ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មានគម្រោងចូលរួមប្រជុំនៅថ្ងៃពុធនេះតាមវីដេអូជាមួយក្រុមមេដឹកនាំមកពីក្រុមប្រទេសដែលមានឧស្សាហកម្មនាំមុខទាំង៧ ឬG7។
លោក Zelenskyy នឹងមានឱកាសដើម្បីជម្រាបត្រួសៗដល់ពួកមេដឹកនាំក្រុមប្រទេស G7 ស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនជិត២ឆ្នាំនៅក្នុងការឈ្លានពានរបស់រុស្ស៊ីដែលបានបណ្តាលឱ្យប្រទេសរាប់សិបផ្តល់ជំនួយយោធានិងមនុស្សធម៌សម្រាប់ភាគីអ៊ុយក្រែន។
ជំនួបនៅថ្ងៃពុធនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោក Zelenskyy បានលុបចោលការបង្ហាញខ្លួនតាមវីដេអូជាមួយពួកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលលោកត្រូវរំពឹងទទួលបានការបន្តគាំទ្រខាងយោធា។
មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភាលោក Chuck Schumer បានប្រាប់សន្និសីទកាសែតថាលោក Zelenskyy បានត្រូវអញ្ជើញឱ្យថ្លែងតាមវីដេអូនៅឯការថ្លែងសម្ងាត់មួយដែលជំនួបនោះអាចឮដោយផ្ទាល់មកពីលោក Zelenskyy អំពីអ្វីដែលនឹងជួយពួកសមាជិកសភាបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលរួមមានប្រាក់រាប់ពាន់លានដុល្លារនៅក្នុងជំនួយថ្មីសម្រាប់អ៊ុយក្រែន។
កងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថារុស្ស៊ីបានវាយប្រហាររយៈពេលមួយយប់ដោយប្រើដ្រូនចំនួន៤៨គ្រឿង ហើយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនចំនួន៤១គ្រឿងក្នុងចំណោមដ្រូន៤៨គ្រឿងនោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFPនិង Reuters