ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធនេះថា មនុស្សរាប់សែននាក់ «គ្មានលទ្ធភាពដូចរាល់ដងក្នុងការទទួលបានទឹកបរិភោគ» ក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបានរងការបំផ្លាញ។
លោក Zelenskyy បានសរសេរនៅលើ Twitter ថា ការបំផ្លាញទំនប់វារីអគ្គិសនីនេះគឺជា «ចេតនាទាំងស្រុង» ដោយលោកបានរិះគន់កងទ័ពរុស្ស៊ីនិងបានចោទរដ្ឋាភិបាលរុស្ស៊ីបន្ថែមទៀតថា មិនបានចាត់វិធានការដើម្បីជួយអ្នកដែលរស់នៅក្នុងតំបន់ដែលរុស្ស៊ីត្រួតត្រាដែលកំពុងតែប្រឈមមុខនឹងផលប៉ះពាល់នៃទឹកជំនន់ដោយសារការបំផ្លាញទំនប់វារីអគ្គិសនីនេះ។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មនុស្សជាង ១៧.០០០ នាក់ត្រូវបានជម្លៀសពីតំបន់នៅតាមដងទន្លេ Dnipro ដែលនៅទីនោះក្រុងនិងភូមិប្រមាណ ៤០ បានរងគ្រោះដោយសារទឹកជំនន់នៅក្នុងតំបន់ស្ថិតក្រោមការត្រួតត្រារបស់រុស្ស៊ី។
មនុស្សជាង ៩០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់នៅក្នុងការវាយតម្លៃប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃពុធនេះថា៖ «គ្រោងទំនប់វារីអគ្គិសនីនេះទំនងជានឹងកាន់តែយ៉ាប់យ៉ឺនឡើងបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយនឹងបណ្ដាលឱ្យមានទឹកជំនន់បន្ថែមទៀត»។
អ៊ុយក្រែននិងរុស្ស៊ីបានចោទគ្នាទៅវិញទៅមកថាជាអ្នកបំផ្លាញទំនប់វារីអគ្គិសនីនេះ។ ទំនប់នេះស្ថិតនៅចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីភាគខាងកើតទីក្រុង Kherson នៅក្នុងផ្នែកមួយនៃប្រទេសអ៊ុយក្រែនដែលរុស្ស៊ីបានត្រួតត្រាជាងមួយឆ្នាំកន្លងមក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃអង្គារថា ខ្លួនមិនអាចបញ្ជាក់ឱ្យបានប្រាកដទេថាតើទំនប់វារីអគ្គិសនីនេះត្រូវបានបំផ្លាញដោយសារអ្វី ប៉ុន្តែខ្លួនបានធ្វើការវាយតម្លៃលើរបាយការណ៍នានាដែលថាការបំផ្ទុះទំនប់នេះត្រូវបានធ្វើឡើងដោយភាគីរុស្ស៊ី។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ការវាយប្រហារលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវតែបញ្ឈប់៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និងAFP។