ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​តាមរយៈ​ពិធី​បុណ្យ​ភូមិ


ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​វត្ត​ទួល​ក្រសាំង ​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​វត្ត​ទួល​ក្រសាំង ​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

យុវជន​ខ្មែរ​មួយ​ក្រុម​ព្យាយាម​រក្សា​ព្រលឹង​សិល្បៈ​បុរាណ​ខ្មែរ​តាមរយៈ​ការ​ប្រមូល​ផ្ដុំ​យុវជន​ឲ្យ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ភូមិ​ ដើម្បី​ឲ្យ​សាធារណជន​ខ្មែរ​ ជា​ពិសេស​យុវជន​ ស្គាល់​ និង​យល់ដឹង​អំពី​វប្បធម៌​ខ្មែរ​ដ៏​មាន​តម្លៃ​នេះ។

ឆ្នាំនេះ ​យុវជន​ប្រុស​ស្រី​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភូមិ​ដែល​ចាប់ផ្ដើម​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​វត្ត​ទួល​ក្រសាំង ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល។

កញ្ញា រិទ្ធី លំអរពេជ្រ ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​នេះ ​បាន​ឲ្យ​ដឹង​ថា ​កញ្ញា​រៀបចំ​ពិធី​ជួបជុំ​នេះ​នៅ​វត្ត​អារាម​ ដោយសារ​ជា​ទូទៅ​គ្រួសារ​ខ្មែរ​នៅ​ក្នុង​ភូមិ​តែង​យក​ទី​វត្តអារាម​ ជា​គោល​នៃ​ការ​ជួបជុំ​របស់​ពួកគេ។

«វត្ត​អារាម​ជា​កន្លែង​មួយ​ដែល​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ទទួល​នូវ​ព្រលឹង​របស់​ខ្លួន​ឯង​ ដែល​តាមរយៈ​ល្បែង​ប្រជាប្រិយ​ ល្បែង​ប្រពៃណី​ ល្ខោន​ ម្ហូប​ខ្មែរ​ និង​បរិយាកាស​ដែល​ខ្មែរ​យើង​ជួបជុំ​គ្នា»។

លោក ចាន់ សំណព្វ​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា​បុណ្យ​ភូមិ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ជា​យូរ​យារ​ណាស់​មក​ហើយ។​ បុណ្យ​នេះ​ត្រូវ​បាន​ធ្វើឡើង​ទៅ​តាម​ការ​ចូលចិត្ត​ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​នីមួយៗ​ ក្រោយ​ការ​ប្រមូល​ផល​ និង​មុន​បុណ្យ​ចូលឆ្នាំ។

លោក​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​បុណ្យ​ភូមិ​នេះ​ថា៖

«បុណ្យ​ភូមិ​ហ្នឹង ​ជាទូទៅ​ជា​ឱកាស​កែប្រែ​បរិយាកាស។ ពេល​ហ្នឹង​យើង​ទំនេរ​ ហើយ​ដៃ​អី​ដែរ​ អញ្ចឹង​យើង​ ធ្វើ​អា​ហ្នឹង​ ទៅ​ត្រៀម​ចូល​ឆ្នាំ​ផង​ទៅ។ ហើយ​ចូលឆ្នាំ​ ហើយ​មនុស្ស​ចាប់ផ្ដើម​ចូល​ វស្សា​ ធ្វើ​ស្រែ​ ធ្វើ​ស្រូវ​ទៀត​ហើយ។ ពេល​ព្រះសង្ឃ​ត្រឡប់​ទៅ​វិញ​ គេ​យក​ស្រែ​ដាក់​ឡាន ប្រគេន​ព្រះសង្ឃ។ វា​ជា​ស្មារតី​សាមគ្គី​ធម៌​មួយ​ ដើម្បី​រួបរួម​គ្នា​បាន​បច្ច័យ​តិច​តួច​ ពិសេស​ស្រូវ​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​វត្ត​មួយ​ ដែល​នៅ​ក្នុង​ភូមិ។ គេ​ឧទ្ទិស​ សូត្រ​មន្ត​ ដើម្បី​ឆ្នាំ​ក្រោយ​ទៀត​ ទទួល​បាន​ផល​កាន់តែ​សំបូរ​ហូរហៀរ​ទៅ​ទៀត»។

កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

កម្មវិធី​ជួបជុំ​ដែល​កញ្ញា​ លំអរពេជ្រ ​ហៅថា​ «បុណ្យ​ភូមិ​» នេះ​ចាប់ផ្ដើម​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​យុវជន​ដោយសារ​បទ​ចម្រៀង​ «ឆឺតឆឺត​បុណ្យភូមិ‍»​ ដែល​និពន្ធ​ពិសេស​សម្រាប់​បុណ្យ​ភូមិ​ឆ្នាំមុន​ ដែល​នា​ពេល​នោះ​ បាន​ទាក់ទាញ​យុវជន​ជា​ច្រើន​ពាន់​នាក់​ចូលរួម។

ឆ្នាំនេះ​ យុវជន​ជា​ច្រើន​ទន្ទឹង​រង់ចាំ​ចូលរួម​កម្មវិធី​ជួបជុំ​ ដែល​ហៅថា​ «បុណ្យ​ភូមិ​» ម្ដងទៀត​ ហើយ​ពួកគេ​រំពឹង​ខ្ពស់​ពី​ក្រុម​អ្នក​រៀបចំ​កម្ម​វិធី។​

ពេលនេះ​ យុវជន​ស្គាល់​បុណ្យ​ភូមិ​ច្រើន​ជាង​មុន​តាមរយៈ​ពិធី​ជួបជុំ​គ្នា​ដែល​កញ្ញា​ លំអរពេជ្រ បាន​ផ្ដួចផ្ដើម​គំនិត​ធ្វើឡើង​អស់​រយៈពេល​បួន​ឆ្នាំ​មក​ហើយ។ កម្មវិធី​នេះ​ មិន​ត្រឹមតែ​ជា​កម្មវិធី​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ តែ​ពួកគេ​យល់​ថា​ បុណ្យ​ភូមិ​ជា​ទិវា​ដែល​ពួកគេ​ជួបជុំ​ដើម្បី​ កសាង​មិត្តភាព សិក្សា​អំពី​សិល្បៈ​បុរាណ​ និង​ចូលរួម​លើកស្ទួយ​ការ​ជីក​កកាយ​ឡើង​វិញ​នូវ​វប្បធម៌​ និង​សិល្បៈ​បុរាណ​ខ្មែរ។

យុវតី ថាវ នារីនាថ​ វ័យ​១៧ឆ្នាំ​ កំពុង​អង្គុយ​សម្រាក​ក្រោម​ទី​ម្លប់​មួយ​ក្បែរ​ព្រះវិហារ​នៃ​វត្ត​ទួល​ក្រសាំង​ជាមួយ​មិត្ត​ភក្តិ​ ក្រោយ​ពី​លេង​ល្បែង​ប្រជាប្រិយ។ នារីនាថ​ ប្រាប់​ VOA ​ថា ​ដោយសារ​កាល​ពី​ឆ្នាំ​មុន​ កញ្ញា​ទទួល​បាន​បទពិសោធន៍​ល្អ​ពី​ការ​ចូលរួម​បុណ្យ​ភូមិ​ ទើប​ឆ្នាំនេះ​កញ្ញា​មក​ចូលរួម​ម្ដង​ទៀត។

