ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​រាយការណ៍​ថា​បាន​កម្ទេច​ដ្រូន​របស់​​រុស្ស៊ី​ចំនួន៤៦គ្រឿង


នៅក្នុងរូបថតដែលផ្តល់ដោយសេវាសារព័ត៌មាន 65th Mechanised Brigade របស់​អ៊ុយក្រែនកាលពី​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បង្ហាញពីទាហាន​អ៊ុយក្រែន​ម្នាក់​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​តំបន់ Zaporizhzhia ប្រទេស​អ៊ុយក្រែន។ (Andriy Andriyenko/Ukraine's 65th Mechanised Brigade Press Service via AP)
នៅក្នុងរូបថតដែលផ្តល់ដោយសេវាសារព័ត៌មាន 65th Mechanised Brigade របស់​អ៊ុយក្រែនកាលពី​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បង្ហាញពីទាហាន​អ៊ុយក្រែន​ម្នាក់​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​តំបន់ Zaporizhzhia ប្រទេស​អ៊ុយក្រែន។ (Andriy Andriyenko/Ukraine's 65th Mechanised Brigade Press Service via AP)

យោធា​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន៤៦គ្រឿង​នៃ​ដ្រូន​ទាំង​អស់​ចំនួន៧០គ្រឿង​ដែល​កងទ័ព​រុស្ស៊ី​បាន​ប្រើប្រាស់​នៅ​ក្នុង​ការវាយ​ប្រហារ​ដៅ​លើ​តំបន់​មួយ​ចំនួន​នៅ​ភាគ​កណ្តាល​និង​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

កម្ទេច​បាក់​បែក​មក​ពី​ដ្រូន​ដែល​ធ្លាក់​នោះ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​នៅ​ក្នុង​ទីក្រុង Cherkasy ទីក្រុង Kharkiv និងទីក្រុង Sumy។ នេះ​បើ​តាម​កងទ័ព​អាកាស​របស់​អ៊ុយក្រែន។

កងទ័ព​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​ក៏​បាន​បាញ់​ទម្លាក់​ដ្រូន​នៅ​ក្នុង​ទីក្រុង Chernihiv ទីក្រុង Dnipropetrovsk ទីក្រុង Kherson ទីក្រុង Kyiv ទីក្រុង Mykolaiv ទីក្រុង Poltava និង​ទីក្រុង​ផ្សេងៗទៀត​ផង​ដែរ។

ការវាយ​ប្រហារ​បាន​កើត​មាន​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃក្រោយ​មក​បន្ទាប់ពី​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​បាន​ត្រូវ​ចំ​ទីក្រុង Zaporizhzhia ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ចំនួន​១៣នាក់​និង​ធ្វើ​ឱ្យ​មនុស្ស​៣០​នាក់​ផ្សេង​ទៀត​រង​របួស។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា «គ្មាន​អ្វី​ដែល​ព្រៃផ្សៃ​ជាង​ការទម្លាក់​គ្រាប់​បែក​ពី​អាកាស​មកលើ​ទីក្រុង​ដែល​បាន​ដឹង​ថា​ជនស៊ីវិល​នឹង​ទទួលរងគ្រោះ​នោះ​ទេ»។​

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​ចំនួន១៥​គ្រឿង រួមទាំង​នៅ​លើ​ទីក្រុង Belgorod ទីក្រុង Bryansk និង​ទីក្រុង​ Krasnodar ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​រុស្ស៊ី​និង​អ៊ុយក្រែន។

អភិបាល​ទីក្រុង Krasnodar លោក Veniamin Kondratyev បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​កម្ទេច​បាក់បែក​របស់​ដ្រូន​បាន​ធ្លាក់ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​មួយ​ខ្នង ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់​ ឬ​រងរបួស​ពី​ការវាយ​ប្រហារ​របស់​អ៊ុយក្រែន​នេះ​ទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG