រដ្ឋាភិបាលថៃកំពុងគាំទ្រផែនការរបស់ប្រទេសចិនក្នុងការកម្ទេចកូនកោះតូចៗនិងផ្ទាំងថ្មធំៗនៅក្នុងទន្លេមេគង្គដែលជាផ្នែកមួយនៃគម្រោងដែលមានរយៈពេលមួយទសវត្សរ៍ ដើម្បីបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកពីខេត្តយូណានប្រទេសចិន ទៅកាន់ទីក្រុង ហ្លួងព្រះបាង(Luang Prabang) ប្រទេសឡាវ។ គម្រោងដែលត្រូវបានគេស្គាល់ថាជាផែនការអភិវឌ្ឍន៍សម្រាប់នាវាចរណ៍អន្តរជាតិពីទន្លេឡានឆាង ទៅកាន់ទន្លេមេគង្គ(Lancang-Mekong River) ឆ្នាំ២០១៥-២០២៥ មានបីជំហាន រួមមានការស្ទង់មតិជំហានបឋម ការរៀបចំប្លង់ និងការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាននិងសង្គម។
គម្រោងដើម្បីធ្វើឲ្យការធ្វើនាវាចរណ៍មានភាពប្រសើរឡើងនេះ មានចម្ងាយ៦៣០ គីឡូម៉ែត្រ គឺចាប់ពីបង្គោលព្រំដែនលេខ ២៤៣ រវាងប្រទេសចិននិងប្រទេសមីយ៉ាន់ម៉ា ទៅកាន់ទីក្រុងហ្លួងព្រះបាង(Luang Prabang) ប្រទេសឡាវ។ គម្រោងនេះ មានគោលបំណងផ្តល់លទ្ធភាពឲ្យនាវាដែលផ្ទុកទំនិញទម្ងន់៥០០តោនចរាចរក្នុងទន្លេបាន។
ជំហានទីពីរនឹងចាប់ផ្តើមនៅឆ្នាំ២០២០ រួមទំាងការធ្វើឲ្យប្រសើរឡើងដល់ផ្លូវនាវាចរណ៍ដែលមានចម្ងាយជាង២៥៩គីឡូម៉ែត្រ និងការកសាងកំពង់ផែនានាសម្រាប់ការដឹកជញ្ជូនទំនិញនិងអ្នកដំណើរផងដែរ។
ក៏ប៉ុន្តែគម្រោងដែលបានយល់ព្រមដោយគណៈរដ្ឋមន្ត្រីថៃកាលពីចុងខែធ្នូកន្លងទៅនេះ បានបង្កឲ្យមានការតវ៉ាជាច្រើនពីក្រុមអភិរក្សនិយម ដែលបាននិយាយថាការកម្ទេចកូនកោះតូចៗទាំងនោះនឹងធ្វើឲ្យមាន «ផលប៉ះពាល់ដ៏មហន្តរាយ» មួយដល់ពពួកសត្វដ៏មានសារៈសំខាន់ដែលរស់នៅក្នុងទឹកនិងសហគមន៍មូលដ្ឋាននានា។
នៅក្នុងឆ្នាំ២០១៥ គេប៉ាន់ប្រមាណថាមាននាវាពាណិជ្ជកម្មជាង៣.៥០០ គ្រឿងដែលមានទម្ងន់ពី១០០ទៅ៣០០តោន បានដឹកទំនិញឆ្លងកាត់ទៅកាន់ប្រទេសថៃ។
ឧបការីរដ្ឋមន្ត្រីប្រចាំនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Kobsak Pootrakool ប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃថា ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានរៀបចំក្រុមការងារមួយដើម្បីធ្វើការស្ទង់មតិទៅលើទន្លេនេះ ហើយបានយល់ស្របគ្នាថាត្រូវកែលម្អផ្លូវនាវាចរណ៍នេះ។
