លោកវេជ្ជបណ្ឌិត សៀង សេង បានចាត់ទុកខ្លួនលោកថាជា «មនុស្សមានសំណាង» ម្នាក់ ដែលលោកនិងភរិយាត្រូវបានជ្រើសរើសពីក្នុងចំណោមជនភៀសខ្លួនជាច្រើនម៉ឺននាក់នៅក្នុងជំរំខៅអ៊ីដាងឲ្យមករស់នៅសហរដ្ឋអាមេរិកក្នុងខែសីហា ឆ្នាំ១៩៨០។ នោះគឺជាសំណាងដែលលោកទទួលបានបន្ទាប់ពីរងភាពសោកសៅដោយសារការស្លាប់បាត់បង់សមាជិកគ្រួសារជាច្រើននាក់ក្នុងរបបវាលពិឃាតខ្មែរក្រហម ដែលទើបបានបញ្ចប់កាលពីជាងមួយឆ្នាំមុន។
លោកសៀង សេងបានចូលមកដល់ជំរំខៅអ៊ីដាង ពេលដែលជំរំនេះទើបតែបើកបានពីរថ្ងៃប៉ុណ្ណោះនិងបានរស់នៅទីនោះចំនួន ៧ ខែ ដោយជួយដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់គណៈកម្មាធិការជនភៀសខ្លួនអាមេរិកាំង (American Refugee Committee) ក្នុងជំរំ។ គ្រូពេទ្យចិត្តធម៌ម្នាក់បានទាក់ទងអង្គការជនភៀសខ្លួនហាវ៉ៃ (Hawaii Refugee Organization) ជួយធានា និងរៀបចំឯកសារនិងក៏មានឪពុកមាខាងប្រពន្ធដែលនៅសហរដ្ឋអាមេរិកស្រាប់បានជួយបន្ថែម។
លោកបានរំលឹកប្រាប់វីអូអេក្នុងបទសម្ភាសថា៖
«ពេលយើងទៅដល់ភ្លាមគឺអត់មានបងប្អូនណាទាំងអស់។ អត់ស្គាល់អ្នកណាទាំងអស់ ដូច្នេះក្តីសង្ឃឹមគឺថាពួកអ្នកសាសនាដែលគេទៅកន្លែងនោះនឹកថាប្រហែលគេអាចជួយយើងបាន។ ប៉ុន្តែខ្ញុំមានសំណាងដែលបានជួបបងប្អូនដែលក្រោយមកគាត់សុខចិត្តធានាឲ្យមកប្រទេសគេ»។
ជំរំខៅអ៊ីដាងដែលអង្គការសហប្រជាជាតិគ្រប់គ្រងរួមគ្នាជាមួយនឹងរដ្ឋាភិបាលថៃបានបើកក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៩ គឺមានរយៈពេលមិនដល់មួយឆ្នាំក្រោយពីកងទ័ពវៀតណាមបានចូលមកឈ្លានពានប្រទេសកម្ពុជានិងផ្តួលរំលំរបបខ្មែរក្រហមដែលចិនកុម្មុយនីស្តគាំទ្រនៅដើមខែមករានិងបានលើកបន្តុបរបបមួយដែលរណបក្រុងហាណូយ។
ជំរំដែលហ៊ុំព័ទ្ធដោយដើមឫស្ស៊ីនេះបានសាងសង់ចម្ងាយ ១២គីឡូម៉ែត្រ ចូលក្នុងទឹកដីថៃហើយមានជនភៀសខ្លួនជាង២០០.០០០ នាក់ បានឆ្លងកាត់ក្នុងពេលដំណើរការរយៈពេល១៤ឆ្នាំនោះ ដោយអ្នកខ្លះបានបន្តទៅប្រទេសទីបី និងអ្នកខ្លះបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពីភាគីជម្លោះខ្មែរនានាបានព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវិលនៅចុងឆ្នាំ១៩៩១។ នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
