ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពី​បាត់​ដំបង​ដល់​កាណាដា៖សុបិន្ត​របស់​សិល្បករ​សៀក​កា្លយ​ជា​ការ​ពិត


លោក ណែម​ សុផា​ កំពុង​សម្តែង​ក្នុង​កម្មវិធី Colibri នៅ​ក្នុង​មជ្ឈមណ្ឌល​សៀក TOHU ក្នុង​ទីក្រុង Montreal ប្រទេស​ កាណាដា កាលពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៦។ (រូបថត៖ Mathieu Pothie/mathieupothier.com)
លោក ណែម​ សុផា​ កំពុង​សម្តែង​ក្នុង​កម្មវិធី Colibri នៅ​ក្នុង​មជ្ឈមណ្ឌល​សៀក TOHU ក្នុង​ទីក្រុង Montreal ប្រទេស​ កាណាដា កាលពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៦។ (រូបថត៖ Mathieu Pothie/mathieupothier.com)

ជា​មួយ​នឹង​ការ​តស៊ូ​និង​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​សម្តែង​សៀក សុបិន្ត​របស់​យុវជន​ខ្មែរ​ពីរ​រូប​មក​ពី​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ដែល​មាន​ឈ្មោះ​ថា សុខ ឌីណា ​និង​ ណែម​ សុផា បាន​ក្លាយ​ជា​ការពិត ដោយ​ពួក​គេទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលា​សៀក​ជាតិ​នៅ​ទីក្រុង Montreal ដែល​ជា​សាលា​សៀក​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​លើ​ពិភពលោក ហើយ​ថែម​ទាំង​ទទួល​បាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កាណាដា​ផង​ដែរ។

ខណៈ​ដែល​ភាព​ក្រីក្រ​នៅ​តែ​ជា​ឧបសគ្គ​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ ពិសេស​អ្នក​ដែល​មក​ពី​ទីជនបទ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ សិល្បករ​វ័យ​ក្មេង​ពីរ​រូប​របស់​កម្ពុជា​ដែល​ធ្លាប់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ រួម​មាន​ សុខ ឌីណា ​និង​ ណែម​ សុផា បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលា​សៀក​ជាតិ​នៅ​ទីក្រុង Montreal ដែល​ជា​សាលា​សៀក​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ជាង​នេះ​ទៅ​ទៀត​គឺ សុខ ឌីណា បាន​ក្លាយ​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន Cirque du Soleil ដែល​ជា​ក្រុមហ៊ុន​សៀក​ធំ​បំផុត​មួយ​របស់​ពិភពលោក​ ហើយ​យុវជន ណែម សុផា ក៏​នឹង​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​កាណាដា​វិញ​នៅ​ចុង​ខែ​កុម្ភៈ​នេះផង​ដែរ។

លោក ណែម​ សុផា​ កំពុង​សម្តែង​ក្នុង​កម្មវិធី Colibri នៅ​ក្នុង​មជ្ឈមណ្ឌល​សៀក TOHU ក្នុង​ទីក្រុង Montreal ប្រទេស​ កាណាដា កាលពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៦។ (រូបថត៖ Mathieu Pothie/mathieupothier.com)
លោក ណែម​ សុផា​ កំពុង​សម្តែង​ក្នុង​កម្មវិធី Colibri នៅ​ក្នុង​មជ្ឈមណ្ឌល​សៀក TOHU ក្នុង​ទីក្រុង Montreal ប្រទេស​ កាណាដា កាលពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៦។ (រូបថត៖ Mathieu Pothie/mathieupothier.com)

កើត​នៅ​ក្នុង​ឃុំ អូចារ ខេត្ត​បាត់​ដំបង ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ​យុវជន​ សុខ ឌីណា​និងបង​ប្អូន​បង្កើត​ទាំង​៦នាក់ ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​ចំណូល​របស់​ឪពុក​ដែល​ប្រកប​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប រហូត​ដល់​គេ​ធំ​ដឹង​ក្តី។

ឌីណា បាន​ក្លាយ​ជា​ជន​ជាតិ​ខ្មែរ​ដំបូង​គេ​ដែល​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​សៀក​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​ដែល​មាន​ឈ្មោះ​ថា«Cirque du Soleil‍»។ ថ្មីៗ​នេះ​យុវជន​រូប​នេះ​បាន​ប្រាប់​ VOA ថា​ ខ្លួន​នៅ​តែ​មិន​ទាន់​ជឿ​ថា ខ្លួន​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​ខ្លួន​តែង​តែ​ស្រម៉ៃ​ធ្វើ​ការ​ជាមួយ​នៅ​ឡើយ​ទេ។

«មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ខ្ញុំ​ធំ​នេះ​ដែរ ខ្ញុំ​មិន​ទាន់​បាន​ជឿ​នោះ​ទេ។ ដើរ​តាម​ផ្លូវ​ដើរ​ចុះ​ដើរ​ឡើង​ទៅ គិត​ថា ខ្ញុំ​នៅ​កាណាដា​នេះ មិន​មែន​រៀន​ទៀត​ណា ខ្ញុំ​នៅ​ធ្វើ​ការ​ ហើយ​ក្នុង​ចិត្ត​ខ្ញុំ​សួរ​ខ្លួន​ឯង​ទៀត ថា​ធ្វើ​ការ​ជាមួយ​ណា​គេ? ក្រុមហ៊ុន​ណា? ក្រុមហ៊ុន​ដែល​អ្នក​ឯង​ចង់​ធ្វើ​ហ្នឹង​ឯង ក្រុមហ៊ុន Cirque du Soleil។ ពេល​ខ្ញុំ​គិត​ថា​ ខ្ញុំ​បាន​ធ្វើ​ការ​ហ្នឹង​មែន? ខ្ញុំ​និយាយ​ម្នាក់​ឯង​អញ្ជឹង​ឯង។ ពេល​គិត​ចុះ​គិត​ឡើង និយាយ​ញញឹម ឥឡូវ​នេះ​ក៏​ខ្ញុំ​កំពុង​ញញឹម​មិន​ទាន់​ខ្ជឹប​ដែរ‍»។

យុវជន សុខ ឌីណា​កំពុង​សម្តែង​ដោយ​ដើរ​នៅ​លើ​ខ្សែរ​នៅ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ (រូបថត៖សុខ ឌីណា)
យុវជន សុខ ឌីណា​កំពុង​សម្តែង​ដោយ​ដើរ​នៅ​លើ​ខ្សែរ​នៅ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ (រូបថត៖សុខ ឌីណា)

កើត​នៅ​ក្នុង​គ្រួសារ​ដ៏​ធំ​មួយ​ដែល​មាន​បង​ប្អូន​បង្កើត​រហូត​ដល់​ទៅ ១២នាក់​ ហើយ​៧នាក់​ក្នុង​ចំណោម​នោះ​ជា​សិល្បករ​សៀក ឆាក​ជីវិត​របស់​សុផា ក៏​មិន​ខុស​គ្នា​ឆ្ងាយ​ពី​ឌីណា​ប៉ុន្មាន​ដែរ។ សុផា​បាន​ថ្លែង​ថា ឪពុក​របស់​គេ​គឺ​ជា​អ្នក​រត់​ រ៉ឺម៉ក​កង់​បី ហើយ​ដោយ​សារ​តែ​ខ្លួន​បាន​ឃើញ​បង​ប្រុស​របស់​ខ្លួន​មាន​ជីវិត​ប្រសើរ​ជាង​មុន​ក្រោយ​ក្លាយ​ខ្លួន​ជា​សិល្បករ​ផ្នែក​សៀក​នោះ សុផា​ក៏​បាន​ចូល​សិក្សា​នៅ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ឈ្មោះ​ថា«ហ្វារ​ពន្លឺ​សិល្បៈ‍» ដែល​អង្គការ​នេះ​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ។

ក្រុម​គ្រួសារ​របស់​យុវជន ណែម សុផា ដែល​មាន​បង​ប្អូន​បង្កើត​ដល់​ទៅ​១២នាក់ ហើយ​បង​ប្អូន​៧នាក់​របស់​សុផា​គឺ​ជា​សិល្បករ​សៀក។​(រូបថត៖ ណែម​ សុផា)
ក្រុម​គ្រួសារ​របស់​យុវជន ណែម សុផា ដែល​មាន​បង​ប្អូន​បង្កើត​ដល់​ទៅ​១២នាក់ ហើយ​បង​ប្អូន​៧នាក់​របស់​សុផា​គឺ​ជា​សិល្បករ​សៀក។​(រូបថត៖ ណែម​ សុផា)

សុផា​ខិត​ខំ​រៀន​សូត្រ​និង​ធ្វើ​ការ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​សុផា​ធ្វើ​ការ​នៅ​អង្គការ​ហ្វារ​ហើយ សុផា​បាន​ប្តេជ្ញា​ថា​ត្រូវ​តែ​ទទួល​ជោគជ័យ។

សុផា​បាន​ប្រាប់ វីអូអេ ថា រូប​គេ​ស្ទើរ​តែ​មិន​ជឿ​ថា គេ​រៀន​ចប់​ពី​សាលា​សៀក​ជាតិ​នៅ​ក្នុង​ទីក្រុង Montreal ដែល​ជា​សាលា​សៀក​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នេះ​នោះ​ទេ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ រូប​គេ​បាន​ធ្វើ​ការ​នៅ​ប្រទេស​កាណាដា​ក្រោយ​រៀន​ចប់​ទៀត។

«ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​ដែល​ ហ្វារ​ គេ​រើស​ខ្ញុំ​ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​កាណាដា ហើយ​នឹក​ពេល​ដែល​ខ្ញុំ​រៀន​នៅ​សាលា​ដែល​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក នៅ​ប្រទេស​កាណាដា ខ្ញុំ​សប្បាយ​ចិត្ត ខ្ញុំ​មិន​នឹក​ស្មាន​ថា​ខ្ញុំ​រៀន​ចប់​នៅ​សាលា​ហ្នឹង ទីមួយ​វា​យ៉ាប់​សាលា​ហ្នឹង អត់​មាន​ងាយ​ស្រួយ​នឹង​ចូល​សាលា​ហ្នឹង​ទេ។ ហើយ​ទី២ វា​មាន​តែ​ខ្មែរ​ពីរ​នាក់​ដែល​បាន​រៀន​សាលា​ហ្នឹង​យូរ​ដល់​៥ឆ្នាំ‍»។

លោក ណែម​ សុផា សម្តែង​នៅ​សួន​កំសាន្ត Canada Wonderland កាលពី​ ឆ្នាំ២០១៤។ ​(រូបថត៖ Joel Gershon/Cirqueducambodia)
លោក ណែម​ សុផា សម្តែង​នៅ​សួន​កំសាន្ត Canada Wonderland កាលពី​ ឆ្នាំ២០១៤។ ​(រូបថត៖ Joel Gershon/Cirqueducambodia)

ការ​រស់​នៅ​ស្រុក​គេ​របស់​ឌីណា​និង​សុផា​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ ពួក​គេ​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន។ សុផា​មាន​អាយុ​ទើប​តែ ១៧ឆ្នាំ ហើយ​ឌីណា​មាន​អាយុ​ទើប​តែ ១៦ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​ដែល​សុផា​បាន​ទៅ​ដល់​ប្រទេស​កាណាដា​ដំបូង។ សុផា​បាន​ប្រាប់​វីអូអេ​ថា គេ​ត្រូវ​សម្រប​ខ្លួន​ជា​មួយ​នឹង​អាកាសធាតុ​និង​រៀន​ភាសា​បារាំង​និង​អង់គ្លេស។ ហើយ​អ្វី​ដែល​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​ជាង​គេ​គឺ​ម្ហូប​អាហារ​នៅ​ទី​នោះ។

