មួយឆ្នាំក្រោយពីកងរាជអាវុធហត្ថបានបាញ់លើកម្មករធ្វើបាតុកម្មដែលទាមទារឡើងប្រាក់ខែ ដោយបានសម្លាប់មនុស្ស៥នាក់នោះ គ្រួសាររបស់គេនៅតែកាន់ទុក្ខនៅឡើយ ហើយសង្ឃឹមថា ថ្ងៃណាមួយនឹងមានយុត្តិធម៌។
លោកផែង កុសល្យនៅក្នុងចំណោមបាតុករ ដែលបានស្លាប់កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤នោះ។
ប្រាក់ខែរបស់កុសល្យ ដែលមានចំនួន១០០ដុល្លារក្នុងមួយខែបានជួយដល់ជីវភាពរបស់ម្តាយ ដែលជាស្ត្រីមេម៉ាយ និងបងប្អូន៧នាក់។
តាំងពីកុសល្យបានស្លាប់ទៅ អ្នកស្រីកែវ សុខម៉េង អាយុ៥០ឆ្នាំបានព្យាយាមទ្រទ្រង់ជីវភាពគ្រួសារ ដោយប្រាក់ខែរបស់អ្នកស្រីចំនួន១០០ដុល្លារប៉ុណ្ណោះ។ ប្រាក់ខែនេះត្រូវចំណាយលើថ្លៃជួលផ្ទះដែលមានទំហំ៣ម៉ែត្រការ៉េ និងថ្លៃទឹក ថ្លៃភ្លើង ថ្លៃសាលារៀន ចំណីអាហារ និងចំណាយផ្សេងៗទៀត។
អ្នកស្រីកែវ សុខម៉េងនិយាយថា៖«ខ្ញុំពឹងផ្អែកលើកូនប្រុសខ្ញុំនេះជាងកូនៗដទៃទៀត ពីព្រោះកូននេះរៀនបានច្រើន ជាងកូនៗដទៃទៀត ហើយឆ្លាតបំផុត»។
កូនប្រុសរបស់អ្នកស្រីជាសិស្សល្អ តែកុសល្យបានឈប់រៀនកាលពីជាង៥ឆ្នាំមុន ក្រោយពីឪពុកគឺប្តីរបស់អ្នកស្រីបានស្លាប់ទៅ។
កុសល្យទៅធ្វើការឲ្យក្រុមហ៊ុនប្រមូលសម្រាមមួយ ហើយសន្សំលុយដើម្បីរៀនធ្វើជាងម៉ាស៊ីន។ កុសកល្យបានការធ្វើនៅរោងចក្រមួយនៅជិតសួនឧស្សាហកម្មកាណាឌីយ៉ា។
អ្នកស្រីកែវ សុខម៉េងនិយាយថា៖ «កូនប្រុសខ្ញុំស្រឡាញ់ការងាររបស់វាធ្វើជាជាងម៉ាស៊ីន។ កូនខ្ញុំមិនដែលបង្កការលំបាកឲ្យខ្ញុំទេ»។
អ្នកស្រីបន្ថែមថា កុសល្យបានឲ្យប្រាក់ខែមកអ្នកស្រីដើម្បីបន្ថយការលំបាករបស់អ្នកស្រី។
អ្នកស្រីនិយាយថា៖«លុយដែលកុសល្យបានពីធ្វើការ កុសល្យបានជួយខ្ញុំទ្រទ្រង់បងប្អូនស្រី ប្រុស»។
អ្នកស្រីកែវ សុខម៉េងនិយាយថា ភាពក្រីក្ររបស់គ្រួសារនេះបានបង្ខំឲ្យកូនរបស់អ្នកស្រីចំនួនពីរនាក់ទៅរស់នៅជាមួយសាច់ញ្ញាតិ។
អ្នកស្រីនិយាយថា៖«កូនស្រីខ្ញុំអាយុ១៦ឆ្នាំរស់នៅជាមួយបងប្អូនស្រីខ្ញុំនៅខេត្តកំពង់ចាម។ កូនប្រុសខ្ញុំម្នាក់ទៀតទៅរស់នៅជាមួយឪពុកមារនៅខេត្តកណ្តាល ដើម្បីរកត្រី»។
មរណភាពរបស់ផែង កុសល្យបានធ្វើឲ្យជីវភាពរបស់គ្រួសាររបស់អ្នកស្រីត្រដាបត្រដួស។
អ្នកស្រីនិយាយថា៖«បើខ្ញុំដឹងថា កងរាជអាវុធហត្ថបាញ់ប្រជាជន ខ្ញុំមិនបណ្តោយឲ្យកូនប្រុសខ្ញុំទៅធ្វើបាតុកម្ម កាលពីឆ្នាំទៅនោះទេ»។
អ្នកស្រីនិយាយថា៖«ខ្ញុំបានប្រាប់កូនខ្ញុំថា "កុំទៅកូន"»។ កុសល្យឆ្លើយថា៖« "ម៉ែ យើងត្រូវតែចេះជួយគ្នា។ ពេលយើងបានឡើងប្រាក់ខែ យើងនឹងបានឡើងទាំងអស់គ្នា។ យើងមិនត្រូវចាំឲ្យគេទាមទារឲ្យយើងទេ។ យើងត្រូវតែជួយគ្នា"»។
ចាប់ពីចុងឆ្នាំ២០១៣ មក កម្មករបានចាប់ផ្តើមទាមទារប្រាក់ខែអប្បរមា១៦០ដុល្លារក្នុងមួយខែសម្រាប់កម្មករខ្មែរជាង៦០ម៉ឺននាក់ ដែលធ្វើការនៅរោងចក្រធ្វើស្បែកជើង និងរោងចក្រកាត់ដេរខោអាវ ដែលថៅកែភាគច្រើនជាជនបរទេស។ នៅពេលនោះ ប្រាក់ខែអប្បរមាគឺ៨០ដុល្លារក្នុងមួយខែ។ រដ្ឋាភិបាលបានសុខចិត្តដំឡើងប្រាក់ខែដល់១០០ដុល្លារ។ នៅថ្ងៃទី១ខែមករា ឆ្នាំ២០១៥ ប្រាក់ខែអប្បរមានឹងឡើងពី១០០ដុល្លារដល់១២៨ដុល្លារ។