នៅចន្លោះពីឆ្នាំ១៩៨១ ដល់១៩៩១ មានជនភៀសខ្លួនកម្ពុជាជាង ២៦ម៉ឺននាក់ ត្រូវបានទទួលយកឲ្យមកស្នាក់នៅប្រទេសទីបីក្នុងនោះជិត ១៥ម៉ឺននាក់ ត្រូវបានសហរដ្ឋអាមេរិកទទួលយកហើយឲ្យស្នាក់នៅតាមរដ្ឋនានាដោយភាគច្រើននៅរដ្ឋកាលីហ្វញ៉ា ម៉ាស្សាឈូសិត ផិនស៊ីលវេនៀ វ៉ាស៊ីនតោន និងតិចសាស។
ពេលមកដល់សហរដ្ឋអាមេរិកដំបូងលោក សៀង សេង និងភរិយា គឹមលី សេង ត្រូវបានដាក់ឲ្យនៅទីក្រុងហូណូលូលូ រដ្ឋហាវ៉ៃ ដោយសារអង្គការជនភៀសខ្លួនហាវ៉ៃជាអ្នកជួយធានាមក។ លោកបានជួបបញ្ហាប្រឈមជាច្រើនតាំងពីភាសា ការស្វែងរកការងារធ្វើនិងសមាជិកគ្រួសារកើនឡើង។
កូនប្រុសដំបូងរបស់លោកគឺ សកុណា សេង បានកើតក្នុងរយៈពេល ១០ថ្ងៃ ក្រោយពីបានមកដល់សហរដ្ឋអាមេរិក។ ប៉ុន្តែលោកមិនដែលបោះបង់ចោលក្តីប្រាថ្នាចង់ក្លាយជាវេជ្ជបណ្ឌិតទេ បើទោះបីជាត្រូវរៀនសូត្រផងនិងធ្វើការផងក៏ដោយ។ ក្នុងនោះមានការងារជាអ្នកដឹកជញ្ជូនសាប៊ូឲ្យអតិថិជននិងក្រងផ្កាយកទៅលក់ជាដើម។
ក្នុងឆ្នាំ១៩៨៨ លោក សៀង សេង បានបញ្ចប់ការសិក្សាមុខវិជ្ជាពេទ្យពីសាលាពេទ្យ John A. Burns នៃសាកលវិទ្យាល័យហាវ៉ៃ។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«មានការពិបាកច្រើនមិនដូចបងប្អូនយើងខ្លះថាពេលមកដល់រៀនទៅតាមចិត្តគឺអត់ទេ ប៉ុន្តែគ្រាន់ថាខ្ញុំមានគំនិតមួយថា គ្មានអ្វីវេទនាដូច[របប]ប៉ុលពតទេ។ ដូច្នេះអ្វីៗទៀតខ្ញុំអាចជម្នះបាន ដូច្នេះហើយបានខ្ញុំអាចបានចូលទៅសាលាពេទ្យហើយបានចេញជាវេជ្ជបណ្ឌិតតាមសេចក្តីប្រាថ្នារបស់ខ្ញុំ»។
នោះគឺជាក្តីសុបិនមួយដែលលោកបានបាត់បង់នៅពេលដែលទាហានអាវខ្មៅខ្មែរក្រហមបានដើរចូលទីក្រុងភ្នំពេញ និងផ្តួលរំលំរបបលន់ នល់ ដែលសហរដ្ឋអាមេរិកាំងគាំទ្រ និងជម្លៀសពលរដ្ឋចេញទៅរស់នៅតាមទីជនបទនិងបិទសាលារៀនទាំងអស់។ ពេលនោះលោកនៅខ្វះតែពីរឆ្នាំទៀតប៉ុណ្ណោះនឹងបានសញ្ញាប័ត្រវេជ្ជបណ្ឌិតពីសាលាពេទ្យនៅរាជធានីភ្នំពេញ។
ក្រោយពីបញ្ចប់ការសិក្សា លោកវេជ្ជបណ្ឌិត សៀង សេង បានធ្វើការជាគ្រូពេទ្យប្រចាំគ្រួសារក្នុងក្រុងម៉ូដេសស្តូ រដ្ឋកាលីហ្វញ៉ា ជាទីដែលមានជនភៀសខ្លួនកម្ពុជាជាច្រើនដែលសហរដ្ឋអាមេរិកទទួលយកបញ្ជូនឲ្យស្នាក់នៅ។ លោកបានព្យាបាលពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់ទាំងចាស់និងក្មេង។
លោកវេជ្ជបណ្ឌិត សៀង សេង មានកូនប្រុសពីរនាក់ និងកូនស្រីម្នាក់ដែលសុទ្ធតែជាវេជ្ជបណ្ឌិត ហើយកូនប្រសារពីរនាក់ក៏ជាវេជ្ជបណ្ឌិតធ្វើការនៅតំបន់សាក្រាម៉ាន់តូ (Sacramento Valley) ដែរ។
ក្នុងពេលសម្ភាសជាមួយនឹង VOA មានពេលខ្លះលោកវេជ្ជបណ្ឌិត ត្រូវអាក់មួយរយៈដោយការអួលដើមកពេលរំលឹកដល់សាច់រឿងឈឺចាប់ពីអតីតកាល។ បើទោះបីជាមកនៅសហរដ្ឋអាមេរិក ៤០ឆ្នាំ ប៉ុន្តែលោកវេជ្ជបណ្ឌិតបញ្ជាក់ថា លោកនៅតែនឹកមាតុភូមិជានិច្ច។
លោកវេជ្ជបណ្ឌិតសៀង សេងបន្ថែមថា៖
«យើងមិនចង់ចាកចេញពីស្រុកខ្មែរទេ បើសិនជាស្រុកយើងមានសុខសន្តិភាពនៅពេលនោះ។ យើងរត់ចេញពីស្រុកខ្មែរមក ដោយសារវាមានភាពមិនទៀងទាត់នៅពេលហ្នុង។ អនាគតស្រុកយើងមិនទៀងទាត់ គឺដោយសារសង្គ្រាមនិងដោយសារភាពបាក់ស្បាតបន្ទាប់ពីរស់នៅក្នុងរបបកុម្មុយនីស្ត»។
លោកវេជ្ជបណ្ឌិត សៀង សេង ក៏បាននិពន្ធសៀវភៅប្រវត្តិផ្ទាល់ខ្លួនដែលមានចំណងជើងថា«រដូវអត់អាហារ៖ ខ្សែជីវិតរបស់ខ្មែរមួយរូប» ដែលបានបោះពុម្ភនៅខែសីហា ឆ្នាំ២០១៧។ សៀវភៅនោះគឺដើម្បីចែករំលែកដំណើរជីវិតក្នុងរបបវាលពិឃាតដែលរូបលោកបានរងគ្រោះដោយផ្ទាល់ ដែលរួមមានការធ្វើការងារធ្ងន់ធ្ងរ និងការស្លាប់បាត់បង់សមាជិកក្រុមគ្រួសារម្តងម្នាក់ៗ ដោយសារជំងឺនិងការអត់ឃ្លាន។
លោកវេជ្ជបណ្ឌិតបានបន្តថា៖
«ជាការសោកស្តាយការសម្លាប់រង្គាលនៅតែបន្តមាននៅក្នុងពិភពលោក គឺថានៅមិនទាន់អស់នៅឡើយ។ អ្វីៗទាំងអស់ខ្ញុំជឿថា ស្ថិតនៅលើក្មួយៗនិងចៅៗជំនាន់ក្រោយ ដែលត្រូវខំរៀនសូត្រអំពីភាពវេទនារបស់ជីវិតប្រជាជនយើង ដើម្បីជាមធ្យោបាយនិងរកគន្លឹះឃាឃាំងកុំឲ្យរបបបែបនេះកើតឡើងបានទៀត»។
អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរាយការណ៍ថា នៅពេលបច្ចុប្បន្ននេះមានពលរដ្ឋចាកចោលលំនៅដ្ឋានជាង ៧០ លាន នាក់ នៅទូទាំងពិភពលោក ក្នុងនោះជនភៀសខ្លួនចំនួនជិត ២៦លាននាក់។ រីឯជនចាកចេញពីលំនៅក្នុងប្រទេសដោយសារវិបត្តិក្នុងស្រុកមានរហូតដល់ជាង ៤១លាននាក់ និងជនស្វែងរកសិទ្ធិជ្រកកោណមានចំនួន ៣ លាន ៥ សែន នាក់។
ដោយសាររដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មានគោលនយោបាយតឹងរ៉ឹងចំពោះជនភៀសខ្លួន ធ្វើឲ្យសហរដ្ឋអាមេរិកលែងជាគោលដៅទទួលយកជនភៀសខ្លួនជាច្រើនដូចរដ្ឋបាលមុនៗ។ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ សហរដ្ឋអាមេរិកទទួលយកជនភៀសខ្លួនតែជាង ៧៦.០០០ នាក់ ប៉ុណ្ណោះ។ នេះបើតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew។
ក្នុងឆ្នាំ២០២០នេះ គឺសហរដ្ឋអាមេរិកទទួលជនភៀសខ្លួនតែចំនួន ៧.៦០០ នាក់។ ក្នុងនោះអង្គការសេវាជនអន្តោប្រវេសន៍និងជនភៀសខ្លួនលូថេរ៉ាន់ (LIRS) ជួយសម្រួលបាន ២.០០០នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ខេ បេល័រ (Kay Bellor) អនុប្រធានកម្មវិធីជនភៀសខ្លួននៃអង្គការ LIRS ។
