ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា រុស្ស៊ីកំពុងត្រៀមរៀបចំធ្វើការវាយប្រហារមួយ ទៅលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ដែលជាទីតាំងរោងចក្រដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប។
លោក Zelenskyy បានថ្លែងក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា៖ «ការឈប់កាន់កាប់ទាំងស្រុងនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺជាតម្រូវការដ៏ចាំបាច់»។ លោកបន្តទៀតថា៖ «អ្នកដែលធ្វើមិនដឹងមិនឮពីការកាន់កាប់របស់រុស្ស៊ីនៅក្នុងទីតាំងមួយនេះ ក៏ដូចជាការដាក់មីនរបស់រុស្ស៊ីនៅក្នុងទឹកដីនិងទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរនេះ មិនគ្រាន់តែចូលរួមនៅក្នុងអំពើដ៏អាក្រក់ឃោរឃៅរបស់រុស្ស៊ីនោះទេ ប៉ុន្តែថែមទាំងចូលរួមនៅក្នុងអំពើភេរវកម្មជាទូទៅរបស់រុស្ស៊ីផងដែរ»។
លោកZelenskyy ក៏បានព្រមានពីគ្រោះថ្នាក់ដ៏ធំធេង ដែលអាចកើតមានឡើងពីការវាយប្រហារនេះ ។ លោកថា ជាការច្បាស់ណាស់ ការសាយភាយវិទ្យុសកម្មពីរោងចក្រនេះ នឹងមិនសួរនាំថា តើអ្នកណាអព្យាក្រិតនោះឡើយ គឺវានឹងសាយភាយទៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក។
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi និយាយថា សុវត្ថិភាពនិងស្ថានភាពសន្តិសុខនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia មានភាពផុយស្រួយខ្លាំងណាស់ បន្ទាប់ពីមានការបំផ្លាញទំនប់ទឹក Kakhovka ដែលស្ថិតនៅក្បែរនោះរួចមក។ លោកបានអំពាវនាវឱ្យគ្រប់ភាគីក្នុងជម្លោះទាំងអស់ ត្រូវប្រកាន់ខ្ចាប់នូវគោលការណ៍ ការពារមិនឱ្យមានឧប្បទ្ទវហតុគ្រោះថ្នាក់ណាមួយទៅលើទីតាំងរោងចក្រនេះ។
យោធាអ៊ុយក្រែននិយាយនៅព្រឹកថ្ងៃសុក្រនេះថា សំឡេងសារ៉ែនព្រមានពីការវាយប្រហារតាមអាកាសត្រូវបានគេឮនៅទូទាំងប្រទេស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា មានការប្រយុទ្ធគ្នាដ៏តឹងតែងមួយ នៅតាមសមរភូមិជួរមុខ ប៉ុន្តែលោកថា កងកម្លាំងរបស់លោកកំពុងរុលទៅមុខនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន និងបានរក្សាទីតាំងការពារនៅផ្នែកខាងកើតប្រទេសផងដែរ៕
(ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និង Reuters)