ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានធ្វើទស្សនកិច្ចទៅកាន់តំបន់ Kherson ដែលនៅទីនោះមនុស្សរាប់ពាន់នាក់កំពុងជួបប្រទះផលប៉ះពាល់ដែលបណ្ដាលមកពីទឹកជំនន់បន្ទាប់ពីទំនប់វារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញ។
លោក Zelenskyy បានបង្ហោះវីដេអូមួយនៅលើ Telegram ដែលបង្ហាញអំពីលោកជួបជាមួយនឹងមន្ត្រីនានា និងបាននិយាយថា ពួកគេបានពិភាក្សាអំពីការជម្លៀសមនុស្ស ស្ដារប្រព័ន្ធអេកូឡូស៊ីរបស់តំបន់នោះ និងស្ថានភាពយោធានៅក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃពុធ ដែលនៅក្នុងសុន្ទរកថានោះ លោកបានអំពាវនាវឱ្យមាន «ការឆ្លើយតបច្បាស់លាស់និងឆាប់រហ័សពីអន្តរជាតិ»។
លោកបាននិយាយថា៖ «កិច្ចប្រឹងប្រែងទ្រង់ទ្រាយធំគឺត្រូវការជាចាំបាច់» ដែលក្នុងនោះរួមមានទាំងការជួយជ្រោមជ្រែងរបស់អង្គការនានាដូចជាគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ផងដែរ។
គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមបានបញ្ជាក់កាលពីព្រឹកថ្ងៃពុធថា ខ្លួនកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការកាកបាទក្រហមអ៊ុយក្រែនដើម្បីគាំទ្រដល់ការឆ្លើយតបផ្នែកមនុស្សធម៌ចំពោះការបំផ្លាញទំនប់វារីអគ្គិសនីនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានសន្យាថា យន្តការរបស់អង្គការអូតង់នឹងត្រូវប្រើដើម្បីផ្ដល់ជំនួយមនុស្សធម៌។ លោក Kuleba និងលោក Stoltenberg បានប្រកាសថា ពួកគេនឹងដឹកនាំកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍នេះជាមួយនឹងសម្ព័ន្ធមិត្តអង្គការអូតង់ដើម្បីពិភាក្សាអំពីស្ថានការណ៍នេះ។
អភិបាលតំបន់ Kherson លោក Oleksandr Prokudin បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ផ្ទៃដីប្រមាណ ៦០០ គីឡូម៉ែត្រការ៉េត្រូវបានជន់លិច។
លោក Prokudin បានបញ្ជាក់ថា ដីលិចទឹកប្រហែលពីរភាគបីគឺស្ថិតនៅផ្នែកម្ខាងនៃទន្លេ Dnipro ដែលត្រួតត្រាដោយរុស្ស៊ី ចំណែកឯដីលិចទឹកប្រហែលមួយភាគបីទៀតគឺស្ថិតនៅផ្នែកដែលនៅស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ លោកបានបន្ថែមថា កិច្ចប្រឹងប្រែងជម្លៀសមនុស្សចេញពីតំបន់លិចទឹកកំពុងបន្តធ្វើ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។