«ផល​លំបាក​ទី១​គឺ​ការ​និយាយ កាល​យើង​ទៅ​យើង​អត់​ចេះ​និយាយ។ ទី២​គឺ​ម្ហូប​អាហារ​របស់​គេ។ ទី៣ ការ​រស់​នៅ​របស់​គេ។ ទី៤ គឺ​ភាព​ត្រជាក់​របស់​យើង។ ហើយ​យើង​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង​មែន​ទែន ដោយ​សារ​តែ​យើង​នៅ​ឆ្ងាយ​ពី​គ្រួសារ​ ហើយ​យើង​នៅ​ក្មេង​ទៀត កាលហ្នឹង​ខ្ញុំ​អាយុ ១៧ឆ្នាំ ហើយ​មិត្តភ័ក្រ្ត​ខ្ញុំឌីណា​ គេ​ទើប​តែ​អាយុ ១៦ឆ្នាំ។ គឺ​នៅ​ក្មេង​មែន​ទែន។ ប៉ុន្តែ​យើង​ត្រូវ​តែ​ខំ​រៀន​ទៅ ហើយ​ពេល​រៀន​យូរៗ​ទៅ​យើង​ចេះ​តែ​ស្គាល់​គ្នា​ទៅ​ យើង​អត់​ខ្លាច​គ្នា យើង​គិត​ថា​យើង​មាន​សមត្ថភាព។ ប៉ុន្តែ​ការ​លំបាក​ហ្នឹង​គឺ​លំបាក​រហូត។ លំបាក​ជាង​គេ​គឺ​ការ​ញ៉ាំ»។

ចំណែក​ឯ ឌីណា​ វិញ ការ​សិក្សា​នៅ​បរទេស ការ​ជិះ​យន្តហោះ និង​ការ​ឃើញ​ព្រិល​ធ្លាក់​គឺ​ជា​ក្តី​សុបិន្ត​មួយ។ ប៉ុន្តែ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ឌីណា​ក៏​មាន​អារម្មណ៍​ស្រងូត​ស្រងាត់​ ដោយ​សារ​តែ​ខ្លួន​នៅ​សែន​ឆ្ងាយ​ពី​សុ្រក​កំណើត ពិសេស​គឺ​ឆ្ងាយ​ពី​ម្តាយ​ជា​ទីស្រឡាញ់​របស់​ខ្លួន។

«មុន​ខ្ញុំ​មក​វិញ​ម៉ាក់​ខ្ញុំ​យំ ខ្ញុំ​អត់​ដឹង​ថា វា​យ៉ាង​ម៉េច​ទេ តែ​គាត់​យំ យំ​មុន​ខ្ញុំ​ឡើង​ឡាន‍»។

ជា​អកុសល​ពេល​នោះ​គឺ​ជា​លើក​ចុង​ក្រោយ​ហើយ​ដែល​ ឌីណា បាន​ជួប​នឹង​ម្តាយ​របស់​គេ។ មួយ​ឆ្នាំ​ក្រោយ​ពេល​ដែល​ ឌីណា ត្រឡប់​មក​ប្រទេស​កាណាដា​វិញ ម្តាយ​របស់​គេ​បាន​ទទួល​មរណភាព។

យុវជន សុខ ឌីណា​កំពុង​សម្តែងនៅ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ (រូបថត៖សុខ ឌីណា)
យុវជន សុខ ឌីណា​កំពុង​សម្តែងនៅ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ (រូបថត៖សុខ ឌីណា)

សុផា​និង​ឌីណា ដំបូង​ឡើយ​បាន​ចូល​រៀន​នៅ​អង្គការ ហ្វារ​ពន្លឺ​សិល្បៈ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង ជា​ផ្ទះ​ផង​និង​ជា​កន្លែង​មួយ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ដល់​កុមារ​ក្រីក្រ​រាប់​ពាន់​នាក់​ដែល​មាន​បញ្ហា​ផ្នែក​សង្គម​និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​គ្រួសារ។

ពួក​គេ​ទាំង​ពីរ​នាក់​មាន​ឱកាស​សិក្សា​និង​ធ្វើ​ការ​នៅ​អង្គការ ហ្វារ នៅ​ពេល​ដែល​ពួក​គេ​ធំដឹង​ក្តី។ ពួក​គេ​មាន​ទេពកោសល្យ​និង​រៀន​សូត្រ​អ្វី​ឆាប់​ចេះ ហើយ​កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាន​ទៅ​រៀន​នៅ​ទីក្រុង Montreal។ នេះ​បើ​យោង​តាម​លោក ហួត តារា នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​សង្គម​ហ្វារ។

«សុផា​និង​ឌីណា​កាល​ដែល​គាត់​អញ្ជើញ​ទៅ​គាត់​នៅ​ក្មេង​នៅ​ឡើយ​ទើប​តែ១៦ឆ្នាំ ១៧ឆ្នាំ គាត់​បាន​បង្ហាញ​នូវទេព្យ​កោសល្យដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ។ គាត់​រៀន​អី​រហ័ស​ចេះ គាត់​តស៊ូ​និង​ចង់​ចេះ​ច្រើន ដូច្នេះ​នៅ​ពេល​ដែល​គ្រូ​របស់​គាត់​ឃើញ​នូវ​សមត្ថភាព​និង​ទេពកោសល្យ​របស់​គាត់ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​បញ្ចេញ​សមត្ថភាព​របស់​គាត់​តាម​វីដេអូ ហើយ​យើង​បាន​បញ្ជូន​វីដេអូ​ហ្នឹង​ទៅ​សាលា​សៀក​ជាតិ​របស់​កាណាដា​នៅ​ក្នុង​ទីក្រុង​ Montreal‍»។

យុវជន សុខ ឌីណា​ និង ណែម សុផា ដែល​ជា​សិល្បករ​សៀក​កំពុង​បង្ហាញ​សិល្បៈ​សៀក​របស់​ខ្លួន​នៅ​អង្គរវត្ត។ (រូបថត៖ ណែម សុធា)
យុវជន សុខ ឌីណា​ និង ណែម សុផា ដែល​ជា​សិល្បករ​សៀក​កំពុង​បង្ហាញ​សិល្បៈ​សៀក​របស់​ខ្លួន​នៅ​អង្គរវត្ត។ (រូបថត៖ ណែម សុធា)

លោក Joel Gershon ដែល​កំពុង​ដឹកនាំ​ផលិត​ភាព​យន្ត​ឯកសារ​អំពី​សុផា​និង​ឌីណា ដែល​មាន​ចំណង​ជើង​ថា៖« Cirque du Cambodia: From Rice Fields to the Big Time‍» ឬ​ដែល​ជា​ភាសាខ្មែរ​ដែល​មាន​ន័យ​ថា៖«សិល្បៈ​សៀក​នៅ​កម្ពុជា៖ ពី​វាលស្រែ​រហូត​ទទួល​បាន​ជោគជ័យ‍» នោះ ធ្លាប់​បាន​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ឲ្យ​ឌីណា​និង​សុផា ទៅ​លេង​ស្រុក​កំណើត​កាលពី​ឆ្នាំ២០១៥ ជា​ពេល​ដែល​ឌីណា​បាន​ជួប​ម្តាយ​របស់​ខ្លួន​ជា​លើក​ចុង​ក្រោយ។

លោក Gershon បាន​ថ្លែង​ថា ពួក​គេ​ទាំង​ពីរ​នាក់​ហើយ​និង​របៀប​ដែល​អង្គការ​ហ្វារ​បាន​ជួយ​ដល់​កុមារ​នៅ​កម្ពុជា​ដែល​មាន​វិបត្តិ​នៅ​ក្នុង​ក្រុម​គ្រួសារ​និង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​នោះ​ បាន​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ មូល​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​ចាប់​ផ្តើម​ដឹកនាំ​ផលិត​ភាព​យន្ត​ឯកសារ​អំពី​ដំណើរ​ជីវិត​របស់​ពួក​គេ។

យុវជន សុខ ឌីណា​ និង ណែម សុផា ដែល​ជា​សិល្បករ​សៀក​កំពុង​បង្ហាញ​សិល្បៈ​សៀក​របស់​ខ្លួន​នៅ​អង្គរវត្ត។ (រូបថត៖ Joel Gershon/Cirqueducambodia)
យុវជន សុខ ឌីណា​ និង ណែម សុផា ដែល​ជា​សិល្បករ​សៀក​កំពុង​បង្ហាញ​សិល្បៈ​សៀក​របស់​ខ្លួន​នៅ​អង្គរវត្ត។ (រូបថត៖ Joel Gershon/Cirqueducambodia)