​«បុណ្យ​ភូមិ​ហ្នឹង​ធ្វើជា​លក្ខណៈ​មួយ​ បែប​ប្រពៃណី​ខ្មែរ​យើង​ ហើយ​បង្ហាញ​នូវ​វប្បធម៌​ខ្មែរ​យើង។​ ការ​រៀប​ចំ​ មើល​ទៅ​លក្ខណៈ​ជា​ភូមិ​ស្រុក​អញ្ចឹង​មើល​ទៅ​ មាន​ប្រជាជន​មក​ច្រើន​ទៅ​អ៊ូអរ។ រៀប​ចំ​ឡើង​អញ្ចឹង​ យើង​អាច​បង្កើត​មិត្តភាព​ថ្មីៗ​ ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រលាញ់​និង​ភាព​ស្និទ្ធស្នាល»។

កញ្ញា​បន្ត​ថា ៖«នៅ​ពេល​ដែល​ប្រទេស​យើង​កំពុង​អភិវឌ្ឍ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ បច្ចេកវិទ្យា​ទំនើប​វា​រីក[ចម្រើន] អញ្ចឹង​ទៅ​ ខ្ញុំ​គិត​ថា​វា​អាច​បាត់បង់​វប្បធម៌​ខ្មែរ។ ក៏​ប៉ុន្តែ​ បើ​ពួក​យើង​ចូលរួម​បង្កើត​នូវ​អ្វី​ដែល​មាន​លក្ខណៈ​ជា​ប្រពៃណី​ខ្មែរ​យើង​ ខ្ញុំ​គិត​ថា​វា​ល្អ។ អញ្ចឹង​ខ្ញុំ​ចង់​មក​ចូលរួម»។

យុវតី​រូប​នេះ​ លើក​ឡើង​ថា​ បុណ្យ​ភូមិ​ដែល​មាន​លក្ខណៈ​បែប​ប្រពៃណី​នេះ​ បាន​ផ្ដល់​ឱកាស​ឲ្យ​កញ្ញា ​ស្គាល់​អំពី​ល្ខោន និង​របាំ​ប្រពៃណី​ខ្មែរ​ ដែល​នាង​មិន​ធ្លាប់​បាន​ទស្សនា​ដោយ​ផ្ទាល់​ពីមុន។

យុវតី ធីតា ពេជ្រសម្បត្តិ​ វ័យ​១៦​ឆ្នាំ​ កំពុង​ឈរ​មើល​គេ​លេង​បាញ់​ធ្នូ​ខ្មែរ​ផង​ ស្រែក​ហ៊ោ​ផង។ កញ្ញា​ចូលរួម​បុណ្យ​ភូមិ​ជា​លើក​ដំបូង​ និយាយ​ទាំង​អារម្មណ៍​រំភើប​រីករាយ។

«ដោយសារ​ខ្ញុំ​ឃើញ​មាន​លាយឡំ​នឹង​វប្បធម៌​ខ្មែរ ចង់​មក​មើល​ មាន​ល្បែង​ប្រជាប្រិយ​ មាន​អ្វីៗ​ទាក់ទង​នឹង​វប្បធម៌​របស់​ខ្មែរ​យើង។ យើង​ជា​ខ្មែរ ​យើង​ត្រូវ​ដឹង​ពី​វប្បធម៌​ខ្មែរ​ឲ្យ​បាន​ទូលំ​ទូលាយ។ ជួន​កាល ​ល្បែង​ប្រជាប្រិយ​ខ្លះ​ ខ្ញុំ​អត់​ធ្លាប់​លេង​ទេ​ តែ​ដល់​ពេល​ខ្ញុំ​មក​ហ្នឹង​ ខ្ញុំ​បាន​លេង​ល្បែង​ដែល​ខ្ញុំ​មិន​ធ្លាប់​លេង​ពី​មុន»។

យុវតី​រូប​នេះ​ រំពឹង​ថា​ កម្ពុជា​នឹង​មាន​ការ​រៀបចំ​កម្មវិធី​ដែល​មាន​លក្ខណៈ​វប្បធម៌ ប្រពៃណី​បែបនេះ​កាន់​តែ​ច្រើន​ថែម​ទៀត​ ដើម្បី​ឲ្យ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ស្គាល់​អំពី​ទម្រង់​វប្បធម៌​បុរាណ​ខ្មែរ​កាន់តែ​ទូលំ​ទូលាយ។

