ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញានឹងដណ្តើមទឹកដីត្រឡប់មកវិញ ដោយមានការជួយពីអាវុធទំនើប បន្ទាប់ពីកងទ័ពរបស់លោកបានដកចេញពីទីក្រុង Lysychnask ដែលជាទឹកដីនៅសល់ចុងក្រោយបង្អស់គ្រប់គ្រងដោយអ៊ុយក្រែននៅក្នុងខេត្ត Luhansk ភាគខាងកើត។
ក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃអាទិត្យ លោក Zelenskyy បាននិយាយថា រុស្ស៊ីបានផ្តោតកម្លាំងនៅតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយថា កងទ័ពអ៊ុយក្រែននឹងឆ្លើយតបដោយប្រើអាវុធវង់ប្រតិបត្តិការឆ្ងាយផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច ដូចជាប្រព័ន្ធកាំភ្លើងធំ U High Mobility Artillery របស់សហរដ្ឋអាមេរិក។
លោក Zelenskyy បាននិយាយថា៖ «តាមពិត យើងការពារជីវិតទាហាន ប្រជាពលរដ្ឋរបស់យើងដែលដើរតួនាទីសំខាន់ដូចគ្នា។ យើងនឹងស្ថាបនាជញ្ជាំងឡើងវិញ។ យើងនឹងដណ្តើមយកទឹកដីមកវិញ ហើយប្រជាពលរដ្ឋត្រូវបានការពារលើសពីអ្វីៗទាំងអស់»។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្រេចដកកងទ័ពដែលនៅសេសសល់ចេញពីទីក្រុង Lysychansk ពីព្រោះការខិតខំបន្តការការពារប្រឈមនឹងកងទ័ពនិងអាវុធរបស់រុស្ស៊ីដែលខ្លាំងជាង «នឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ»។
ពួកមន្ត្រីអ៊ុយក្រែនបានជំរុញម្តងហើយម្តងទៀតឱ្យសម្ព័ន្ធមិត្តបង្កើនការផ្តល់អាវុធទំនើបកាន់តែច្រើនដើម្បីជួយឱ្យពួកគេអាចប្រកួតនឹងកម្លាំងយោធារបស់រុស្ស៊ី។
ចាប់តាំងពីការឈ្លានពានទឹកដីអ៊ុយក្រែនចូលក្នុងខែទី៤ដើម្បីផ្តួលរំលំលោក Zelenskyy ឬកាន់កាប់រដ្ឋធានីកៀវមិនបានសម្រេចមកនោះ រុស្ស៊ីបានផ្តោតលើការដណ្តើមការត្រួតត្រាតំបន់ Donbas ដែលរួមមានខេត្ត Luhansk និង Donetsk។ អ៊ុយក្រែនរក្សាការកាន់កាប់ទីក្រុងខ្លះក្នុងខេត្ត Donetsk។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយតាម Telegram ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់លោកប្រធានាធិបតី Vladimir Putin ថា សាធារណរដ្ឋប្រជាមានិត Luhansk ជាឈ្មោះដែលរដ្ឋាភិបាលទាមទារបំបែករដ្ឋគាំទ្ររុស្ស៊ីហៅនោះ ត្រូវបានរំដោះហើយ។
ដោយឡែកប្រទេសអ៊ុយក្រែនបាននិយាយថា ប្រទេសតួកគីបានចាប់កប៉ាល់រុស្ស៊ីដែលដឹកគ្រាប់ធញ្ញជាតិរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសតួកគីបាននិយាយថា មន្ត្រីគយទួកគីបានឃាត់កប៉ាល់រុស្ស៊ីមួយគ្រឿងដែលដឹកគ្រាប់ធញ្ញជាតិពីតំបន់កាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតលោក Vasyl Bodnar បាននិយាយកាលពីថ្ងៃអាទិត្យថា កប៉ាល់នោះស្ថិតនៅច្រកចូលកំពង់ផែ Karasu របស់ប្រទេសតួកគី ហើយថា អ៊ុយក្រែនសង្ឃឹមថា មន្ត្រីតួកគីនឹងរឹបអូសគ្រាប់ធញ្ញជាតិនេះ។ អ៊ុយក្រែនបានចោទរុស្ស៊ីថា បានលួចគ្រាប់ធញ្ញជាតិពីទឹកដីដែលរុស្ស៊ីកាន់កាប់តាំងពីបានចាប់ផ្តើមធ្វើសង្រ្គាមនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ រុស្ស៊ីបដិសេធការចោទប្រកាន់នេះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse)