លោក Hochstein បានប្រាប់អ្នកយកព័ត៌មានថាលោកមានកិច្ចប្រជុំ«ប្រកបដោយការ ស្ថាបនា»ជាមួយ លោក Nabih Berri ប្រធានសភានៃលីបង់។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បានពិភាក្សាក្នុងរដ្ឋធានីរបស់ប្រទេសលីបង់ជាមួយប្រធានសភាលីបង់លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ដើម្បីជំរុញឱ្យបញ្ចប់សង្គ្រាមរយៈពេលជិតមួយខែកន្លងមកនេះដែលបានសម្លាប់មនុស្សជាង ១.៤៧០ នាក់នៅលីបង់។
ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រា អែលកាលពីថ្ងៃពុធបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៥នាក់ដែរនៅទីក្រុង Nabatiehភាគខាងត្បូង។
នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati កាលពីថ្ងៃសុក្របានជំរុញអង្គការសហប្រជាជាតិឱ្យអនុម័តសេចក្ដីសម្រេចមួយដែលអំពាវនាវឱ្យមានបទឈប់បាញ់ «ជាបន្ទាន់» រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅពេលដែលជម្លោះរបស់ក្រុម Hezbollah ជាមួយអ៊ីស្រាអែលទាក់ទាញប្រទេសលីបង់ចូលក្នុងសង្គ្រាម ក្រុមនយោបាយរបស់សកម្មប្រយុទ្ធនេះអះអាងថាកំពុងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋលីបង់ទាំងអស់។