សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃចន្ទថាខ្លួនចង់ឱ្យសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាចប់ «ឱ្យបានឆាប់តាមដែលអាចធ្វើបាន» ស្របពេលខ្លួនជំរុញឱ្យមានការអនុវត្តសេចក្តីសម្រេចមួយរបស់អង្គការសហប្រជាជាតិដែលតម្រូវឱ្យក្រុមហេសបូឡាដកចេញពីប៉ែកខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បានពិភាក្សាក្នុងរដ្ឋធានីរបស់ប្រទេសលីបង់ជាមួយប្រធានសភាលីបង់លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ដើម្បីជំរុញឱ្យបញ្ចប់សង្គ្រាមរយៈពេលជិតមួយខែកន្លងមកនេះដែលបានសម្លាប់មនុស្សជាង ១.៤៧០ នាក់នៅលីបង់។
លោក Hochstein បានយោងដល់ការទាមទារដ៏សំខាន់មួយរបស់ក្រុមហេសបូឡាឱ្យភ្ជាប់លក្ខខណ្ឌនៃបទឈប់បាញ់គ្នានៅលីបង់ទៅនឹងការបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។
លោកថ្លែងថា៖ «ការភ្ជាប់អនាគតរបស់លីបង់ទៅនឹងជម្លោះផ្សេងៗនៅក្នុងតំបន់គឺមិនមែនជាប្រយោជន៍របស់ប្រជាជនលីបង់ទេ»។
លោក Hochstein ថ្លែងទៀតថា ទោះបីជាសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិដែលបានបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡានៅឆ្នាំ ២០០៦ គួរតែជាមូលដ្ឋានសម្រាប់បទឈប់បាញ់គ្នាថ្មីក៏ដោយ ក៏ភាគីទំនាស់មិនបានអនុវត្តសេចក្តីសម្រេចនេះឱ្យបានពេញលេញនោះទេតាំងពីពេលនោះមក។
បើតាមសេចក្តីសម្រេចលេខ ១៧០១ នេះ មានតែកងទ័ពលីបង់និងកងកម្លាំងរក្សាសន្តិភាពសហប្រជាជាតិ (UNIFIL) ប៉ុណ្ណោះដែលអាចដាក់ពង្រាយនៅតាមតំបន់ប៉ែកខាងត្បូងនៃទន្លេ Litani របស់លីបង់ក្បែរព្រំដែនអ៊ីស្រាអែលបាន៕
វេទិកាបញ្ចេញមតិ