ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា​អ៊ុយក្រែន​ត្រៀម​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​ជាមួយ​ស៊ីរី


ការស្វាគមន៍ឆ្នាំថ្មីពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។
ការស្វាគមន៍ឆ្នាំថ្មីពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ត្រៀម​លក្ខណៈ​ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​ជាមួយ​នឹង​ប្រទេស​ស៊ីរី បន្ទាប់ពី​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Bashar al-Assad នៅ​ស៊ីរី​បាន​ដួល​រលំ​កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ​កន្លង​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Zelenskyy បាន​និយាយ​ដូច្នេះ​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Andrii Sybiha និង​រដ្ឋមន្ត្រី​កសិកម្ម​អ៊ុយក្រែន​លោក Vitaliy Koval បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ស៊ីរី​កាលពី​ពេល​ថ្មីៗ​នេះ។ លោក Koval បាន​និយាយ​កាលពី​លើក​មុន​ថា​អ៊ុយក្រែន​បាន​បញ្ជូន​ជំនួយ​ស្បៀង​អាហារ​ទៅ​កាន់​ប្រទេស​ស៊ីរី។

លោក Zelenskyy បាន​ថ្លែង​ថា៖ «យើង​ត្រៀម​លក្ខណៈ​ដើម្បី​បន្ត​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ស៊ីរី​និង​កិច្ច​សហប្រតិបត្តិការ​នៅក្នុង​អង្គការ​អន្តរជាតិ​នានា»។

អ៊ុយក្រែន​បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ស៊ីរី​កាលពី​ខែ​មិថុនា ឆ្នាំ ២០២២ បន្ទាប់ពី​រដ្ឋាភិបាល​ស៊ីរី​នៅ​ពេល​នោះ​បាន​បញ្ជាក់​ថា​ខ្លួន​ទទួលស្គាល់ «ឯករាជ្យភាព» នៃ​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​នៅក្នុង​តំបន់ Donetsk និង​តំបន់ Luhansk របស់​ប្រទេស​អ៊ុយក្រែន។

តាំងពី​ពេល​ដែល​ក្រុម​ឧទ្ទាម​បាន​ផ្ដួល​រំលំ​របប​ដឹកនាំ​របស់​លោក Assad កាលពី​ខែ​មុន​មក អ៊ុយក្រែន​ត្រូវបាន​គេ​មើលឃើញ​ថា​បាន​ឈាន​ទៅរក​ការ​កសាង​ទំនាក់ទំនង​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​អ៊ិស្លាម​ថ្មី​របស់​ស៊ីរី។

ប្រទេស​រុស្ស៊ី​ដែល​បាន​ឈ្លានពាន​អ៊ុយក្រែន​នៅ​ឆ្នាំ ២០២២ គឺជា​សម្ព័ន្ធមិត្ត​ដ៏​ស្មោះស្ម័គ្រ​របស់​លោក Assad និង​បាន​ផ្ដល់​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ដល់​លោក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG