ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និង​រុស្ស៊ី​ចោទ​គ្នា​ថា​បាន​បំផ្ទុះ​ទំនប់​វារីអគ្គិសនី ​Kakhovka


ទំនប់​វារីអគ្គិសនី​ភាគខាងត្បូង​អ៊ុយក្រែន​ត្រូវបាន​បំផ្ទុះ
ទំនប់​វារីអគ្គិសនី​ភាគខាងត្បូង​អ៊ុយក្រែន​ត្រូវបាន​បំផ្ទុះ

ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​រុស្ស៊ី​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​បំផ្ទុះ​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​នៅ​ជិត​ទីក្រុង Kherson នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ។

ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនី Kakhovka នេះ​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បង្ក​ឱ្យ​មាន​ការ​ព្រមាន​អំពី​ការជម្លៀស​ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេ Dnipro។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​កោះ​ហៅ​ឱ្យ​មាន​ការ​ប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​និង​ការពារ​ជាតិ​របស់​លោក​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នេះ។

លោក Zelenskyy បាន​សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «ការ​បំផ្លាញ​ទំនប់​រោងចក្រ​ថាមពល​វារីអគ្គិសនី Kakhovka នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដល់​ពិភពលោក​ទាំង​មូល​ថា កងទ័ព​រុស្ស៊ី​ត្រូវតែ​បណ្ដេញ​ចេញ​ពី​គ្រប់​ជ្រុង​ទាំង​អស់​នៃ​ដែនដី​អ៊ុយក្រែន ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ពួកគេ​បន្ត​នៅ​នោះ​ទេ​ទោះបី​ជា​ដី​មួយ​ម៉ែត្រ​ក៏ដោយ ដោយ​ហេតុ​ថា​ពួកគេ​ប្រើ​វត្តមាន​របស់​ខ្លួន​នៅ​លើ​ដែនដី​ទាំង​នោះ​ដើម្បី​ប្រព្រឹត្ត​អំពើ​ភេរវកម្ម។ មាន​តែ​ពេល​ដែល​អ៊ុយក្រែន​ទទួល​បាន​ជ័យជម្នះ​ប៉ុណ្ណោះ​ដែល​សន្តិសុខ​នឹង​ត្រឡប់​មក​វិញ ហើយ​ជ័យជម្នះ​នេះ​នឹង​មក​ដល់។ ពួក​ភេរវករ​នឹង​មិន​អាច​បញ្ឈប់​អ៊ុយក្រែន​ដោយ​ប្រើ​ផ្លូវ​ទឹក មីស៊ីល ឬ​ក៏​អ្វី​ផ្សេង​ទៀត​នោះ​ឡើយ»។

លោក Andriy Yermak ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​សរសេរ​នៅ​លើ Telegram ថា ការ​បំផ្លាញ​របស់​រុស្ស៊ី​លើ​ទំនប់​វារីអគ្គិសនី​នេះ​គឺ​ជា «ទង្វើ​ព្រៃផ្សៃ» និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

មន្ត្រី​រុស្ស៊ី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​បាន​បំផ្លាញ​ដល់​ទំនប់​វារីអគ្គិសនី​នេះ។

ទីភ្នាក់ងារ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ​បាន​សរសេរ​នៅ​លើ Twitter នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនី​នេះ «ធ្វើ​ឱ្យ​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ស្ថិត​ក្នុង​គ្រោះថ្នាក់ ដោយ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​គ្មាន​ផ្ទះ​សម្បែង​ស្នាក់នៅ​និង​ត្រូវការ​ជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់»។

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​ហៅ​ការ​បំផ្លិច​បំផ្លាញ​ទំនប់​វារីអគ្គិសនី​នេះ​ថា​ជា «ទង្វើ​សាហាវ​ហួសហេតុ ដែល​បង្ហាញ​ជា​ថ្មី​ម្ដង​ទៀត​អំពី​ភាព​ឃោរឃៅ​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​លោក Charles Michel បាន​និយាយ​ថា លោក «ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នេះ» និង​ថា​ក្រុមប្រឹក្សា​អឺរ៉ុប​នឹង​ពិភាក្សា​អំពី​រឿង​នេះ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​ក្នុង​ខែ​នេះ។

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP,​Reuters និង​ AFP។

XS
SM
MD
LG