លោក Gershon បាន​ថ្លែង​ថា​ លោក​បាន​តាម​ដាន​ជីវិត​របស់​ឌីណា​និង​សុផា​អស់​រយៈ​ពេល​ជាង​៥ឆ្នាំ​ទៅ​ហើយ​ដើម្បី​ឲ្យ​ដឹង​ពី​ការ​រីក​ចម្រើន​ទៅ​មុខ​របស់​ពួក​គេ។

«ខ្ញុំ​គិត​ថា​ពួក​គេ​មាន​អំណាច​ពិសេស​ដ៏​អស្ចារ្យ។ ពួក​គេ​អាច​លោត​ហក់​លើ​អាកាស​បាន។ ពួក​គេ​អាច​រក្សា​លំនឹង​បាន​យ៉ាង​ល្អ។ ហើយ​ឌីណា​ពិត​ជា​ប្រភេទ​មនុស្ស​ដ៏​អស្ចារ្យ​ដោយ​សារ​គេ​អាច​ដើរ​លើ​ខ្សែ​ពួរ​បាន‍»។​

លោក Gershon បន្ត​ថា ពួក​គេ​មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ​នោះ​ទេ ពួក​គេ​ពិត​ជា​កំប្លែង​អស្ចារ្យ។

«ពួកគេ​ពិត​ជា​រួសរាយ​ណាស់។ ពួក​គេ​ផ្តល់​ភាព​កក់​ក្តៅ ផ្តល់​កម្លាំង​វិជ្ជមាន​ម៉្យាង។ ពួក​គេ​ផ្តល់​ស្នាម​ញញឹម​ដល់​មនុស្ស​គ្រប់​រូប​មិន​ថា​ពេល​ពួក​គេ​ទៅ​ដល់​ទី​ណា​នោះ​ទេ។ ពេល​ ពួក​គេ​ទៅ​កន្លែង​នានា ពួកគេ​ឈរ​ពី​លើ​គ្នា។ ពួក​គេ​ធ្វើ​អ្វី​ឆ្កួតៗ។ ហើយ​ពួក​គេ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ពួក​គេ​ស្រែក​ហ៊ោ ទះដៃ​ និង​សើច​សប្បាយ។ វា​ពិត​ជា​អស្ចារ្យ។ ខ្ញុំ​រីករាយ​ណាស់​ពេល​នៅ​ក្បែរ​ពួក​គេ‍»។

យុវជន សុខ ឌីណា​ និង ណែម សុផា ដែល​ជា​សិល្បករ​សៀក​សម្តែង​នៅ​ក្នុង​ខេត្ត​សៀមរាប។ (រូបថត៖ Joel Gershon/Cirqueducambodia)
យុវជន សុខ ឌីណា​ និង ណែម សុផា ដែល​ជា​សិល្បករ​សៀក​សម្តែង​នៅ​ក្នុង​ខេត្ត​សៀមរាប។ (រូបថត៖ Joel Gershon/Cirqueducambodia)

លោក Xavier Gobin អតីត​នាយក​ផ្នែក​ប្រតិបត្តិការ​នៅ​អង្គការ​ហ្វារ ដែល​ធ្លាប់​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​សុផា​និង​ឌីណា​មុន​នឹង​ពួក​គេ​ទៅ​រៀន​បន្ត​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា​នោះ​ បាន​ប្រាប់​ VOA ថា លោក​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ឃើញ​ឌីណា​និង​សុផា​ទទួល​បាន​ជោគជ័យ។

