យោធាអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីបើកការវាយប្រហារលើប្រទេសខ្លួនកាលពីយប់មិញ ដោយប្រើប្រាស់ដ្រូនផលិតនៅអ៊ីរ៉ង់ម៉ាក Shahed ចំនួន២៣គ្រឿង ជាមួយនឹងមីស៊ីល cruise មួយគ្រាប់ផងដែរ។
កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា កងការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនវាយប្រហារចំនួន១៨គ្រឿងក្នុងចំណោម២៣គ្រឿង និងបំផ្លាញគ្រាប់មីស៊ីលនោះ។
កងកម្លាំងការពារដែនអាកាសនិយាយថា ប្រព័ន្ធការពារដែនអាកាសបានធ្វើប្រតិបត្តិការយ៉ាងហោចណាស់ក្នុងតំបន់ចំនួន៩ក្នុងទឹកដីអ៊ុយក្រែនផងដែរ តែមិនបានបញ្ជាក់ច្បាស់ពីតំបន់ទាំងនោះឡើយ។
អភិបាលតំបន់ Mykolaiv និយាយថា ដ្រូនចំនួន៦គ្រឿងត្រូវបានបាញ់ទម្លាក់នៅទីនោះ ហើយកម្ទេចដ្រូនមួយគ្រឿង បានធ្វើឱ្យខូចខាតអគារកសិកម្មមួយខ្នង។
ដោយឡែកមន្ត្រីអ៊ុយក្រែនក្នុងទីក្រុង Lviv ក៏បានរាយការណ៍ផងដែរថា មានដ្រូនយ៉ាងហោចណាស់ក៏មួយគ្រឿងដែរ ត្រូវបានបាញ់ទម្លាក់នៅទីនោះ ប៉ុន្តែមិនមានការខូចខាតឬគ្រោះថ្នាក់អ្វីឡើយ។
ក្នុងតំបន់ Khersonឯណោះវិញ អភិបាលតំបន់នេះនិយាយនៅព្រឹកចន្ទនេះថា ការបាញ់ផ្លោងរបស់រុស្ស៊ី ក្នុងអំឡុងពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្ស២នាក់ និងមនុស្ស៨នាក់ទៀតរងរបួស។ អភិបាលតំបន់នេះក៏បានរាយការណ៍ផងដែរ ពីការខូចខាតសាលាមត្តេយ្យមួយកន្លែង អគាវេជ្ជសាស្ត្រមួយខ្នង និងអគាវិស្វកម្មមួយផងដែរ។
នៅថ្ងៃចន្ទនេះដែរ អភិបាលតំបន់ Voronezh របស់រុស្ស៊ីបានថ្លែងថាលោកឧត្តមសេនីយ៍ត្រី Vladimir Zavadsky បញ្ជាការរងអង្គភាពកងទ័ពជើងគោកលេខ១៤របស់រុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និង Reuters។