វ៉ាស៊ីនតោន — សូមស្វាគមន៍មកកាន់កម្រងអត្ថបទពណ៌នារបស់ VOA សម្រាប់ការអានចុងសប្តាហ៍។ នៅចុងសប្តាហ៍នេះ លោកអ្នកនាងទទួលបានព័ត៌មានអំពីផលប៉ះពាល់នៃរោគរាតត្បាតកូវីដ១៩ លើអាជីវករកម្ពុជា ក្តីព្រួយបារម្ភពីការបន្តពិសារគ្រឿងស្រវឹងជាក្រុមក្នុងអំឡុងរោគរាតត្បាត និងអត្ថបទវិភាគអំពីភូមិសាស្ត្រនយោបាយនៅកម្ពុជាខណៈកម្ពុជាទប់ទល់នឹងជំងឺកូវីដ១៩ និងអត្ថបទវិភាគមួយទៀតអំពីស្ថានភាពប្រជាធិបតេយ្យសេរីពហុបក្សក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
_____________________
អ្នកពាក់ព័ន្ធបារម្ភការពិសាគ្រឿងស្រវឹងជាក្រុម នាំឲ្យការចម្លងវីរុសកូរ៉ូណាកម្រិតខ្ពស់
អ្នកជំនាញផ្នែកសុខភាព និងអ្នកធ្វើការក្នុងវិស័យសង្គម បានបង្ហាញទស្សនៈផ្សេងៗគ្នា ទៅលើការបន្តពិសាគ្រឿងស្រវឹងជុំៗគ្នា ក្នុងគ្រាដែលប្រទេសកំពុងញាំញីដោយការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាដែលបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការទទួលទានគ្រឿងស្រវឹងរួមគ្នា ងាយនឹងបង្កការឆ្លង ដោយសារពេលដែលស្រវឹងអ្នកពិសាអាចភ្លេចភ្លាំងស្មារតី មិនមានអនាម័យត្រឹមត្រូវ ដូចជាការលាងដៃ ឬក៏អាចមានភាពស្និទ្ធស្នាលប្រកៀកប្រកិតគ្នា។ លោកបន្ថែមថា ការទទួលទានគ្រឿងស្រវឹងក៏នឹងធ្វើឲ្យសុខភាពចុះខ្សោយ ដែលងាយប្រឈមការឆ្លងមេរោគផ្សេងៗ ក្នុងនោះគឺមេរោគកូរ៉ូណា។
វិធានការដែលល្អបំផុតសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងស្រវឹងនោះ គឺបិទមិនឲ្យលក់ស្រាបៀរមួយរយៈសិន ក្នុងពេលដែលប្រទេស ឬសាកលលោកមិនទាន់ដោះស្រាយវិបត្តិមេរោគកូរ៉ូណានេះបាននៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត មុំ គង់។ អានព័ត៌មានលម្អិត ដោយលោក ហ៊ុល រស្មី នៃវីអូអេ
___________________
អាជីវករសម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិខ្មែរជួបការលំបាក ខណៈពេលកើតមានជំងឺកូវីដ១៩
អាជីវករលក់គ្រឿងតុបតែងលម្អនិងគ្រឿងសំណែននៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំនេះកំពុងប្រឈមនឹងការបាត់បង់ចំណូលដោយសារចំនួនអតិថិជនបានថយចុះស្របពេលកម្ពុជាកំពុងទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស។
កំពុងឈររង់ចាំអតិថិជនមកទិញផ្កានៅកែងផ្សារចាស់ក្នុងក្រុងភ្នំពេញ ដោយទឹកមុខមិនសូវញញឹមប៉ុន្មាន លោក ផុន ភី អាយុ ៣៨ឆ្នាំ ជាអ្នកលក់គ្រឿងសក្ការៈបូជា និងផ្កានៅផ្សារនេះអស់រយៈពេលជាងបីឆ្នាំមកហើយ។
ប៉ុន្តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ លោកនិយាយថា អាជីវកម្មរបស់លោកកំពុងជួបប្រទះនឹងការលំបាក ដោយសារតែមិនសូវលក់បានច្រើនដូចគ្រាមុនៗនោះទេ។ អានព័ត៌មានលម្អិតដោយលោក ណឹម សុភ័ក្ត្របញ្ញា
_______________________
កម្មកររោងចក្រត្រូវបញ្ឈប់ពីការងារ បន្ទាប់ពីត្រឡប់មកពីចូលឆ្នាំខ្មែរ
កន្លងទៅមន្រ្តីក្រសួងការងារបានលើកឡើងថា កម្មកររោងចក្រប្រឈមនឹងការបញ្ឈប់ពីការងារ ប្រសិនបើពួកគេមិនគោរពតាមការសម្រេចរបស់រដ្ឋាភិបាលដែលឲ្យពួកគេបន្តធ្វើការមិនត្រឡប់ទៅស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ។ កម្មកររោងចក្រកំពុងត្រឡប់មកធ្វើការវិញ ប៉ុន្តែថាតើពួកគេអាចបន្តធ្វើការនៅរោងចក្រឬយ៉ាងណាមិនច្បាស់លាស់នោះទេ។កម្មករមួយចំនួនត្រូវបានបញ្ឈប់ពីការងាររួចទៅហើយ ក្រោមហេតុផលថាពួកគេមិនបានធ្វើការប្រមាណមួយសប្តាហ៍។ អានព័ត៌មានលម្អិតដោយលោក ស៊ុន ណារិន នៃវីអូអេ
________________________
ការប្រជែងភូមិសាស្ត្រនយោបាយនៅតែសកម្ម ខណៈកម្ពុជាកំពុងទប់ទល់នឹងជំងឺកូវីដ១៩
ខណៈកម្ពុជាដូចប្រទេសនានានៅទូទាំងសកលលោកដែរបាននិងកំពុងប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នោះចរន្តប្រកួតប្រជែងភូមិសាស្ត្រនយោបាយមិននៅស្ងៀមឡើយ។បណ្ដាប្រទេសនានាដែលស្ថិតនៅជុំវិញដែនយុទ្ធសាស្ត្រនយោបាយការបរទេសកម្ពុជាបានបញ្ចេញនិងបង្ហាញការចូលរួមរបស់គេរៀងៗខ្លួនក្នុងការដោះស្រាយវិបត្តិកូវីដនៅកម្ពុជា។ប៉ុន្តែវៀតណាមដែលជាមិត្តចាស់របស់កម្ពុជាត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែនរិះគន់ដោយមិនបញ្ចេញឈ្មោះនៅក្នុងកិច្ចប្រជុំពិសេសមួយនៅសប្តាហ៍នេះ។ អានព័ត៌មានលម្អិតដោយលោក អូន ឆេងប៉រ នៃវីអូអេ
_____________________
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បង្ហាញពីនយោបាយប្រជាធិបតេយ្យពហុបក្សរបស់លោកហ៊ុន សែន
២០ខែបន្ទាប់ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែលមានគណបក្សជាសមាជិកចូលរួមចំនួន១៦ គណបក្ស មជ្ឈដ្ឋានដទៃបានសម្ដែងមតិចម្រុះគ្នាអំពីសារៈតម្លៃនៃវត្តមានប្រសិទ្ធភាពការងារនិងអនាគតនៃវេទិកានយោបាយផ្ដល់យោបល់បែបថ្មីនេះ។ លោក អូន ឆេងប៉រ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។ អានព័ត៌មានលម្អិតដោយលោក អូន ឆេងប៉រ នៃវីអូអេ