បេសកជនអាមេរិកលោក Amos Hochstein ស្ថិតនៅក្នុងទីក្រុងបេរូតកាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងព្យាយាមនាំយកដំណោះស្រាយចំពោះជម្លោះនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែលនិងលីបង់ ជាផ្នែកមួយនៃការជំរុញការទូតដែលកំពុងនាំរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់តំបន់ហ្កាហ្សាដើម្បីស្វែងរកបទឈប់បាញ់គ្នានៅទីនោះ។
លោក Hochstein បានប្រាប់អ្នកយកព័ត៌មានថាលោកមានកិច្ចប្រជុំ«ប្រកបដោយការ ស្ថាបនា»ជាមួយ លោក Nabih Berri ប្រធានសភានៃលីបង់ ហើយថាខណៈពេលដែលនៅក្នុងប្រទេសលីបង់ លោកនឹងនិយាយជាមួយសមាជិករដ្ឋាភិបាលយោធានិងនរណាម្នាក់ក៏ដោយដែលមានបំណងធ្វើការដើម្បីដាក់ប្រទេសលីបង់លើមាគ៌ាថ្មីមួយនៃភាពរឹងមាំ សន្តិសុខ ស្ថិរភាព និងចុងក្រោយគឺវិបុលភាពសេដ្ឋកិច្ច។
លោកបានគូសបញ្ជាក់ពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៧០១ ដែលត្រូវបានអនុម័តនៅចុងបញ្ចប់នៃសង្រ្គាមចុងក្រោយរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាក្នុងឆ្នាំ២០០៦ និងមានរួមបញ្ចូលទាំងការអំពាវនាវឱ្យក្រុមហេសបូឡាដកពួកយុទ្ធជនរបស់ខ្លួនទៅភាគខាងជើងនៃទន្លេ Litani របស់ប្រទេសលីបង់ និងឲ្យអ៊ីស្រាអែលឱ្យដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសលីបង់។
លោក Hochstein និយាយថា គ្មាននរណាម្នាក់ខិតខំប្រឹងប្រែងដើម្បីអនុវត្តដំណោះស្រាយនោះទេ ដោយបន្ថែមថា ភាគីទាំងពីរគ្រាន់តែប្តេជ្ញាអនុវត្តគឺមិនគ្រប់គ្រាន់នោះទេ។ លោកបានលើកឡើងម្តងទៀតថា គោលដៅគឺដើម្បីកសាងទំនុកចិត្តលើភាគីទាំងសងខាងថា ដំណោះស្រាយនឹងត្រូវបានអនុវត្ត ហើយត្រូវប្រាកដថាការបញ្ឈប់ជម្លោះត្រូវបានធ្វើឡើងតាមរបៀបដែលធានាថា វានឹងមិនកើតឡើងវិញក្នុងរយៈពេលមួយខែឬមួយឆ្នាំ។
លោក Hochstein បាននិយាយថា «ប្រជាជននៃប្រទេសលីបង់ គឺមនុស្សគ្រប់គ្នានៅក្នុងតំបន់នេះ គ្រាន់តែចង់ត្រឡប់ទៅផ្ទះវិញ កសាងអនាគតរុងរឿងប្រកបដោយសន្តិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ខ្លួនគេ និងក្រុមគ្រួសាររបស់ពួកគេ»។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken គ្រោងនឹងចេញដំណើរនៅថ្ងៃច័ន្ទទៅកាន់តំបន់មជ្ឈិមបូព៌ា។ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹង «ពិភាក្សាអំពីសារៈសំខាន់នៃការនាំយកសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សាទៅដល់ទីបញ្ចប់ ដោយធានាបាននូវការដោះលែងចំណាប់ខ្មាំងទាំងអស់ និងកាត់បន្ថយការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន»៕