សហគមន៍អន្តរជាតិ បានហៅដំណើរការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ថាជារបត់ដ៏គ្រោះថ្នាក់មួយចំពោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែករបស់ស្ថានទូតសហភាពអឺរ៉ុប និងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅតំបន់អាស៊ីដែល VOA ទទួលបាននាថ្ងៃចន្ទនេះ បានឲ្យដឹងថា ការអនុម័តច្បាប់ដែលនឹងអនុញ្ញាតឲ្យមានការរឹតត្បិតយ៉ាងខ្លាំងលើសកម្មភាពនយោបាយរបស់គណបក្សជំទាស់នានា គឺជារឿងមួយដ៏គួរឲ្យព្រួយបារម្ភ និងគ្រោះថ្នាក់ ហើយថាគណបក្សកាន់អំណាចព្យាយាមក្ដោបក្ដាប់យកអំណាច។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និយាយថា ការអនុម័តលើការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក នឹងក្ដាប់អំណាចពេញទី ហើយក៏ជាជោគជ័យរបស់របបអំណាចផ្ដាច់ការ។
លោកបានបញ្ជាក់ក្នុងន័យដើមថា៖
«ការអនុម័តរាល់ការធ្វើវិសោធនកម្មនេះ នឹងបង្ហាញពីការប្រមូលផ្តុំអំណាចទាំងស្រុងចុងក្រោយនៅក្នុងដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ថ្ងៃនេះ នឹងត្រូវបានចងចាំថា ជាជោគជ័យរបស់របបអំណាចផ្ដាច់ការ ទៅលើក្ដីសុបិននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលសំដៅទៅរកការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គ្មានអ្វីដែលត្រូវបំភ្លៃក្នុងការនិយាយថា ការធ្វើវិសោធនកម្មទាំងនេះ គឺដូចជាកាំភ្លើងដែលភ្ជង់ចំបេះដូងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ហើយសំណួរដែលត្រូវសួរនោះ គឺនៅពេលណា និងសំអាងលើហេតុផលអ្វី ដែលការកាត់ទោសប្រហារជីវិតខាងនយោបាយនេះ នឹងកើតមានឡើងនោះ?»
លោកបញ្ជាក់បន្តទៀតក្នុងន័យដើមថា៖
«យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន គឺច្បាស់ណាស់៖ កម្ទេចនូវអ្វីដែលនៅសេសសល់របស់ស្ថាប័នប្រជាធិបតេយ្យនានារបស់ប្រទេសកម្ពុជា ដោយការប្រើប្រាស់ច្បាប់ផ្សេងៗដូចជាច្បាប់នេះ ហើយស្របពេលជាមួយគ្នានោះ ធ្វើការបំភិតបំភ័យសង្គមស៊ីវិល មិនឲ្យនិយាយអ្វីទាំងអស់ជាមួយនឹងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សតាមអំពើចិត្ត និងការគំរាមកំហែងដើម្បីលុបចោលអង្គការក្រៅរដ្ឋាភិបាល ដែលបង្កការព្រួយបារម្ភចេញពីបញ្ជី»។
លោក Phil Robertson បន្ថែមថា៖ «មេរៀនរបស់គណបក្សប្រជាជនកម្ពុជា អំពីការបរាជ័យរបស់ខ្លួននៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ បង្ហាញឲ្យឃើញថា ប្រសិនបើប្រជាជនមិនចូលចិត្តលោក ហ៊ុន សែន ទេ នោះពួកគេមិនមានជម្រើសណាមួយផ្សេងទៀតទេ។ ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសប្រជាធិបតេយ្យក្លែងក្លាយ ដែលនឹងបន្តដំណើរទៅមុខទៀត ហើយប្រហែលជាប្រសើរជាងប្រទេសវៀតណាមបន្តិចបន្តួចតែប៉ុណ្ណោះ ជាមួយនឹងច្បាប់ជាច្រើន ដែលអនុវត្តដោយតុលាការអាយ៉ង នៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សបានចេញសេចក្ដីថ្លែងការណ៍ព្រមាន ថា សេចក្ដីស្នើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលធ្វើឡើងដោយគណបក្សកាន់ក្នុងសប្ដាហ៍នេះ នឹងបង្កើតឲ្យមាននូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោក Charles Santiago ប្រធានអង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី ត្រូវបានដកស្រង់សម្ដីក្នុងន័យដើមថា៖
«ការអនុម័តសេចក្ដីស្នើច្បាប់នេះ នឹងបង្ហាញពីប្រផ្នូលនៃការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
សេចក្ដីថ្លែងការណ៍ដដែលនោះ បានបញ្ជាក់ថា សេចក្ដីស្នើច្បាប់នេះចែងអំពីការធ្វើវិសោធនកម្ម ដែលនឹងផ្ដល់នូវអំណាចដែលធ្លាប់មានដល់ស្ថាប័នតុលាការ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីព្យួរ និងរំលាយគណបក្សនយោបាយ។