កញ្ញា រិទ្ធី លំអរពេជ្រ​ ជា​ស្ថាបនិក​នៃ​កម្មវិធី​ឈ្មោះ​ «បុណ្យភូមិ»​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៦ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
កញ្ញា រិទ្ធី លំអរពេជ្រ​ ជា​ស្ថាបនិក​នៃ​កម្មវិធី​ឈ្មោះ​ «បុណ្យភូមិ»​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៦ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ពិធី«បុណ្យ​ភូមិ»​ ដែល​កញ្ញា លំអរ​ពេជ្រ​ យក​តាម​ឈ្មោះ​ពិធី​បុណ្យ​ភូមិ​ពី​ដើម​ ផ្ដើម​ចេញ​ពី​សារណា​បញ្ចប់​បរិញ្ញាបត្រ​ ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កញ្ញា ។ សហ​ស្ថាបនិក​៣​នាក់​ទៀត​ រួមមាន​មិត្ត​រួម​ថ្នាក់​ ប្អួន​ស្រី​ និង​មិត្ត​រួម​ការងារដែល​ជួយជ្រោមជ្រែង​ និង​រៀបចំ​កម្មវិធី​នេះ​ទាំង​៤ឆ្នាំ។

កញ្ញា រិទ្ធី លំអរពេជ្រ​និយាយ​ថា៖ «អញ្ចឹង​វា​វិវត្ត​ពី​ការ​និយាយ​គ្នា​ទាំង​អស់ហ្នឹង​ ដោយ​យើង​មិនមែន​ចាប់ផ្ដើម​ថា​ ហ្អេ...តោះ… នាំ​គ្នា​ធ្វើ​បុណ្យ​ភូមិ​ទេ។ វា​ចេញ​ពី​រឿង​តូច​មួយ​ ដែល​យើង​គ្រាន់​តែ​ចង់​ឲ្យ​មនុស្ស​មើល​ល្ខោន​ ហើយ​វា​ចេញ​ពី​កម្ម​វិធី​បុណ្យ​ភូមិ​ហ្នឹងឯង”។

សិល្បៈ​សំខាន់ៗ​ដែល​នឹង​ត្រូវ​សម្ដែង​នៅ​ក្នុង​បុណ្យ​ភូមិ​ មាន​ដូច​ជា​ការ​សម្ដែង​យីកេ​ របាំ​បុរាណ​ខ្មែរ​ និង​ល្ខោន​ខ្មែរ​ ដែល​មាន​ដូចជា​ល្ខោន​ស្បែក​ធំ​ និង​ស្បែក​តូច​ ព្រម​ទាំង​ល្ខោនខោល។

យុវជន​កម្ពុជា​កំពុង​លេង​ល្បែង​ប្រជាប្រិយ​នៅក្នុង​កម្មវិធី«​បុណ្យភូមិ» ​ក្នុង​វត្ត​ទួល​ក្រសាំង​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
យុវជន​កម្ពុជា​កំពុង​លេង​ល្បែង​ប្រជាប្រិយ​នៅក្នុង​កម្មវិធី«​បុណ្យភូមិ» ​ក្នុង​វត្ត​ទួល​ក្រសាំង​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

កម្មវិធី​ទាំងអស់​សុទ្ធតែ​មាន​ការ​វិវត្ត​ និង​បង្កប់​នូវ​អត្ថន័យ​ខុសប្លែក​ពី​ឆ្នាំ​មុន ។ យប់​ទី១​ នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ មាន​សម្ដែង​យីកេ​ រឿង​កាកី​ ដែល​ខុស​ពី​ឆ្នាំមុន​ដែល​គេ​យក​រឿង​ម៉ាក់ថឺង​មក​ស​ម្តែង។ យប់​ទី២ គេ​សម្ដែង​របាំ​បុរាណ​ ដកស្រង់​ចេញ​ពី​ឈុត​រឿង​រាមឥ​សូ មណី​មេ​ខ​លា។

