ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃពុធថា យុទ្ធជនចំនួន១៤៤ នាក់នៃយុទ្ធជនរបស់ប្រទេសនេះត្រូវបានដោះលែងពីការឃុំឃាំងរបស់រុស្ស៊ីតាមរយៈ «យន្តការដោះដូរ» ហើយយុទ្ធជនជិត១០០នាក់ដែលត្រូវបានដោះលែងបានចូលរួមក្នុងការការពារទីក្រុងឆ្នេរសមុទ្រ Mariupol របស់អ៊ុយក្រែន។
នៅមុននេះ តំណាងរាស្រ្តអ៊ុយក្រែនឈានមុខគេបានប្រាប់ VOA ថា រដ្ឋាភិបាលទីក្រុងកៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូកំពុងដំណើរការការដោះដូរអ្នកទោស ហើយថា លោក Roman Abramovichពាណិជ្ជកររុស្ស៊ីដែលមានទំនាក់ទំនងនឹងលោក Putin កំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងកិច្ចពិភាក្សានេះ។
ប៉ុន្មានម៉ោងក្រោយមក នៅក្នុងសុន្ទរកថានាពេលរាត្រីរបស់លោកទៅកាន់ប្រទេសជាតិ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហៅការដោះដូរនេះថា ជារឿង«សុទិដ្ឋិនិយម និងមានសារៈសំខាន់ខ្លាំងណាស់»។ លោក Zelenskyy បាននិយាយថាទាហាន៥៩ នាក់ដែលបានត្រឡប់ទៅអ៊ុយក្រែនវិញគឺជាសមាជិកនៃឆ្មាំជាតិ បន្ទាប់មក មានទាហាន៣០នាក់ក្នុងកងទ័ពជើងទឹក ២៨នាក់ក្នុងកងទ័ពជើងគោក ១៧នាក់ជាឆ្មាំព្រំដែននិង ៩ នាក់ជាប្រយុទ្ធការពារទឹកដីនិងម្នាក់ជាប៉ូលិស។ លោកបាននិយាយនៅក្នុងវីដេអូដែលបានចាក់ផ្សាយថា៖ «ក្នុងចំណោមអ្នកដោះដូរនោះអ្នកដែលមានអាយុច្រើនជាងគេគឺអាយុ ៦៥ ឆ្នាំ និងក្មេងជាងគេគឺអាយុ ១៩ ឆ្នាំ។លោកបានបន្ថែមថា «ជាពិសេសអ្នកការពាររោងចក្រ Azovstal ចំនួន៩៥នាក់បានត្រឡប់ទៅផ្ទះវិញ»។
ការការពាររោងចក្រ Azovstal នៅ ក្រុងMariupol គឺជាការតស៊ូលេចធ្លោខ្លាំងក្លារវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី ចាប់ពីខែមីនាដល់ខែឧសភា។ ការប្រយុទ្ធនេះបានបញ្ចប់ដោយខាងអ៊ុយក្រែនមិនដឹងពីចំនួនមនុស្សស្លាប់ហើយយុទ្ធជនអ៊ុយក្រែនជិត២៥០០នៅត្រូវរុស្ស៊ីចាប់ខ្លួន។នេះបើយោងតាមតួលេខដែលចេញផ្សាយដោយភាគីរុស្ស៊ី។
ព័ត៌មានអំពីការដោះដូរកាលពីថ្ងៃពុធបានលេចឡើងក្រោយការប្រកាសកាលពីមួយថ្ងៃមុននេះថា ជនជាតិអ៊ុយក្រែន១៧ នាក់ រួមទាំងទាហាន១៦នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានដោះលែងពីការឃុំឃាំងរបស់រុស្ស៊ីនៅក្នុងការដោះដូរមួយដែលជនជាតិរុស្ស៊ី១៥នាក់ត្រូវបានដោះលែង ហើយសាកសពទាហានអ៊ុយក្រែនចំនួន៤៦ នាក់បានត្រឡប់ទៅផ្ទះវិញ។ ជាថ្នូរ អ៊ុយក្រែនបានប្រគល់សពទាហានរុស្ស៊ីចំនួន៤០នាក់។ រដ្ឋាភិបាលអ៊ុយក្រែនបានឱ្យដឹងថា ក្នុងចំណោមយុទ្ធជនអ៊ុយក្រែន៤៦នាក់ដែលស្លាប់នោះ មាន២១នាក់បានចូលរួមក្នុងការការពាររោងចក្រ Azovstal ។
លោក David Arakhamia មេដឹកនាំគណបក្សបម្រើប្រជាជនរបស់លោក Zelenskyy ក្នុងសភាអ៊ុយក្រែន បានប្រាប់ VOA ក្នុងអំឡុងដំណើរទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីដើមខែនេះថា លោក Abramovich កំពុងដើរតួយ៉ាងសកម្មនៅក្នុងកិច្ចពិភាក្សាដោះដូរអ្នកទោសរវាងរដ្ឋាភិបាលទីក្រុងកៀវ និងរដ្ឋាភិបាលទីក្រុងម៉ូស្គូ៕