រដ្ឋសភានៅព្រឹកថ្ងៃចន្ទនេះ បានសម្រេចអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយក្នុងសំឡេង៦៦លើ៦៦ ដោយគ្មានវត្តមានគណបក្សប្រឆាំង ទោះបីជារងការរិះគន់ជាច្រើនពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិក៏ដោយ។
ការអនុម័តការធ្វើវិសោធនកម្មនេះ ធ្វើឡើងតែ២០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រុមការងាររបស់លោក ស្នើទៅរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់នេះ។
លោក ហ៊ុន សែន បានបញ្ជាឲ្យកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍ ហើយគណបក្សនឹងត្រូវរំលាយចោល ប្រសិនបើមេដឹកនាំបក្សណាមួយប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
សេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចចំនួន៦០រូបស្នើទៅរដ្ឋសភាកាលពីថ្ងៃទី១០ ខែកុម្ភៈនេះ ហើយត្រូវបានរដ្ឋសភាសម្រេចបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឲ្យបើកកិច្ចប្រជុំភ្លាមៗ ដោយមិនមានការចូលរួមពិគ្រោះយោបល់ពីគណបក្សនយោបាយជាង៤០ផ្សេងទៀតដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនោះទេ។
បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញអស់រយៈពេលជិត២ម៉ោងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ រដ្ឋសភាបានអនុម័តទាំងស្រុងលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយសំឡេងតំណាងរាស្ត្រគណបក្សកាន់អំណាចចំនួន៦៦រូប រួមទាំងលោក ហ៊ុន សែន ផងដែរ។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃម្សិលមិញបានប្រកាសថា ពួកគេមិនចូលប្រជុំក្នុងរដ្ឋសភាដោយសារវិសោធនកម្មច្បាប់ដែលធ្វើឡើងដោយប្រញាប់ប្រញាល់នេះ នឹងបង្កឲ្យមានការបែកបាក់ឯកភាពជាតិ ផ្ទុយពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ខុសពីឆន្ទៈរាស្ត្រ និងមានបំណងបំផ្លាញគណបក្សដែលជាដៃគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះថា វិសោធនកម្មច្បាប់នេះត្រូវបញ្ជូនទៅព្រឹទ្ធសភានៅថ្ងៃដដែល ដើម្បីអាចដាក់ឲ្យអនុវត្តជាប្រញាប់។
លោកបន្តថា អវត្តមានរបស់បក្សប្រឆាំងក្នុងការប្រជុំអនុម័តនេះ បង្ហាញថា គណបក្សប្រឆាំងមិនមានចេតនាក្នុងការសន្ទនាជាមួយគណបក្សកាន់អំណាច ក្នុងគោលបំណងដើម្បីចំណេញនយោបាយរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «ពហិការរបស់គាត់គឺបានបញ្ជាក់ឲ្យឃើញថា គាត់ហ្នឹងមិនចង់ធ្វើការសន្ទនាអីទេ។ ហើយយើង គណបក្សកាន់អំណាច ចេះតែថាបើចង់មានវប្បធម៌សន្ទនា សូមអញ្ជើញសន្ទនាក្នុងរដ្ឋសភា ហើយគាត់មិនព្រមសន្ទនាទេ។ ហើយគាត់នៅតែមិនព្រមចូលមកធ្វើការជាធម្មតាទេ។ គាត់ធ្វើសកម្មភាពលេចធ្លោដើម្បីចំណេញខាងនយោបាយ។ ដូច្នេះហើយនេះជាចរិតធម្មតារបស់គាត់។ អញ្ចឹងហើយយើងគិតថា គាត់គួរតែពិចារណាដើម្បីចូលមកក្នុងរដ្ឋសភា ធ្វើការធម្មតា។ ហើយធ្វើការសន្ទនាធម្មតា ធ្វើការតស៊ូមតិធម្មតា អាហ្នឹងជាការល្អ»។
VOA មិនអាចទាក់ទងក្រុមតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើម្បីស្នើសុំការអធិប្បាយជុំវិញការអនុម័តវិសោធនកម្មច្បាប់នេះបានទេនៅថ្ងៃចន្ទនេះ។
វិសោធនកម្មច្បាប់ដែលរដ្ឋសភាទើបតែអនុម័តនេះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃ និងតុលាការកំពូល អាចផ្អាក ឬរំលាយគណបក្សនយោបាយណាមួយចោល ប្រសិនបើក្រសួងរកឃើញថាគណបក្សនយោបាយនោះ បំពានលើមាត្រាណាមួយនៃច្បាប់ថ្មីនេះ។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយជាតិ និងអន្តរជាតិ បានរិះគន់ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ។ ពួកគេបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា ច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈដែលកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតឃុំសង្កាត់ នាខែមិថុនា ខាងមុខ៕