លោក Kobsak បាននិយាយថា៖ «ដើម្បីសុវត្ថិភាពទំនិញនិងការដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាការកាត់បន្ថយហានិភ័យនានានិងផលប៉ះពាល់បរិស្ថាននោះ វាជាការចាំបាច់ក្នុងការកសាងផ្លូវសម្រាប់ការធ្វើនាវាចរណ៍ឲ្យបានប្រសើរឡើងក្នុងទន្លេនេះ ដើម្បីឲ្យនាវាដែលមានចំណុះ៥០០តោនឆ្លងកាត់បាន»។
លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានរៀបចំផែនការក្នុងការធ្វើឲ្យប្រសើរឡើងក្នុងការតភ្ជាប់ទំនាក់ទំនងអន្តរជាតិនិងសហប្រតិបត្តការ រវាងប្រទេសទាំង៦នៃការផ្តួចផ្តើមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ Lancang-Mekong Cooperation (LMC) រួមមានប្រទេសចិន កម្ពុជាឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម។
ប្រទេសចិនត្រូវបានគេរាយការណ៍ថានឹងផ្តល់ប្រាក់ជាង១.៥៤ពាន់លានដុល្លារជាប្រាក់កម្ចីនិងប្រាក់ ១០ពាន់លានដុល្លារជាឥណទាន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនក្នុងតំបន់ទន្លេមេគង្គមានភាពប្រសើរឡើង។
ក្រុមអ្នកអភិរក្សបានថ្លែងថា ផែនការចុងក្រោយទំាងនេះកើតឡើងស្របពេលដែលទន្លេមេគង្គកំពុងតែជួបប្រទះនឹងបញ្ហាជាច្រើនរួចស្រាប់ទៅហើយពីការសាងសង់ទំនប់វារីអគ្គិសនី រួមមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីចំនួនបីដែលបច្ចុប្បន្ននេះកំពុងត្រូវបានគេសាងសង់ឬស្ថិតក្រោមការពិចារណាពីប្រទេសឡាវដែលស្ថិតនៅផ្នែកខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។
តាមបណ្តោយទន្លេមេគង្គខ្សែទឹកខាងក្រោម ប្រជាជនរាប់សិបលាននាក់ពឹងផ្អែកលើទន្លេដែលជាប្រភពអាហារដ៏ចាំបាច់។
អ្វីដែលជាការព្រួយបារម្ភដ៏ធំរបស់ក្រុមអ្នកអភិរក្សនោះគឺការផ្តោតលើដែនទឹកដែលមានចម្ងាយ ១.៦គីឡូម៉ែត្រ លាតសន្ធឹងតាមបណ្ដោយទន្លេ ដែលមានឈ្មោះថាខោនភីលួង (Khon Pi Luang ) ដែលជាតំបន់ដែលមានកូនកោះតូចៗនិងផ្ទាំងថ្មធំៗ ហើយជាចំណុចនៃព្រំដែនរវាងប្រទេសថៃ និងឡាវ នៅក្នុងស្រុកឈៀងខ្នុន(Chiang Khnon) ខេត្តឈៀងរ៉ៃ (Chiang Rai)។
លោកPhillip Hirsch សាស្ត្រាចារ្យផ្នែកភូមិសាស្រ្តរបស់មនុស្ស នៅឯសកលវិទ្យាល័យ Sydney ប្រទេសអូស្ត្រាលីបានថ្លែងថា ការកម្ទេចកូនកោះតូចៗ គឺជាឧបសគ្គធំចុងក្រោយដើម្បីឲ្យនាវាធំៗធ្វើការបត់បែនបាននៅក្នុងទន្លេ។
លោក Hirsch បានប្រាប់ VOA ថា៖«តំបន់គន្លឹះដែលក្រុមអង្គការក្រៅរដ្ឋាភិបាលយកចិត្តទុកដាក់ ហើយដែលក្រុមអ្នកនេសាទសំដែងការព្រួយបារម្ភ គឺត្រង់ចំណុចដែលទឹកទន្លេហូរខ្លាំងនៅចន្លោះពី Chiang Saen ដល់ ChiangKhong ដែលគេហៅថា Khon Pi Luang។ ប្រសិនបើពួកគេកម្ទេចតំបន់នោះ វានឹងសល់ឧបសគ្គតិចតួចប៉ុណ្ណោះ សម្រាប់បើកផ្លូវឲ្យនាវាធំៗក្នុងការធ្វើនាវាចរណ៍ចុះទៅផ្នែកខាងក្រោមនៃទន្លេ»។
គម្រោងរបស់ចិន ក្នុងការជំរុញឲ្យមានការធ្វើនាវាចរណ៍នៅតាមដងទន្លេមេគង្គបានគ្រោងទុកតាំងពីជាង២៥ឆ្នាំមុនមកម្ល៉េះ។ ការកម្ទេចកូនកោះតូចៗនៅបណ្តោយទឹកផ្នែកខាងលើ ត្រូវបានធ្វើរួចមកហើយ។ ផែនការនៃការកម្ទេចកូនកោះតូចៗតាមបណ្តោយទន្លេមេគង្គផ្នែកខាងក្រោមបានធ្វើឡើងកាលពីឆ្នាំ២០០១ ក្បែររដ្ឋ Shan ក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងឆ្នាំ២០០២ រដ្ឋាភិបាលថៃ ក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra មានគោលបំណងចង់ទទួលបានការគាំទ្រពីចិន ដើម្បីបន្តការកម្ទេចកូនកោះតូចៗពីតំបន់ Khon Pi Luang តទៅទៀត។
ក៏ប៉ុន្តែផែនការនោះត្រូវបានផ្អាកដោយក្រសួងការពារជាតិថៃ ដោយសារការភ័យខ្លាចមានជម្លោះព្រំដែនជាមួយប្រទេសឡាវ។ ព្រំប្រទល់ថៃ-ឡាវ គឺត្រូវបានបែងចែកនៅត្រង់ចំនុចជ្រៅបំផុតក្នុងទន្លេ។ ការកម្ទេចកូនកោះតូចៗនឹងធ្វើឲ្យមានការប្រែប្រួលនៅខ្សែបន្ទាត់ព្រំដែនដែលអាចបង្កជាគុណវិបត្តិដល់ប្រទេសថៃ។
ក្រុមអ្នកអភិរក្សនិយាយថា កូនកោះតូចៗដើរតួយ៉ាងសំខាន់ក្នុងការធ្វើជាជម្រក និងការបង្កាត់ពូជរបស់ត្រីជាង២០០ប្រភេទរស់តាមបណ្តោយទន្លេ។
លោក Robert Mather ដែលជាអ្នកវិទ្យាសាស្ត្រនិងជាអ្នកអភិរក្សមួយរូប បាននិយាយថា ការកម្ទេចកូនកោះតូចៗនិងផ្ទាំងថ្មធំៗដែលមានចំនួនជិត២៧០ផ្សេងៗគ្នាគឺ «អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវៈចម្រុះដែលរស់ក្នុងទឹកទន្លេ។
លោក Mather បានប្រាប់ VOA ថា៖ «តំបន់ទាំងនោះ គឺវាសំខាន់ខ្លាំងណាស់សម្រាប់ការបង្កាត់ពូជរបស់ត្រី និងជាតំបន់ដែលត្រូវស្វែងរកចំណី ពីព្រោះមានសារាយដុះលើថ្មនិងកោះតូចៗទាំងនោះ។ តំបន់ទាំងនោះ មានសារៈសំខាន់ណាស់»។
លោកបន្ថែមថា៖ «លទ្ធផលចុងក្រោយនៃអ្វីដែលកំពុងកើតឡើង គឺវានឹងធ្វើឲ្យទន្លេក្លាយដូចជាប្រឡាយមួយ វាធ្វើឲ្យមានភាពងាយស្រួលជាងមុន វានឹងមានលក្ខណៈជាឯកសណ្ឋានជាងមុន ដូច្នេះហើយភាពសម្បូរបែបនៃជីវៈចម្រុះ សត្វផ្សេងៗក៏ត្រូវកាត់បន្ថយដែរ»។
