ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​ខ្លួន​បាន​វាយ​បក​​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​នៅ​តំបន់ Donetsk


មីស៊ីល​ពី​រុស្ស៊ី​ត្រូវ​គេ​ឃើញ​​បាញ់​​​​​ដាក់​​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៣។
មីស៊ីល​ពី​រុស្ស៊ី​ត្រូវ​គេ​ឃើញ​​បាញ់​​​​​ដាក់​​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៣។

ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងទ័ព​របស់​ខ្លួន​បាន​វាយ​រុញច្រាន​ទៅ​វិញ​នូវ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Donetsk នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា គោល​បំណង​របស់​ភាគី​អ៊ុយក្រែន​គឺ​ព្យាយាម​បំបែក​នូវ​អ្វី​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​តំបន់​ខ្សោយ​បំផុត​នៅ​តាម​បណ្ដោយ​សមរភូមិ​ជួរ​មុខ ប៉ុន្តែ​ការ​ព្យាយាម​នោះ «មិន​ទទួល​បាន​ជោគជ័យ» នោះ​ទេ។

រុស្ស៊ី​បាន​លើកឡើង​ថា កង​កម្លាំង​វាយ​ប្រហារ​របស់​អ៊ុយក្រែន​នេះ​រួម​មាន​ទាំង​កង​វរសេនា​តូច​រថពាស​ដែក ៦ កង និង​កង​វរសេនា​តូច​រថក្រោះ ២ កង​ផង​ដែរ។

តំបន់ Donetsk គឺ​ជា​តំបន់​មួយ​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​អះអាង​ថា​បាន​ភ្ជាប់​យក​កាលពី​ឆ្នាំ​មុន ដែល​ការ​ភ្ជាប់​យក​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ច្រានចោល។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​បក​ដែល​ត្រៀម​ទុក​ជា​យូរ​មក​ហើយ​របស់​អ៊ុយក្រែន​ដើម្បី​ដណ្ដើម​យក​មក​វិញ​នូវ​តំបន់​ដែល​កងទ័ព​រុស្ស៊ី​បាន​ដណ្ដើម​យក​នៅ​ក្រោយ​ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពី​ដើម​ឆ្នាំ​មុន​ឬ​ក៏​យ៉ាង​ណា​នោះ។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ក្នុង​អំឡុង​ពេល​រាយការណ៍​ប្រចាំ​ថ្ងៃ​ថា​មាន​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ ២៩ ដង​នៅ​ក្នុង​តំបន់ Donetsk និង​តំបន់ Luhansk៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

XS
SM
MD
LG