ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បង្ក​ការ​ព្រួយបារម្ភ​ពី​អន្តរជាតិ​លើ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ បាន​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​ប្រទេស​កាណាដា ដែល​ចង់​ឃើញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​និង​២០១៨ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​ត្រឹម​ត្រូវ។​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​​របស់​ស្ថាន​ទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជា​ ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​កាណាដា​ធ្វើឡើង​បួន​ថ្ងៃ ​បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ បាន​ចេញ​ថ្លែងការណ៍​សម្តែង​ក្ដី​បារម្ភ​ ចំពោះ​ការ​អនុម័ត​សេចក្ដី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។​ សហរដ្ឋ​អាមេរិក​និយាយ​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​បាន​ផ្ដល់​អំណាច​យ៉ាង​ធំ​ធេង​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សកម្មភាព​ស្រប​ច្បាប់​នានា​របស់​គណបក្ស​នយោបាយដែល​អាច​នាំ​ទៅ​ដល់​ការ​រំលាយ​គណបក្ស​នយោបាយផង​ដែរ។

រដ្ឋាភិបាល​កាណាដា​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជា​ទី​បំផុត​ ដោយ​សារ​តែ​វា​បាន​ធ្វើ​ឡើង​ ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ មុន​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែ​ មិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨។

លោក​ស្រី​ Donica Pottie​ ឯក​អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជា​ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ក្នុង​ន័យ​ដើម​ថា៖​ «ដើម្បី​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ចម្រើន​លូតលាស់​ទៅមុខ​ រាល់​គណបក្ស​នយោបាយ​ ត្រូវ​តែ​មាន​សេរី​ភាព​ដើម្បី​ឃោសនា​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ហើយ​ត្រូវ​តែ​មាន​លទ្ធភាព​បាន​ចូល​កៀក​នឹង​អ្នក​បោះ​ឆ្នោត​ជាមួយ​នឹង​គំនិត​ និង​ចក្ខុវិស័យ​របស់​ពួកគេ»។

លោក​ស្រី​បន្ថែម​ថា៖ «ការ​ធ្វើ​វិសោធនកម្ម​ទាំងអស់​នេះ​ ស្មើនឹង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ប្រទេស​កាណាដា​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធានា​ឲ្យ​បាន​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ បើកចំហ​ និង​តម្លាភាព​នៅ​ក្នុង​ឆ្នាំ២០១៧​ និង​ឆ្នាំ២០១៨»។

កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ រដ្ឋ​សភា​ជាតិ​បាន​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ក្នុង​សំឡេង​៦៦​លើ​៦៦​ ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ ទោះ​បី​ជា​រង​ការ​រិះគន់​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ក៏ដោយ។

លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ មិន​មាន​គោលដៅ​ដាក់​គំនាប​លើ​គណបក្ស​នយោបាយ​នានា​នោះ​ទេ​ តែ​ជា​ការ​សម្រិត​សម្រាំង​យក​គណបក្ស​នយោបាយ​ ដែល​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ និង​ស្អាតស្អំ​ដើម្បី​ដឹកនាំ​ប្រទេស។ លោក​អះអាង​ថា​ ការ​កែប្រែ​ច្បាប់​នេះ​នឹង​ជួយ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​បន្ថែម​ទៀត​នៅ​កម្ពុជា។​

«ច្បាប់​គណបក្ស​នយោបាយ​ ខ្ញុំ​យល់​ថា​ បន្ទាប់​ពី​ចេញ​ច្បាប់​នេះ​ទៅ​ មិនមែន​ធ្វើ​ឲ្យ​លទ្ធប្រជាធិបតេយ្យ​ ដើរ​ថយក្រោយ​ ឬ​ស្លាប់​ ដូច​អ្នក​ខ្លះ​គេ​ថា​ទេ។​ អា​ហ្នឹង​វា​មាន​តែ​រីក​ចម្រើន​ទៅ​មុខ។ ​អា​ហ្នឹង​ហើយ ​យើង​ពេល​វេលា​ទាំង​អស់​ទេ​ ទាំង​ VOA ​ក៏​ដូច​ជា​ សុខ​ ឥសាន​ នេះ។ វា​នៅ​មាន​ជីវិត​តទៅ​មុខ​ទៀត​ ដើម្បី​តាម​ដាន​មើល​ថា​ ចេញ​ទៅ​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្លាប់​ ឬ​មួយ​ក៏​រយៈពេល​ទៅ​ប៉ុន្មាន​សិប​ឆ្នាំ​ទៅ​មុខ​ទៀត​ ដែល​ប្រជាធិបតេយ្យ​មាន​ការ​រីក​ចម្រើន។ បាទ​ យើង​ចាំ​មើល​ទាំងអស់​គ្នា​បាទ»។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA)

លោក​ សុខ​ ឥសាន​ បាន​បន្ថែម​ថា៖ «មិនមែន​ច្បាប់​នេះ​កសាង​ឡើង​ ធ្វើ​វិសោធនកម្ម​ហ្នឹង​ មិន​មែន​សំដៅ​ទៅលើ​បុគ្គល​ណា​ ឬមួយ​គណបក្ស​ណាមួយ​ជា​កំណត់​ទេ។​ យើង​សំដៅ​ទៅ​លើ​ការ​ប្រើប្រាស់​ជា​រួម​ សម្រាប់​គណបក្ស​នយោបាយ​ទូទៅ​ដែល​មាន​ក្នុង​កម្ពុជា។​ ឥឡូវ​នេះ​គណបក្ស​ដែល​បាន​កើត​ហ្នឹង​ វា​មាន​៧១​ ក៏ប៉ុន្តែ​ដែល​បាន​ចុះ​បញ្ជី ជា​ផ្លូវការ​ ហ្នឹង​មាន​៤៥​នៅ​កម្ពុជា»។

​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រតិ​កម្ម​ភ្លាមៗ​ បន្ទាប់​ពី​ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ស្ដីពី​គណ​បក្ស​នយោបាយ​ ដោយ​បាន​ថ្លែង​ថា៖«​សកម្មភាព​ណាមួយ​ ដែល​បាន​ហាម​ឃាត់​ដល់គណបក្ស​នយោបាយ​នៅ​ក្រោម​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​ គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​មួយ​ដ៏​សំខាន់​ សម្រាប់​ការ​អភិវឌ្ឍន៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នឹង​នាំ​ឲ្យ​មាន​សំណួរ​ពី​ភាព​ស្រប​ច្បាប់​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ»។

ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​សម្ដែង​ការ ​«ខក​ចិត្ត​យ៉ាង​ខ្លាំង»​ ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​កម្ពុជា ដោយ​បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​នេះ​ថា​ជា«ប្រតិកម្ម​មិន​សម​ហេតុផល»។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​ យល់​ថា​ការ​អនុម័ត​សេចក្ដី​ស្នើ​ធ្វើ​វិសោធនកម្ម​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ថា​ ជា​របត់​ដ៏​គ្រោះ​ថ្នាក់​មួយ​ដែល​អាច​ទៅ​ដល់​ទី​បញ្ចប់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch​ និយាយ​ថា ​ការ​អនុម័ត​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ បង្ហាញ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​ នឹង​ក្ដាប់​អំណាច​ពេញ​ទី​ ហើយ​ក៏​ជា​ជោគ​ជ័យ​របស់​របប​អំណាច​ផ្ដាច់​ការ។

ចំណែក​ឯ​លោក​ Charles Santiago ​ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី​ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ក្នុង​ន័យ​ដើម​ថា៖​«ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​នេះ​ នឹង​បង្ហាញ​ពី​ប្រផ្នូល​នៃ​ការ​ស្លាប់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នោះ​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​នឹង​ផ្ដល់​នូវ​អំណាច​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ដល់​ស្ថាប័ន​តុលាការ​ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ ដើម្បី​ព្យួរ​ និង​រំលាយ​គណបក្ស​នយោបាយ​នៅ​កម្ពុជា៕

XS
SM
MD
LG