លោក កឹម សុខា ត្រូវគេរំពឹងថា នឹងមានវិធីសាស្ត្រនយោបាយផ្សេងមួយបន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ ក្រោយពីការលាលែងតំណែងរបស់លោក សម រង្ស៊ី និងការគំរាមកំហែងជាច្រើនពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដោយមានឥរិយាបថទន់ភ្លន់និងការផ្ដោតលើសេដ្ឋកិច្ចតាមភូមិ និងបញ្ហាសង្គម លោក កឹម សុខា បានជៀសឆ្ងាយពីការរស់នៅបែបហ៊ឺហា ដែលអ្នកនយោបាយកំពូលៗនានានៅក្នុងប្រទេសកម្ពុជាប្រកាន់យក។ ការចូលចិត្តរស់នៅបែបសាមញ្ញរបស់លោកបានធ្វើឲ្យអ្នកបោះឆ្នោតនៅតាមតំបន់ជនបទចូលចិត្តរូបលោក។
ថាតើករណីនេះគ្រប់គ្រាន់សម្រាប់ទម្លាក់លោក ហ៊ុន សែន ចេញពីតំណែងនៅក្នុងការបោះឆ្នោតជាតិនាឆ្នាំក្រោយ ឬក៏យ៉ាងណានោះ នឹងត្រូវបានសាកល្បងនៅក្នុងរយៈពេលជិត ៤ ខែខាងមុខនេះ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលជាការប្រកួតប្រជែងជាចម្បងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ។
ឃុំគឺជាបណ្ដុំនៃភូមិជាច្រើន ហើយនៅក្នុងប្រទេសមួយដែលមិនមានការស្ទង់មតិជាសាធារណៈផ្លូវការណាមួយធ្វើឡើងនោះ ការបោះឆ្នោតឃុំ-សង្កាត់នេះផ្ដល់ជាសញ្ញាយ៉ាងច្បាស់ថាតើគណបក្សចម្បងៗទាំងពីរទទួលបានការគាំទ្រយ៉ាងដូចម្ដេចនោះ។
ការបោះឆ្នោតជិតឈានមកដល់
លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានៅបន្តការគ្រប់គ្រងបានបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៣ ដែលជាការបោះឆ្នោតពោរពេញទៅដោយភាពចម្រូងចម្រាស និងដែលជាការបោះឆ្នោតដែលគណបក្សប្រឆាំងបានតវ៉ាដោយបានចោទប្រកាន់ថាមានការលួចបន្លំ។ គណបក្សប្រជាជនកម្ពុជានៅតែកាន់អំណាចដដែល តែមានការធ្លាក់សំឡេងឆ្នោតជាច្រើន។ គណបក្សប្រឆាំងត្រូវការបង្កើនចំនួនអាសនៈសភារបស់ខ្លួនឲ្យបានចំនួន ៧ អាសនៈបន្ថែមទៀត នៅក្នុងរដ្ឋសភាជាតិដែលមានចំនួន ១២៣ អាសនៈ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំក្រោយ ប្រសិនបើគណបក្សនេះចង់បង្កើតរដ្ឋាភិបាល។
ក្ដីរំពឹងនេះបានធ្វើឲ្យលោក ហ៊ុន សែន មានការព្រួយបារម្ភ ហើយលោក សម រង្ស៊ី បានប្រឈមមុខនឹងបណ្ដឹងបរិហារកេរ្តិ៍ ដែលគាំទ្រដោយលោកនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ដែលបណ្ដាលឲ្យមានការផ្ដន្ទាទោស និងការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនពីរករណីទៀតផង។
ករណីទាំងនោះត្រូវបានអង្គការសង្គមស៊ីវិលនានារិះគន់ ថាបានធ្វើឡើងក្នុងន័យនយោបាយ និងគាំទ្រដោយប្រព័ន្ធតុលាការមួយ ដែលជារឿយៗត្រូវបានរិះគន់ថាខ្វះឯករាជ្យភាព និងតម្លាភាព។
ការសម្រេចចិត្តរបស់លោក សម រង្ស៊ី ក្នុងការលាលែងពីតំណែងជាប្រធាន និងជាសមាជិកគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសថា លោកនឹងបង្កើតឲ្យមានច្បាប់មួយ ដែលរារាំងអ្នកណាដែលជាប់ទោសឧក្រិដ្ឋមិនឲ្យដឹកនាំគណបក្សនយោបាយ ហើយបើយោងតាមលោក សម រង្ស៊ី ច្បាប់នេះអាចឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិផងដែរ។
រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់អំពីការលួចបន្លំនៅក្នុងការបោះឆ្នោត និងទទូចថា តុលាការមិនមានភាពលំអៀងនោះទេ ហើយការផ្ដន្ទាទោសទាំងនេះគឺជាលទ្ធផលដែលទទួលបានពីតុលាការឯករាជ្យ។ អ្នកនាំពាក្យរដ្ឋាភិបាលមិនអាចទាក់ទងសុំការផ្ដល់យោបល់លើបញ្ហាទាំងនេះបានទេ។
លោក រិន ចាន់រិទ្ធ អ្នកសម្របសម្រួលផ្នែកនយោបាយនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បាននិយាយថា ករណីផ្លូវច្បាប់នេះ មានគោលបំណងរារាំងលោក សម រង្ស៊ី ពីការប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែមិថុនា ខាងមុខនេះ និងការបោះឆ្នោតថ្នាក់ជាតិ ប៉ុន្តែការលាលែងរបស់លោកពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិអាចជំរុញទឹកចិត្តលោក កឹម សុខា និងក្រុមអ្នកស្មោះស្ម័គ្រនឹងគណបក្សសង្គ្រោះជាតិ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ការលាលែងរបស់លោក សម រង្ស៊ី នឹងធ្វើឲ្យគណបក្សប្រឆាំងកាន់តែខ្លាំងជាងមុន ហើយសកម្មជន និងអ្នកគាំទ្រនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតដែលនឹងឈានមកដល់នៅពេលខាងមុខនេះ»។
លោកនាយករដ្ឋមន្ត្រីនិយាយម្ដងហើយម្ដងទៀតថា ដោយសារតែសមត្ថភាពរបស់លោកនៅក្នុងការធានាសន្តិសុខ ទើបបណ្ដាលឲ្យប្រទេសកម្ពុជាឈានដល់សម័យកាលនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលមិនដែលមានពីមុនមក ចាប់តាំងពីសង្គ្រាមស៊ីវិលរយៈពេល ៣ ទសវត្សរ៍ បានបញ្ចប់កាលពីឆ្នាំ ១៩៩៨។ នេះជាការអះអាងដែលនៅតែធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានម្ដងហើយម្ដងទៀតអំពីការវិលត្រឡប់មកវិញនូវសង្គ្រាមស៊ីវិល ប្រសិនបើលោកចាញ់ឆ្នោត ប៉ុន្តែការគំរាមកំហែងដូចនេះមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេក្នុងចំណោមយុវជន និងមិនបានធ្វើឲ្យជ្រួតជ្រាបដល់អារម្មណ៍ក្នុងចំណោមអ្នកបោះឆ្នោតវ័យចំណាស់ ដូចដែលធ្លាប់ពីមុនមកនោះទេ។
ទីក្រុងទល់នឹងជនបទ
អ្នកវិភាគនានានិយាយថា លោក សម រង្ស៊ី បានធ្វើឲ្យអ្នកបោះឆ្នោតនៅក្នុងទីក្រុង និងយុវជន បោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមួយផ្នែកបណ្ដាលមកពីកត្តាប្រជាសាស្ត្រដែលមានការប្រែប្រួល និងកត្តានៃអ្នកដែលកើតក្រោយសង្គ្រាម។ ប្រជាពលរដ្ឋចំនួនច្រើនជាង ៦៥ ភាគរយ មានអាយុក្រោម ៣៥ ឆ្នាំ ហើយភាគច្រើនមានការឆ្អែតឆ្អន់ជាមួយនឹងរបៀបដឹកនាំដែលផ្ដាច់ការរបស់លោក ហ៊ុន សែន។
លោកវ៉ាន់ ថន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាននិយាយថា ការលាលែងរបស់លោក សម រង្ស៊ី គឺជាការខកចិត្ត ប៉ុន្តែជាការចាំបាច់ដើម្បីសង្គ្រោះគណបក្ស និងដាក់ឲ្យគណបក្សប្រឆាំងនៅក្នុងទីមួយដែលមានប្រៀប នៅមុនការបោះឆ្នោតឃុំសង្កាត់ចូលមកដល់ ដែលនៅក្នុងការបោះឆ្នោតនោះ លោក វ៉ាន់ ថនបានរំពឹងថា លោក កឹម សុខា នឹងធ្វើការងារបានល្អ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើយើងក្រឡេកមើលលើស្ថានការណ៍នៃការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ ខ្ញុំច្បាស់ថា គណបក្សសង្គ្រោះជាតិនឹងឈ្នះបានអាសនៈជាច្រើន ហើយករណីនេះនឹងជួយគណបក្សសង្គ្រោះជាតិឲ្យមានប្រៀបនៅក្នុងការឈានឆ្ពោះទៅកាន់ការបោះឆ្នោតថ្នាក់ជាតិ ដោយហេតុថា ជាទូទៅ នៅតាមតំបន់ជនបទស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា មនុស្សឥឡូវនេះចាប់ផ្ដើមចាប់អារម្មណ៍ច្រើនលើបញ្ហានយោបាយ»។