បន្ថែមលើការអធិប្បាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ កាលពីសប្ដាហ៍មុន សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងក្រុមអង្គការសង្គមស៊ីវិលជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍រួម ស្នើរដ្ឋសភាផ្អាកការអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់នេះ ដោយបង្ហាញការព្រួយបារម្ភថា ការឲ្យអំណាចទៅក្រសួងមហាផ្ទៃដើម្បីបញ្ឈប់ ឬផ្អាកសកម្មភាពគណបក្សដែលប្រកួតប្រជែង អាចធ្វើឲ្យការអនុវត្តច្បាប់នេះមិនត្រឹមត្រូវ។
ពួកគេលើកឡើងថា ចៅក្រម និងមន្ត្រីតុលាការមួយចំនួនជាសមាជិកគណបក្សកាន់អំណាច ដូច្នេះរាល់ការសម្រេចនឹងមិនមានភាពឯករាជ្យ។
ចំណែកសមាជិកសភាអាមេរិក និងសមាជិកសភាអឺរ៉ុបក៏បានរិះគន់ទៅលើច្បាប់នេះថា នឹងអាចនាំកម្ពុជាទៅរកការគ្រប់គ្រងរបស់គណបក្សតែមួយទៅថ្ងៃអនាគត ដោយលើកឡើងថា ច្បាប់នេះនឹងបើកសិទ្ធិឲ្យរដ្ឋាភិបាល មានអំណាចកាន់តែខ្លាំងឡើងក្នុងការរារាំងគណបក្សនយោបាយដទៃដែលជាគូប្រជែងខ្លួនមិនឲ្យធ្វើនយោបាយបាន ហើយទៅថ្ងៃមុខវាជាគ្រោះថ្នាក់មួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក Goerge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ email នៅព្រឹកថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប សម្លឹងទៅលើអាជ្ញាធរ ដើម្បីធានាបាននូវបរិយាកាសដែលគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល អាចដំណើរការបានដោយសេរី។
លោកបញ្ជាក់តាមរយៈសារអេឡិចត្រូនិកនោះក្នុងន័យដើមថា៖
«ការអនុម័តច្បាប់ ដែលនឹងអនុញ្ញាតឲ្យមានការរឹតបន្តឹងសកម្មភាពរបស់គណបក្សនយោបាយនានាយ៉ាងខ្លាំងក្លា ឬក៏ការធ្វើឲ្យរលាយសូន្យនៃគណបក្សនោះ ដោយតុលាការ គឺជារឿងមួយគួរឲ្យព្រួយបារម្ភខ្លាំងណាស់។ សកម្មភាពប្រឆាំងនឹងគណបក្សប្រឆាំងនានានេះ នាំឲ្យមានសំណួរទៅលើភាពស្របច្បាប់នៃការបោះឆ្នោតដែលកំពុងតែខិតចូលមកដល់»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលរាល់ការអធិប្បាយនានានៅពីក្រោយការអនុម័តការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
លោកបានប្រាប់ VOA ថា ក្រុមអ្នករិះគន់មកពីមជ្ឈដ្ឋានអន្តរជាតិ គួរគិតគូលើបញ្ហាក្នុងប្រទេសរបស់ពួកគេ ជាជាងចាំតែចាប់កំហុសរបស់ប្រទេសកម្ពុជា ដែលកំពុងផ្ដោតលើការពង្រឹងនីតិរដ្ឋនោះ។
«គាត់និយាយហ្នឹង វាតាំងពីដើមមក វាមិនដែលល្អទេ ហើយយើងគិតមើលឥឡូវហ្នឹង ស្ថានភាពពីមុន ហើយអាក្រោយសភាអនុម័តច្បាប់ហ្នឹង វាបញ្ហាអីខុសប្លែកគ្នា វាអត់មានខុសប្លែកអីផង អស់លោកហ្នឹងដូចព្រួយបារម្ភពេក។ ចិត្តខ្ញុំយល់ថា គួរតែគិតតែប្រទេសគាត់ទៅឲ្យវាស្រួលទៅ អាហ្នឹងមានស្អី មកគិតអីជំនួសកម្ពុជា វាមានរាជរដ្ឋាភិបាល មានសភា មានព្រឹទ្ធសភា មានព្រះមហាក្សត្រ លោកដឹកនាំហើយ វាមានបញ្ហាអី ដែលគួរឲ្យចាប់អារម្មណ៍នោះ»។
លោក សុខ ឥសាន បានបន្តថា រដ្ឋាភិបាល មិនអាចព្យាករណ៍បានទុកជាមុន អំពីសម្ពាធអន្តរជាតិ រួមមានប្រទេសម្ចាស់ជំនួយ ដែលនឹងដាក់មកលើកម្ពុជា។ លោកបន្ថែមថា ការរិះគន់កន្លងមកនោះ គឺជាមតិរបស់បុគ្គល ឬក្រុមមួយតែប៉ុណ្ណោះ។
«ក៏ប៉ុន្តែ ខ្ញុំយល់ថា អ្នកមានមតិ ដូចជាសមាជិកព្រឹទ្ធសភា ប្រទេសមួយនោះអី ខ្ញុំគ្រាន់តែសំឡេងភាគតិច ជាកោសិកាតូចមួយនៅក្នុងសភារបស់ប្រទេសនោះទេ ហើយអង្គការសិទ្ធិមនុស្ស Human Rights Watch គាត់ជ្រើសយកថ្ងៃហ្នឹង គាត់ធ្វើការឲ្យគណបក្សប្រឆាំងទេ»។
បន្ទាប់ពីការអនុម័តលើការធ្វើវិសោធនកម្មនៃច្បាប់ស្ដីពីគណបក្សនយោបាយដោយសមាជិកសភារបស់គណបក្សកាន់អំណាចនោះ អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក ឈ្មោះថា Licadho បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា ការធ្វើវិសោធនកម្មនេះ នឹងអនុញ្ញាតឲ្យក្រសួងមានអំណាចផ្អាកគណបក្សនយោបាយនានាក្នុងរយៈពេលមួយ ដោយគ្មានការកំណត់រយៈពេលជាអតិបរមា។
ច្បាប់នេះ នឹងហាមឃាត់បុគ្គលទាំងឡាយណាដែលមានពិរុទ្ធភាព ឬបានចំណាយពេល ឬមិនបានចំណាយពេលអនុវត្តទោសក្នុងពន្ធនាគារ ដែលគ្មានការពន្យារពេលពីការកាន់តួនាទីនានានៅក្នុងគណបក្សនយោបាយផងដែរ៕