អ្នកស្រី ខេ បេល័រ បានបន្ថែមប្រាប់ VOA ថា៖
«ខ្ញុំមិនដែលឃើញអ្វីដូចពេលនេះទេក្នុងការងារជាច្រើនឆ្នាំរបស់ខ្ញុំដោយរួមទាំងក្រោយពេល[ភេរវកម្មវាយប្រហារ] ថ្ងៃទី១១ ខែកញ្ញា គឺជាពេលដែលយើងជួបប្រទះការលំបាករយៈពេល ២ ឆ្នាំ ក៏យើងនៅតែទទួលយកជនភៀសខ្លួន ៣ម៉ឺននាក់។ ក្នុងឆ្នាំ២០១៨ រដ្ឋបាលនេះទទួលយកជនភៀសខ្លួន២២.០០០នាក់។ ហើយឆ្នាំមុនគេបានទទួល ៣ម៉ឺននាក់ ប៉ុន្តែនាំនេះគឺជាគ្រោះថ្នាក់មួយ»។
អ្នកស្រី បេល័រ មើលឃើញថា ជនភៀសខ្លួនមកពីតំបន់អាស៊ីអាគ្នេយ៍ដូចជាលោកវេជ្ជបណ្ឌិត សៀង សេង គឺបានចូលរួមចំណែកច្រើនដល់សហរដ្ឋអាមេរិក ហើយពួកគេបានជួបប្រទះជីវិតជោគជ័យជាច្រើន។
«តាមបទពិសោធរបស់ខ្ញុំ គឺការងារជាមួយនឹងជនភៀសខ្លួនបានជួយជំរុញទឹកចិត្ត និងធ្វើឲ្យខ្ញុំមានភាពសាមញ្ញដោយសារតែហេតុការណ៍ ដែលពួកគេបានឆ្លងកាត់ដើម្បីទទួលបានសេរីភាពនៅ សហរដ្ឋអាមេរិក។ ខ្ញុំគិតថា ពលរដ្ឋខិតខំប្រឹងធ្វើការកាន់តែខ្លាំង។ ជារួមគឺកម្មវិធីជនភៀសខ្លួនទាំងមូលមានផលប្រយោជន៍ដ៏ធំដល់សហរដ្ឋអាមេរិកលើគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងសេដ្ឋកិច្ច និងវប្បធម៌»។
ឥឡូវនេះ លោកវេជ្ជបណ្ឌិត សៀង សេង បានចូលនិវត្តន៍ពីការងារជាគ្រូពេទ្យប្រចាំគ្រួសារ បន្ទាប់ពីធ្វើការរយៈពេល៣០ឆ្នាំ។ លោកនៅបន្តបង្រៀនខ្លះៗនៅមហាវិទ្យាល័យសហគមន៍ក្នុងក្រុងម៉ូដេសស្តូ ហើយលោកគឺជានាយផ្នែកវេជ្ជសាស្ត្រនៃមហាវិទ្យាល័យមូដេស្តូ នៅរដ្ឋកាលីហ្វញ៉ា។
ទិវាជនភៀសខ្លួនពិភពលោកឆ្នាំនេះ ប្រារព្ធក្រោមប្រធានបទ «គ្រប់សកម្មភាពមានតម្លៃ» ហើយចំពេលដែលពិភពលោកប្រឈមនឹងវិបត្តិសុខភាពបង្កឡើងដោយជំងឺកូវីដ១៩ គឺវេជ្ជបណ្ឌិតទាំង ៥រូប នៃគ្រួសារវេជ្ជបណ្ឌិត សៀង សេង បន្តចូលរួមចំណែកនៅជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែវាយប្រហារសហរដ្ឋអាមេរិក។
លោកវេជ្ជបណ្ឌិត សៀង សេង មានជំនឿថា ពួកគេនឹងឈ្នះសមរភូមិនេះ គឺមិនដូចកាលពីជាង ៤៥ ឆ្នាំមុន នៅពេលដែលសមាជិក ២៤ នាក់ នៃក្រុមគ្រួសាររបស់លោកត្រូវបានជម្លៀសទៅសហករណ៍នៅទីជនបទក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប៉ុន្តែនៅពេលរបបនេះបានដួលរលំក្រោយពីកាន់អំណាចជិត ៤ ឆ្នាំ គឺមានតែលោកម្នាក់ទេដែលនៅរស់រានមានជីវិត ដើម្បីយករឿងដ៏ឈឺចាប់នេះប្រាប់ដល់ពិភពលោកឲ្យបានដឹង៕