«ខ្ញុំ​មាន​កិត្តិយស​ ពី​ព្រោះ​ខ្ញុំ​ដឹង​ថា សម្រាប់​ពួក​គាត់​ទាំង​ពីរ​នាក់​មិន​មែន​ជា​ការស្រួល​នោះ​ទេ។ ទៅ​កាណាដា​វា​រងារ​ខ្លាំង វប្បធម៌​ខុស​គ្នា​មែន​ទែន ហើយ​ខ្ញុំ​ដឹង​ថា មុន​ដំបូង​គាត់​ចង់​យំ​រាល់​ថ្ងៃ ប៉ុន្តែ​គាត់​តស៊ូ គាត់​ចេះ​តស៊ូ​ គាត់​យល់​ពី​ឱកាស​ដែល​គាត់​បាន​ពី​អង្គការ​ហ្វារ។ ហើយ​ខ្ញុំ​ដឹង​ថា​គាត់​តស៊ូ​ច្រើន​មែន​ទែន​ មិន​មែន​តែ​១ខែ ឬ​ក៏ ៣ខែ ប៉ុន្តែ ៥ឆ្នាំ វា​មិន​មែន​រឿង​ធម្មតា ហើយ​ខ្ញុំ​ដឹងថា របៀប​ធ្វើ​ការ​នៅ​ Montreal និង​នៅ​ហ្វារ វា​ខុស​គ្នា​ឆ្ងាយ​ទៀត‍»។

សម្រាប់​ឌីណា បញ្ហា​ទាំង​អស់​នោះ​មិន​អាច​រារាំង​រូប​គេ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ឌីណា​តែង​តែ​រស់​នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​ជានិច្ច។ ឌីណា​បាន​ជុំរុញ​ឲ្យ​គ្រប់​គ្នា​តស៊ូ​ព្យាយាម​ក្នុង​ជីវិត​ ហើយ​ត្រូវ​តែ​មាន​ក្តី​ស្រម៉ៃ​ខ្ពស់។

«ខ្ញុំ​ចង់​ផ្តាំ​ទៅ​មិត្តភ័ក្ត្រ​ទាំង​អស់​គ្នា បង​ប្អូន​ទាំង​អស់​គ្នា ដែល​ចាប់​ជា​សិល្បករ សិល្បៈ​សៀក​នេះ​ដែរ​ឲ្យ​ដឹង​ថា ការព្យាយាម​វា​មិន​អស់ប្រយោជន៍​នោះ​ទេ ហើយ​យើង​ត្រូវ​តែ​គិត​ស្រមើ​ស្រមៃ​ខ្ពស់។ យើង​ត្រូវ​ស្រមើ​ស្រម៉ៃ​ឲ្យ​បាន​ខ្ពស់​ពី​ព្រោះ​ដើម្បី​ឲ្យ​ជីវភាព​របស់​យើង​ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​បាន​រីក​ចម្រើន​មាន​ភាព​តស៊ូ​ទៅ​មុខ»។

យុវជន សុខ ឌីណា​ និង ណែម សុផា ពេល​ទទួល​សញ្ញាប័ត្រ​ពី​សាលា​សៀក​ជាតិ​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ ​(រូបថត៖ ណែម​ សុផា)
យុវជន សុខ ឌីណា​ និង ណែម សុផា ពេល​ទទួល​សញ្ញាប័ត្រ​ពី​សាលា​សៀក​ជាតិ​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា​ កាលពី​ឆ្នាំ២០១៦។ ​(រូបថត៖ ណែម​ សុផា)

សុផា​ចង់​ឲ្យ​គ្រប់​គ្នា​ ពិសេស​អ្នក​នៅ​ប្រទេស​កាណាដា​ដឹង​ពី​សិល្បករ​សៀក​ដ៏​មាន​ទេពកោសល្យ​នៅ​ហ្វារ។ សុផា​សង្ឃឹម​ថា​ សិល្បករ​ទាំង​នោះ​នឹង​មាន​ឱកាស​បាន​ទៅ​រៀន​នៅ​ប្រទេស​កាណាដា​ដូច​រូប​គេ​ដែរ។

សម្រាប់​ ឌីណា​វិញ ឌីណា​បាន​ប្រាប់ VOA ថា រូប​គេ​មាន​គម្រោង​ចង់​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ក្រោយ​ពេល​ដែល​គេ​ទទួល​បាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​នៅ​ពេល​ដែល​គេ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន Cirque du Soleil ពី​ព្រោះ​ថា ឌីណា ចង់​ចែក​រំលែក​បទ​ពិសោធន៍​ទាំង​ឡាយ​ដែល​ខ្លួន​មាន​ដល់​ពលរដ្ឋ​កម្ពុជា​ជំនាន់​ក្រោយ​ទាំង​អស់​ផង​ដែរ៕

XS
SM
MD
LG