«ព្រោះថា​នៅ​ក្នុង​សង្គម​ខ្មែរ​ សាច់រឿង​ដែល​និយាយ​អំពី​តួ​ស្រី​ជា​ វីរនារី​ វា​តិច។ អញ្ចឹង​មណី​មេខាលា​ ជា​រឿង​មួយ​និយាយ​ថា​ មនុស្ស​ស្រី​ជា​វីរនារី​ ពីព្រោះ​គាត់​ឈ្នះ​រាម​ឥសូ‍»។

របាំ​នេះ​សម្ដែង​ដោយក្រុម​របស់​ក្រុម​អ្នកគ្រូ​ សាភារ៉ូ ជាម សុភិលីន (Sophiline Cheam Shapiro) ដែល​ជា​ក្រុម​សិល្បៈ​ខ្មែរ​ល្បីល្បាញ​មួយ​នៅ​កម្ពុជា​ក្នុង​ការ​អភិរក្ស​ និង​អភិវឌ្ឍ​សិល្បៈ​បុរាណ​ខ្មែរ។

ចំណែក​យប់ទី៣​ ដែល​ជា​យប់​ចុងក្រោយ​ នឹង​មាន​ការ​សម្ដែង​ល្ខោន​ ស្បែក​ធំ​ ស្បែក​តូច​ និង​ល្ខោន​ខោល​ ដោយ​សមាគម​សិល្បៈ​សុវណ្ណភូមិ។ ជា​រៀង​រាល់​ឆ្នាំ គេ​ជ្រើស​រើស​យក​ឈុត​ឆាក​ចេញ​ពី​រឿង​រាមកេរ្តិ៍​មក​សម្ដែង​ តែ​ឆ្នាំនេះ​ ទម្រង់​ល្ខោន​ទាំង៣​ នឹង​ត្រូវ​លើក​យក​មក​បង្ហាញ​បែប​សហសម័យ។

ការ​ពន្លិច​នូវ​សិល្បៈ​បុរាណ​ខ្មែរ​ឡើងវិញ​ តាម​រយៈ​ការ​បង្ហាញ​ និង​ពន្យល់​ឲ្យ​យុវជន​ខ្មែរ​ស្គាល់​អំពី​អត្ថ​ន័យ​ឲ្យ​កាន់តែ​ច្បាស់​ កើតឡើង​ពី​ឆន្ទៈ​ និង​សេចក្ដី​ស្រលាញ់​របស់​យុវជន​ទាំងឡាយ​ដែល​ស្រលាញ់​សិល្បៈ។

ចំពោះ​កញ្ញា​ រិទ្ធី លំអរពេជ្រ​ ទឹកចិត្ត​នេះ​កើតឡើង​ពី​អនុស្សាវរីយ៍​ដែល​កញ្ញា​មាន​ចំពោះ​លោក​យាយ​របស់​ខ្លួន។

«ខ្ញុំ​បាន​ទទួល​ព្រលឹង​ទាំងអស់​ហ្នឹង ដែល​ខ្ញុំ​ហៅ​ថា​វា​ជា​ព្រលឹង​នោះ គឺ​ពី​ម៉ាក់​យាយ​របស់​ខ្ញុំ ដោយ​សារ​តែ​គាត់​ស្រលាញ់​សិល្បៈ។ ដែល​ខ្ញុំ​ចាំ​មែនទែន​នោះ គឺ​មាន​យប់​មួយ​នោះ​ ដែល​ខ្ញុំ​ទៅលេង​គាត់​នៅ​កំពង់​ឆ្នាំង។ គាត់​នាំ​ខ្ញុំ​ទៅ​មើល​ល្ខោន​ ដែល​យប់​នោះ​គេ​លេង​ល្ខោន​យីកេ និង​ល្ខោន​បាសាក់​២​យប់​ផ្សេងគ្នា ហើយ​ខ្ញុំ​អង្គុយ​មើល ក្រាល​កន្ទេល​អង្គុយ​មើល។ អារម្មណ៍​នោះ​ គឺ​វា​មាន​តែ​ពេល​ដែល​ខ្ញុំ​ជួប​ម៉ាក់​យាយ​ទេ ដែល​ខ្ញុំ​បាន​ទៅ​មើល​ល្ខោន‍»។

