ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ជំរុញ​សម្ព័ន្ធមិត្ត​ដែល​ជួយ​អ៊ុយក្រែន កុំឲ្យ​ «‍ទម្លាក់​ដៃ»


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូលរួម​សន្និសីទសារព័ត៌មាន​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Donald Tusk នៅ​ទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូលរួម​សន្និសីទសារព័ត៌មាន​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Donald Tusk នៅ​ទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយ​ថា«‍មិនត្រូវ​ទម្លាក់​ដៃ​ពេល​នេះ» ​ហើយ​ឈប់​គាំទ្រ​អ៊ុយក្រែន​ក្នុង​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី។

ដោយ​និយាយ​សំដៅ​ដល់​ពេល​លោក Donald Trump ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី​២០​ខែ​មករា​ខាង​មុខ​នេះ លោក Zelenskyy បាន​ប្រាប់​ក្រុម​ប្រទេស​ដែល​គាំទ្រ​អ៊ុយក្រែន (Ukraine Defense Contact Group) ក្នុង​ពេល​ថ្លែង​បើក​កិច្ច​ប្រជុំ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់​ថា​ «‍វា​ច្បាស់​ណាស់​ថា​អឺរ៉ុប​និង​ពិភពលោក​ទាំងមូល​នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ថ្មី​មួយ​ក្នុង​ពេល​តែ​១១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ពី​ឥឡូវ​នេះ​ទៅ»។

លោក Zelenskyy បន្ថែម​ថា «‍យើង​ត្រូវ​តែ​សហការ​គ្នា​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ពឹងផ្អែក​លើ​គ្នា​ទៅវិញ​ទៅមក​កាន់​តែ​ខ្លាំង​ជាង​មុន​និង​សម្រេច​លទ្ធផល​រួម​គ្នា​កាន់តែ​ធំធេង​ច្រើន​បន្ថែម​ទៀត។ មិន​ថា​មាន​អ្វី​កើតឡើង​ក្នុង​ពិភពលោក​ទេ គ្រប់គ្នា​ចង់​មានអារម្មណ៍​ប្រាកដប្រជា​ថា​ប្រទេស​របស់​ខ្លួន នឹង​មិន​បាត់​ពី​ផែនទី​ពិភពលោក​ទេ»។

ពេល​អ៊ុយក្រែន​បន្ត​ប្រយុទ្ធ​នឹង​ការ​វាយប្រហារ​ពី​រុស្ស៊ី ការ​គាំទ្រ​របស់​អន្តរជាតិ​ចំពោះ​ការ​ប្រយុទ្ធ​នោះ​មិន​ច្បាស់លាស់​ទេ។ លោក Trump មិន​បាន​បង្ហាញ​ថាតើ​លោក​នឹង​បន្ត​ភាព​ជាអ្នកដឹកនាំ​របស់​អាមេរិក​ចំពោះ​ក្រុម​ប្រទេស​ជួយ​អ៊ុយក្រែន​តទៅទៀត​ឬ​អត់​ទេ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Joe Biden ចប់​អាណត្តិ​របស់​លោក​នៅ​ថ្ងៃ​ទី​២០​ខែ​មករាខាង​មុខ។

តាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២មក ក្រុម​ប្រទេស​ប្រមាណ​៥០ បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​នូវ​ជំនួយ​ជា​អាវុធ ការ​ហ្វឹកហ្វឺន​និង​សម្ភារៈផ្សេងៗ​ដែល​មាន​តម្លៃ​សរុប​ជាង១២៦​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ សហរដ្ឋ​អាមេរិក បាន​ផ្តល់​ប្រមាណ៦៦​ពាន់​លាន​ដុល្លារ គឺ​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ជំនួយ​របស់​ក្រុម​ប្រទេស​ទាំងនោះ។

ក្រុម​ប្រទេស​ទាំង​នេះ​បាន​ប្រមូល​ផ្តុំ​គ្នា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ដើម្បី​សម្របសម្រួល​ជំនួយ​សន្តិសុខ ក្រោយ​ពី​ការ​ឈ្លានពាន​នោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោកAustin បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ជា​អាវុធ​និង​ឧបករណ៍​ផ្សេងៗ​ដែល​មាន​តម្លៃ​៥០០​លាន​ដុល្លារ​ដល់​អ៊ុយក្រែន។ ក្រុម​មន្ត្រី​និយាយ​ថា​នោះ​ជាកញ្ចប់ជំនួយ​យោធា​ចុងក្រោយបង្អស់​មុន​ពេល​លោក Biden បញ្ចប់​អាណត្តិ​របស់​លោក។

លោក Austin ថា​កញ្ចប់​ជំនួយ​នេះ រួម​ទាំង​មីស៊ីល​បន្ថែម​សម្រាប់​ការ​ការពារ​ដែនអាកាស​អ៊ុយក្រែន គ្រាប់​កាំភ្លើង​ធំ និងគ្រាប់​បាញ់​ពី​លើ​អាកាស​និង​សម្ភារ​ច្រើន​ទៀត ដើម្បី​គាំទ្រយន្តហោះចម្បាំង F-16​របស់​អ៊ុយក្រែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG