ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានកំណត់នឹងថ្លែងសុន្ទរកថាទៅកាន់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ស្របពេលដែលសេតវិមាន កំពុងជំរុញដល់សភាអាមេរិកឱ្យអនុម័តកញ្ចប់ថវិកាថ្មី ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Chuck Schumer និយាយថា លោក Zelenskyy ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំសម្ងាត់មួយ ដើម្បី«យើងបានស្តាប់ដោយផ្ទាល់នូវអ្វីជាហានិភ័យ នៅពេលដែលសមាជិកសភាអាមេរិក ត្រៀមបោះឆ្នោតលើច្បាប់មួយ ដែលរួមមានទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែន។
នាយិកាការិយាល័យគ្រប់គ្រងនិងថវិកាលោកស្រី Shalanda Young បានព្រមាននៅក្នុងលិខិតមួយទៅកាន់មេដឹកនាំសភាអាមេរិកកាលពីថ្ងៃចន្ទថា នៅត្រឹមដំណាច់ឆ្នាំនេះ សហរដ្ឋអាមេរិកនឹងអស់ថវិកា ដើម្បីបញ្ជូនអាវុធនិងជំនួយទៅឱ្យអ៊ុយក្រែនទៀតហើយ។ លោកស្រីថ្លែងថា អ៊ុយក្រែននឹងលែងមានលទ្ធភាពរក្សាការប្រយុទ្ធរបស់ខ្លួនទៅទៀត ហើយសហរដ្ឋអាមេរិកក៏អស់ថវិកាដើម្បីគាំទ្រសេដ្ឋកិច្ចអ៊ុយក្រែនផងដែរ។
កាលពីខែតុលាកន្លងទៅ រដ្ឋបាលរបស់លោក Biden បានស្នើដល់សភាអាមេរិក នូវទឹកប្រាក់ចំនួនជិត១០៦ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រផែនការធំៗមួយចំនួន ដូចជាសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ប្រទេសអ៊ីស្រាអែល និងសម្រាប់សន្តិសុខព្រំដែនអាមេរិក។
ដោយឡែកថវិកាសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន បានក្លាយជារឿងចម្រូងចម្រាស់ផ្នែកនយោបាយ ជាមួយនឹងសមាជិករដ្ឋសភាស្តាំនិយមខ្លះ នៅក្នុងរដ្ឋសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដែលមានសំឡេងលើសបន្តិច។
ទន្ទឹមនឹងនេះដែរ បេសកជនការទូតនៃក្រុមប្រទេសសហភាពអឺរ៉ុប ដែលមានប្រទេសចំនួន២៧ជាសមាជិកនោះ នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ ដើម្បីចាប់ផ្តើមពិភាក្សាដេញដោល លើសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីនិងអ្នកការទូតមួយចំនួន។
នាយករដ្ឋមន្រ្តីប្រទេសហុងគ្រី លោក Viktor Orban បានទាមទារមិនឱ្យដាក់របៀបវារៈនៃការពិភាក្សាលើសមាជិកភាពរបស់ប្រទេសអ៊ុយក្រែន ទៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅពេលនេះឡើយ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។