លោក ឃឹម មាឃ ជា​តំណាងសមាគម​សិល្បៈ​សុវណ្ណភូមិ​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
លោក ឃឹម មាឃ ជា​តំណាងសមាគម​សិល្បៈ​សុវណ្ណភូមិ​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក​ ឃឹម មាឃ​ វ័យ​៣៦ឆ្នាំ​ កំពុង​រៀបចំ​ស្តង់​តាំង​ពិពណ៌​សិល្បៈ​ស្បែក​តូច​ និង​ស្បែក​ធំ។ ស្តង់​នេះ​ មិន​ត្រឹមតែ​អាច​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា​សកម្មភាព​ឆ្លាក់​ និង​ដាប់​រូប​ផ្សេង​ផ្ទាល់​នោះ​ទេ តែ​ក៏​អាចសាកល្បង​ឆ្លាក់​ និង​ដាប់​ដោយ​ខ្លួនឯង​ផ្ទាល់។

«ប្រសិន​ជា​យើង​អត់មាន​កម្មវិធី​ដែល​បង្កើត​ដោយ​យុវជន​ដែល​ស្រលាញ់​វប្បធម៌​ដោយ​ចេញ​ពី​ទឹកចិត្ត​យុវជន​ វប្បធម៌​យើង​ពិសេស​នៅ​លើ​យុវជន​ ក្មេង​ជំនាន់​ក្រោយ​ហ្នឹង​ហើយ​ ប្រសិន​បើ​គាត់​ ក្នុង​កម្មវិធី​ធំៗ​មិន​ពាំនាំ​យក​ទម្រង់​វប្បធម៌​បុរាណ​មក​ទេ​ វា​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​យើង​អត់​ស្គាល់​ ធ្វើ​ឲ្យ​បាត់បង់​បន្តិច​ម្តងៗ។ ហើយ​បើ​សិន​ជា​មាន​ទៅ​ គាត់​ឃើញ​ គាត់​ឆ្ងល់​ គាត់​សួរ​ អញ្ចឹង​គាត់​អាច​ប្រាប់​បន្ត​ទៅ​ក្មេង​ ឬ​ចាស់ៗ​ ឪពុកម្ដាយ​ ឬ​តាម​សាលា​អញ្ចឹង។ គាត់​អាច​ថា​ ល្ខោន​ខ្មែរ​យើង​ល្អ»។

នា​ពេល​ថ្មីៗ​នេះ ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បន្ត​ស្នើ​សុំ​ទៅ​អង្គការ​យូណេស្កូ​ ដើម្បី​បញ្ចូល​មរតក​វប្បធម៌​អរូបិយ​ និង​សិល្បៈ​ខ្មែរ​បុរាណ​មួយ​ចំនួន​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។​ ក្នុង​នោះ​រួមមាន​ ល្ខោនខោល​ ក្បាច់​គុណ​ល្បុក្កតោ​ ភ្លេង​អារក្ស​ និង​តម្បាញ​សូត្រ​ខ្មែរ​ជា​ដើម។ កាល​ពី​ចុង​ឆ្នាំ​២០១៦​ អង្គការ​យូណេស្កូ​ បាន​ដាក់​បញ្ចូល​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួច​មក​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG