ប្រទេសស៊ីរីសង្ឃឹមថានឹងមាន «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយនឹងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសថ្មីរបស់ស៊ីរី។ ការបញ្ជាក់នេះបានធ្វើឡើងស្របពេលដែលអ៊ុយក្រែនឈានទៅកសាងទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំអ៊ិស្លាមថ្មីរបស់ស៊ីរីចំពេលដែលឥទ្ធិពលរបស់រុស្ស៊ីបានថមថយ។
រដ្ឋមន្ត្រីការបរទេសដែលទើបតែងតាំងថ្មីរបស់ស៊ីរីលោក Asaad Hassan al-Shibani បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha ថា៖ «ភាពជាដៃគូយុទ្ធសាស្ត្ររវាងយើងនិងអ៊ុយក្រែនក្នុងកម្រិតនយោបាយ សេដ្ឋកិច្ច និងសង្គម និងភាពជាដៃគូផ្នែកវិទ្យាសាស្ត្រនឹងកើតមាន»។
លោកបានបន្ថែមថា៖ «ជាការពិត ប្រជាជនស៊ីរីនិងប្រជាជនអ៊ុយក្រែនមានបទពិសោធន៍ដូចគ្នានិងការឈឺចាប់ដូចគ្នាដែលយើងបានឆ្លងកាត់អស់រយៈពេល ១៤ ឆ្នាំ»។ លោកថ្លែងដូច្នេះចង់ប្រៀបធៀបរវាងសង្គ្រាមស៊ីវិលដ៏ឃោរឃៅនៅស៊ីរីពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២៤ និងការដណ្ដើមកាន់កាប់របស់រុស្ស៊ីនូវទឹកដីអ៊ុយក្រែនដែលឈានដល់ការឈ្លានពានពេញទំហឹងលើអ៊ុយក្រែននៅឆ្នាំ ២០២២។
លោក Sybiha ដែលបានជួបជាមួយនឹងមេដឹកនាំថ្មីរបស់ស៊ីរីលោក Ahmed Mal-Sharaa នៅក្នុងទីក្រុងដាម៉ាសកាលពីថ្ងៃចន្ទផងដែរនោះ បាននិយាយថាអ៊ុយក្រែននឹងបញ្ជូនជំនួយស្បៀងអាហារបន្ថែមទៀតទៅកាន់ប្រទេសស៊ីរីបន្ទាប់ពីជំនួយម្សៅចំនួន ២០ ជើងត្រូវគេរំពឹងថានឹងបញ្ជូនដល់ស៊ីរីនៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនអំពីការបញ្ជូនជំនួយស្បៀងអាហារដំណាក់កាលដំបូងរបស់អ៊ុយក្រែនទៅកាន់ប្រទេសស៊ីរីដែលមានម្សៅស្រូវសាឡីចំនួន ៥០០ តោន។ នេះគឺជាផ្នែកមួយនៃគម្រោងផ្ដួចផ្ដើម «ធញ្ញជាតិពីអ៊ុយក្រែន» បែបមនុស្សធម៌ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ៕
ស៊ីរីចង់មានទំនាក់ទំនង «យុទ្ធសាស្ត្រ» ជាមួយអ៊ុយក្រែន ខណៈអ៊ុយក្រែនប្ដេជ្ញាផ្ដល់ជំនួយស្បៀងអាហារបន្ថែម
- Reuters
ទីក្រុងដាម៉ាស ប្រទេសស៊ីរី —