ក្រុមសម្ព័ន្ធចម្រុះនៃអ្នកការពារបរិស្ថានក្នុងស្រុកដែលតំណាងឲ្យខេត្តទំាង៨តាមណ្តោយទន្លេមេគង្គបានចាប់ផ្តើមយុទ្ធនាការមួយប្រឆាំងនឹងផែនការទាំងនេះ។
អ្នកស្រី Pianporn Deetes ប្រធានយុទ្ធនាការថៃសម្រាប់អង្គការ International Rivers ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងថា ផលប៉ះពាល់ធំជាងនេះទៀតរបស់គម្រោងទាំងនេះគឺផលប៉ះពាល់ទៅលើសហគមន៍មូលដ្ឋាន។
អ្នកស្រី Deetes បានប្រាប់ VOA ថា៖«ឥឡូវនេះពួកយើងឃើញថា ទន្លេមេគង្គក្លាយទៅជាម្ហូបញ៉ាំសេរី ឬម្ហូបប៊ូហ្វេ សម្រាប់ក្រុមហ៊ុននិងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ ក្នុងការសាងសង់គម្រោងនានារបស់ពួកគេ ហើយទទួលផលចំណេញរៀងៗខ្លូនដោយមិនគិតពិតជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីដ៏ភាពសម្បូរបែបក្នុងទន្លេនោះទេ»។
ក្រុមអ្នកអភិរក្សបានថ្លែងថា ចិនគួរតែគិតពីការសាងសង់ផ្លូវហាយវ៉េ តភ្ជាប់ពីប្រទេសចិនទៅកាន់ប្រទេសឡាវ ដើម្បីជំនួសឲ្យការបញ្ជូនទំនិញតាមទន្លេ។
ក៏ប៉ុន្តែលោកសេដ្ឋវិទូ Somphob Manarangsan បានថ្លែងថា ចិនមើលឃើញប្រព័ន្ធ
ទន្លេថាជាជម្រើសសម្រាប់ផ្លូវដឹកជញ្ជូនមួយដ៏មានប្រសិទ្ធភាពជាងគេ។
លោក Somphobប្រាប់ VOA ថា៖«វិធីផ្សេងទៀតសម្រាប់ការដឹកជញ្ជូនដោយប្រើរថយន្តឬក៏មធ្យោបាយផ្សេងទៀតគឺពិបាក។ នេះគឺជាមូលហេតុដែលកប៉ាល់ជាច្រើនរយគ្រឿងធ្វើដំណើរតាមទន្លេមេគង្គពីខេត្ត Yunnan ទៅកាន់ប្រទេសឡាវនិងថៃ»។
លោកស្រី Saowaruj Rattanakhamfu អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាសា្ថនស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ(TDRI) បានថ្លែងថា យោងតាមការធ្វើពាណិជ្ជកម្មក្រៅប្រទេស ចិនអាចនឹងទទួលបានផលចំណេញច្រើនជាងគេពីការកើនឡើងនៃការធ្វើពាណិជ្ជកម្មនេះ។
លោកស្រី Saowaruj បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា៖«ផ្អែកលើទស្សនៈសេដ្ឋកិច្ច ប្រទេសថៃនឹងមិនទទួលបានផលចំណេញពីគម្រោងនាវាចរណ៍ផ្លូវទឹកនេះនោះទេ។ ហើយនឹងមានគុណវិបត្តិកាន់តែច្រើនឡើងសម្រាប់ប្រទេសឡាវ។ រដ្ឋាភិបាលគួរតែសិក្សាឲ្យច្បាស់លាស់ ថាតើវាចាំបាច់ដែរឬទេក្នុងការដាក់ទុនទៅលើគម្រោងដែលនឹងផ្តល់ផលប៉ះពាល់ដ៏ធំមហិមាទៅលើប្រជាពលរដ្ឋក្រីក្រនោះ»៕
ប្រែសម្រួលដោយ នៅ វណ្ណារិន