មន្ត្រីអ៊ុយក្រែននិយាយថា ទាហានខ្លួនបានបាញ់ទម្លាក់មីស៊ីលនិងយន្តហោះដ្រូនរុស្ស៊ីជាង ៣០គ្រឿង នៅលើទីក្រុងកៀវ នៅថ្ងៃសុក្រនេះ។ សេចក្តីថ្លែងការណ៍របស់កងកម្លាំងទ័ពអាកាសអ៊ុយក្រែនថ្លែងថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីល cruise ១៥គ្រាប់ និងយន្តហោះដ្រូនចំនួន ២១គ្រឿង។ មន្ត្រីទាំងនោះបន្តទៀតថា យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់ផងដែរ បានរងរបួសពីកម្ទេចបាក់បែកដែលបានធ្លាក់ពីអាកាស។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយនៅក្នុងរបាយការណ៍ស៊ើបការណ៍ ស្តីពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃសុក្រនេះថា រុស្ស៊ីពេលនេះកំពុងប្រឈមនឹងចំណុចសំខាន់ពីរក្នុងពេលតែមួយ នោះ គឺថាតើរុស្ស៊ីគួរពង្រឹងសមត្ថភាពការពារខ្លួននៅក្នុងតំបន់ព្រំដែនរបស់ខ្លួន ឬត្រូវពង្រឹងកម្លាំងខ្សែត្រៀមក្នុងទីតាំងដែលខ្លួនកំពុងគ្រប់គ្រងក្នុងប្រទេសអ៊ុយក្រែននោះឬយ៉ាងណា។
ស្របពេលជាមួយគ្នានេះផងដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់លើរបាយការណ៍មួយចំនួនដែលថា ពលរដ្ឋបានរត់រកកន្លែងជ្រកនៅក្នុងទីតាំងសុវត្ថិភាពមួយក្នុងទីក្រុងកៀវ ប៉ុន្តែទីតាំងនោះត្រូវបិទទ្វារ។ លោកថ្លែងដូចនេះថា នេះជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ជាភារកិច្ចជាក់លាក់មួយ ដើម្បីធានាថា មណ្ឌលសុវត្ថិភាពនោះបើកទទួលនិងអាចឱ្យពលរដ្ឋប្រើប្រាស់បានគ្រប់ពេលទាំងអស់។ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានលើកឡើងផងដែរថា៖ «ប្រសិនបើគេមិនអនុវត្តភារកិច្ចនេះនោះទេ នេះជាការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តច្បាប់ដោយផ្ទាល់ ដើម្បីនាំភាគីទទួលខុសត្រូវទៅតុលាការ»។
ទន្ទឹមនឹងនេះដែរ កាវាយប្រហារមួយរបស់រុស្ស៊ីកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ម្សិលមិញដែលសំដៅទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែនដែរនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ ៣នាក់ដែរ ដែលក្នុងនោះក៏មានក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ និងម្តាយរបស់នាង និងធ្វើឱ្យមនុស្ស ១៦នាក់ផ្សេងទៀតបានរងរបួសផងដែរ។ នេះបើតាមការឱ្យដឹងរបស់ក្រុមមន្ត្រីអ៊ុយក្រែន។
នៅថ្ងៃទី១ ខែមិថុនានេះ ប្រទេសជាច្រើនបានប្រារព្ធទិវាកុមារអន្តរជាតិ។ ប្រធានាធិបតីអ៊ុយក្រែនបានធ្វើការកត់សម្គាល់ដូចនេះ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជាចំថ្ងៃនេះក្តី ក៏រដ្ឋភេរវកម្មមួយបានឆក់យកជីវិតក្មេងស្រីអ៊ុយក្រែនម្នាក់ផងដែរ៕