នៅថ្ងៃទី៣ខែមករា កម្មករច្រើនពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវវេងស្រ៊េង នៅតំបន់ឧស្សាហកម្មកាណាឌីយ៉ា។ នៅពេលប៉ូលិសព្យាយាមរារាំងក្រុមបាតុករ បាតុករបានតតាំងវិញ ដោយប្រើដំបង ដុំថ្ម និងដបសាំង។ ប៉ូលិសបានបាញ់លើហ្វូងមនុស្ស ដោយបានសម្លាប់កម្មករ៥នាក់និងធ្វើឲ្យរបួសប្រហែល៣០នាក់។
លោកយ៉ាន់ រិទ្ធី អាយុ២៦ឆ្នាំ នៅក្នុងចំណោមអ្នកដែលត្រូវប៉ូលិសបាញ់ស្លាប់នោះដែរ។ ភរិយារបស់លោកគឺអ្នកស្រីឈីវ សារុន អាយុ២៥ឆ្នាំ ដែលជាស្រ្តីមេម៉ាយ និយាយថា តាំងពីប្តីរបស់អ្នកស្រីត្រូវគេបាញ់ស្លាប់ក្នុងបាតុកម្មនោះ មានតែអ្នកកាសែតទេដែលបានមកសួរអ្នកស្រីអំពីរឿងហេតុនេះ។ គ្មានមន្ត្រីណាមកសាកសួរអ្នកស្រីទេ។
អ្នកស្រីនិយាយថា៖«ខ្ញុំមានអារម្មណ៍ឯកោណាស់ ឥឡូវនេះ ក្រោយពីគាត់បានស្លាប់ទៅ។ ខ្ញុំត្រូវចិញ្ចឹមកូនម្នាក់ឯង។ ប្រាក់ខែមិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែទេ»។
បាតុករនិងសកម្មជនសិទ្ធិមនុស្សកម្ពុជាមានកំហឹង ព្រោះថា គ្មានកងរាជអាវុធហត្ថណាម្នាក់ ដែលពាក់ព័ន្ធក្នុងការបាញ់ប្រហារកាលពីឆ្នាំទៅនោះ ត្រូវបានដាក់ទណ្ឌកម្មទេ។
លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថផ្ទៃប្រទេស និយាយថា ការស៊ើបអង្កេតបានធ្វើចប់ហើយ។
លោកនិយាយថា៖«បើគេទាមទារទៀត យើងនឹងធ្វើការស៊ើបអង្កេតទៀត»។
តែលោកខេង ទីតូមិនព្រមធ្វើអត្ថាធិប្បាយលម្អិតបន្ថែមទៀតទេ។ ទោះជាយ៉ាងណាក្តី លោកនិយាយថា កងរាជអាវុធហត្ថចូលរួមក្នុងការស៊ើបអង្កេតនោះ។
លោកខេង ទីតូបានសុំឲ្យសួរសំណួរផ្សេងទៀតទៅក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណាក្តី ប៉ូលិសបានធ្វើការចាប់ខ្លួនបាតុករ២៣នាក់ក្នុងការពេលប៉ុន្មានសប្តាហ៍ក្រោយមក។ ក្រុមសិទ្ធិមនុស្សបានតវ៉ា ដោយនិយាយថា អ្នកទាំង២៣នាក់នោះមិនបានប្រព្រឹត្តបទឧក្រិដ្ឋទេ។
លោកអំ សំអាតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានបន្ទោសថា ប្រទេសកម្ពុជាមានវិប្បធម៌និទណ្ឌភាព។
លោកនិយាយថា៖«គ្មានអ្នកណាម្នាក់ត្រូវគេចាប់ឲ្យទទួលខុសត្រូវសម្រាប់អំពើនេះទេ។ គ្មានអ្នកណាម្នាក់ត្រូវគេចាប់ ឬដាក់ទណ្ឌកម្មទេ។ កម្មករ២៣នាក់ និងអ្នករត់ម៉ុតូឌុបត្រូវចាប់ខ្លួនឃុំឃាំង ក្រៅពីនោះមានតំណាងសហជីពកម្មករ៦នាក់ត្រូវតុលាការព្យួរទោសបណ្តោះអាសន្ន»។
អ្នកស្រីកែវ សុខម៉េងចង់បានយុត្តិធម៌សម្រាប់កូនប្រុសរបស់អ្នកស្រី ប៉ុន្តែនេះមិនមែនជាកង្វល់ចម្បងរបស់អ្នកស្រីទេ។
អ្នកស្រីនិយាយថា៖«ខ្ញុំគិតថា ខ្ញុំត្រូវបញ្ជូនកូនស្រីខ្ញុំអាយុ៩ឆ្នាំទៅនៅឯខេត្ត ប្រសិនបើខ្ញុំមិនអាចទ្រាំទ្របាន។ បើខ្ញុំមិនមានកូនត្រូវមើលថែទេ ខ្ញុំនឹងទាមទាររកយុត្តិធម៌»។