ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធនេះ បានសម្ដែងការ «ខកចិត្តយ៉ាងខ្លាំង» ចំពោះសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកទាក់ទងនឹងវិសោធនកម្មច្បាប់គណបក្សនយោបាយរបស់កម្ពុជា ដោយបានហៅសេចក្ដីថ្លែងការណ៍នេះថាជា«ប្រតិកម្មមិនសមហេតុផល»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃនេះ។
សេចក្ដីថ្លែងការណ៍៧ចំណុចរបស់ក្រសួងការបរទេសកម្ពុជាលើកឡើងថា ប្រទេសកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ ដោយផ្អែកលើគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
(ខាងក្រោមនេះគឺជា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ)
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ច្បាប់ដែលបានធ្វើវិសោធនកម្មហើយនេះ មិនបានគំរាមកំហែងដល់ប្រព័ន្ធនយោបាយពហុបក្សដែលត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជានេះ ធ្វើឡើង ពីរថ្ងៃក្រោយពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយសម្ដែង«ការព្រួយបារម្ភយ៉ាងខ្លាំង»របស់ខ្លួន ចំពោះវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយរបស់កម្ពុជា ដែលត្រូវបានរដ្ឋសភាកម្ពុជា អនុម័តនៅថ្ងៃទី២០ខែកុម្ភៈដដែលនោះ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនេះ បញ្ជាក់ថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មានការពិគ្រោះឬពិភាក្សាគ្នាជាសាធារណៈតែបន្តិចបន្តួចប៉ុណ្ណោះ ហើយថា វិសោធនកម្មនេះ «បានផ្ដល់អំណាចយ៉ាងធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ» ហើយនឹងកំណត់លក្ខខណ្ឌមិនច្បាស់លាស់ ដែលអាចឈានទៅរំលាយគណបក្សនយោបាយតែម្ដង។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលាលែងពីតំណែងជាប្រធាននិងសមាជិកគណបក្សរបស់លោក តែប៉ុន្មានថ្ងៃមុនពេលវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសនេះ បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់នេះ ថាមានគោលដៅរំលាយគណបក្សប្រឆាំងនៅកម្ពុជាតែប៉ុណ្ណោះ៕