ការលាលែងរបស់លោក សម រង្ស៊ី ធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដែលក្នុងនោះមានទាំងលោក Billy Chia-Lung Tai ដែលជាអ្នកផ្ដល់យោបល់ផ្នែកសិទ្ធិមនុស្សឯករាជ្យមួយរូបនៅឯក្រុមហ៊ុន CL Consulting ផងដែរ ដោយលោកបាននិយាយថា ប្រហែលជាមានការមិនពេញចិត្តមួយចំនួននៅក្នុងជួរគណបក្សសង្គ្រោះជាតិចំពោះការដឹកនាំរបស់លោក សម រង្ស៊ី។
ក្នុងនាមជាអតីតអ្នកធ្វើការធនាគារផ្នែកហិរញ្ញវត្ថុមួយរូប និងក្នុងនាមជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក សម រង្ស៊ី ត្រូវបានគេស្គាល់ថា បានចំណាយពេលឈប់សម្រាកជិះស្គីទឹកកក និងការរស់នៅបែបប្រសើរ។ លោកបានចំណាយពេលជាច្រើនរស់នៅនិរទេសនៅក្នុងទ្វីបអឺរ៉ុប។
ចំណុចនេះគឺផ្ទុយស្រឡះពីប្រជាពលរដ្ឋកម្ពុជាភាគច្រើន ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដែលនៅទីនោះ បញ្ហានានាដូចជា ការកាប់ឈើខុសច្បាប់ ការដណ្ដើមដីធ្លី អំពើពុករលួយ និងគម្លាតទ្រព្យសម្បត្តិដ៏ធំ និងមានឥទ្ធិពលគ្របសង្កត់លើសកម្មភាពបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយនោះ។
ប្រជាពលរដ្ឋខ្មែរចំនួន ២០ ភាគរយ នៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅឡើយ។
ការផ្ដោតលើលោក កឹម សុខា
ដើម្បីបានគ្រប់គ្រងរដ្ឋាភិបាល លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ត្រូវតែធ្វើឲ្យបានប្រសើរនៅតាមតំបន់ជនបទ ដែលជាតំបន់ដែលលោក ហ៊ុន សែន មានប្រជាប្រិយភាពខ្លាំង ដោយសារតែមានសន្តិភាពរយៈពេល ២០ ឆ្នាំ និងដោយសារតែមានអតីតយុទ្ធជនវ័យចំណាស់គាំទ្ររូបលោក។
លោក Chia-Lung Tai បាននិយាយថា៖ «តាមយុទ្ធសាស្ត្រ ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិអាចគិតថា ពួកគេទទួលបានការបោះឆ្នោតគាំទ្រនៅតាមទីក្រុងរួចទៅហើយ។ គណបក្សសង្គ្រោះជាតិប្រហែលជាបានផ្សព្វផ្សាយដល់ពលរដ្ឋទាំងអស់ដែលពួកគេអាចផ្លាស់ប្ដូរផ្នត់គំនិតបានរួចហើយ ហើយពួកគេប្រាកដជាព្យាយាមទៅសុំការគាំទ្រនៅតាមតំបន់ជនបទ។ ខ្ញុំគិតថា លោក កឹម សុខា ជាបុគ្គលមួយរូបដែលអាចធ្វើបានចំពោះរឿងនេះ»។
បើយោងតាមប្រភពរដ្ឋាភិបាល និងអ្នកការទូតនានា ការស្ទង់មតិដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា គណបក្សកាន់អំណាចអាចបាត់បង់សំឡេងគាំទ្រចំនួន ១០ ភាគរយ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខ។ អ្នកខ្លះថា គណបក្សប្រជាជនកម្ពុជាអាចបាត់បង់សំឡេងគាំទ្ររហូតដល់ ៣០ ភាគរយ ឯណោះ។
លោក Chia-Lung Tai បានបន្ថែមថា៖ «ចំនួនសំឡេងដែលគណបក្សប្រជាជនកម្ពុជាអាចបាត់បង់គឺពិតជាសំខាន់ណាស់ ហើយខ្ញុំបារម្ភថា ពួកគេនឹងធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធ្វើយ៉ាងណាឲ្យច្បាស់ថា ពួកគេនឹងមិនបាត់បង់សំឡេងគាំទ្រនោះទេ»៕
ប្រែសម្រួលដោយ ភី សុភាដា