោះថ្នាក់ដល់ជីវិត និងជីវភាពរស់នៅទាំងឡាយសម្រាប់មនុស្សជំនាន់ក្រោយ។
អ្នកស្រី Gilmore បាននិយាយថា៖
«អីចឹង យើងនិយាយថា អ្នកបំពុលបរិស្ថានត្រូវតែទទួលខុសត្រូវ។ ប៉ុន្តែការអនុវត្តពិតនោះគឺ អ្នកដែលបានចូលរួមបំពុលតិចបំផុតនោះទេ ដែលទទួលខុសត្រូវខ្លាំងទៅវិញ។ យើងដឹងថាយើងត្រូវធ្វើអ្វីហើយ។ យើងនឹងការពារបរិស្ថាន ការពារជនការពារបរិស្ថាន ហើយចាប់ជនណាដែលល្មើសច្បាប់ឲ្យទទួលខុសត្រូវ»។
អ្នកស្រី Bianca Jagger គឺជាប្រធាននិងនាយិកាប្រតិបត្តិនៃអង្គការមូលនិធិសិទ្ធិមនុស្ស Bianca Jagger។ អ្នកស្រីបានអំពាវនាវឲ្យមានការស្វែងរកយុត្តិធម៌ ដល់ជនជាតិដើមភាគតិចការពារបរិស្ថានដែលត្រូវបានគេធ្វើឃាត និងសហគមន៍របស់ពួកគេ។ ប៉ុន្តែអ្នកស្រីទទួលស្គាល់ថា ការណ៍នេះគឺពិបាកដោយសារតែរដ្ឋាភិបាលជារឿយៗ ចូលរួមជាមួយក្រុមហ៊ុន ដែលកេងប្រវ័ញ្ចសិទ្ធិជនជាតិដើមភាគតិច។
អ្នកស្រី Jagger បាននិយាយបន្តថា៖
«ដូច្នេះ យើងត្រូវតែធ្វើការអំពាវនាវទៅកាន់ក្រុមហ៊ុនជាតិនិងអន្តរជាតិទាំងអស់ ដែលជាប់ទាក់ទងនឹងទំនប់វារីអគ្គិសនី ការរុករករ៉ែ និងសកម្មភាពទាញយកធនធានពីដី។ ក្រុមហ៊ុនទាំងនោះចង់ឆក់យកដីធ្លីរបស់បុព្វបុរសនៃប្រជាជនជនជាតិដើមភាគតិច ហើយយើងត្រូវតែបញ្ឈប់សកម្មភាពទាំងនោះ»។
អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនិងបរិស្ថានរបស់អ.ស.ប. លោក John Knox បានជួយក្នុងការពន្លឿនគំនិតផ្ដួចផ្ដើមស្ដីពីសិទ្ធិបរិស្ថាន ដែលលើកកម្ពស់ ការពារ និងគោរពសិទ្ធិមនុស្សនិងសិទ្ធិបរិស្ថាន។ លោកនិយាយថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារជនការពារបរិស្ថានឲ្យកាន់តែខ្លាំងជាមុន។
លោក Knox បាននិយាយថា៖
«ជាមធ្យមមានមនុស្សបួននាក់ក្នុងមួយសប្ដាហ៍ ត្រូវបានគេសម្លាប់នៅជុំវិញពិភពលោក នៅពេលដែលពួកគេព្យាយាមការពារបរិស្ថាន។ បើសិនជាយើងមិនអាចការពារមនុស្សដែលកំពុងការពារបរិស្ថានសម្រាប់ពួកយើងទាំងអស់គ្នា អ្វីគ្រប់យ៉ាងដែលយើងកំពុងតែធ្វើ នឹងមិនមានប្រសិទ្ធភាពទេ។ ដូច្នេះ វាចាំបាច់ក្នុងការការពារពួកគេ»។
លោក Knox និយាយថាសិទ្ធិក្នុងការទទួលបានបរិស្ថានល្អប្រសើរមួយ ត្រូវបានទទួលស្គាល់ដោយប្រទេសជាង១០០។ លោកបានសម្គាល់ថា អ្វីដែលគួរឲ្យចង់សើចនោះគឺ អ.ស.ប.មិនបានយកច្បាប់នោះមកប្រើទេ។ លោកបន្តថា វាដល់ពេលដែលស្ថាប័នថ្នាក់ពិភពលោកមួយនេះទទួលស្គាល់ថាអ្នករាល់គ្នា គួរតែអាចទទួលបានសិទ្ធិរស់នៅក្នុងបរិស្ថានសុវត្ថិភាពនិងល្អប្រសើរមួយ៕
ប្រែសម្រួលដោយ ទុំ ម្លិះ