ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ចូលរួម​ក្នុង​សន្និសីទ​កំពូល​សហភាព​អឺរ៉ុប​​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ


ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy និង​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អឺរ៉ុប​លោក Charles Michel ថ្លែងទៅកាន់ក្រុម​អ្នក​សារព័ត៌មាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy និង​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អឺរ៉ុប​លោក Charles Michel ថ្លែងទៅកាន់ក្រុម​អ្នក​សារព័ត៌មាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​ទីក្រុង Brussels ​កាលពី​ថ្ងៃព្រហស្បតិ៍​ ដែល​នៅ​ទីនោះ​ លោក​បាន​អរគុណ​សមាជិក​សហភាព​អឺរ៉ុបចំពោះ​កិច្ចព្រមព្រៀង​សន្តិសុខ​រយៈពេល​វែងមួយ ​ដែល​ពួកគេ​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា។ លោក Zelenskyy ​ក៏​បាន​តឿន​ឱ្យ​មាន​ការបញ្ជូន​ជំនួយ​យោធា ​ដែល​ត្រូវ​បាន​សន្យា​នោះ ​ឱ្យ​បាន​ឆាប់ៗ​ផងដែរ។

ក្នុងពេល​ថតរូប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អឺរ៉ុប ​លោក Charles Michel ​លោក Zelenskyy ​បាន​សម្តែង​ការដឹងគុណ​ចំពោះ​កញ្ចប់​ជំនួយ​យោធា​ដែលសហភាព​អឺរ៉ុបបាន​សន្យា​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​យោធា​អ៊ុយក្រែន​នៅក្នុង​សមរភូមិ​ ត្រូវការ​ជំនួយ​ជាបន្ទាន់ ​ជាពិសេស​ជំនួយ​សម្រាប់​ការពារ​ដែន​អាកាស។

លោក​ក៏បាន​ថ្លែង​អំណរគុណ​សហភាព​អឺរ៉ុប ​និង​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ធំ​ទាំង​៧ ​(G-7)​ ចំពោះ​ការសន្យា​របស់​ពួកគេ ​ក្នុង​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ​បង្កក​របស់​រុស្ស៊ី ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​អ៊ុយក្រែន​នៅក្នុង​ការធ្វើ​សង្គ្រាម។

នៅមុន​កិច្ចប្រជុំ​កំពូល ​លោក Zelenskyy ​បាន​បង្ហោះសារ​មួយ​នៅលើ​បណ្តាញ​សង្គម X​ ថា ​លោក​រំពឹងថា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ ​៣ ​ជាមួយ​បណ្តា​ប្រទេស​ដែលជា​សមាជិក​នៃ​សហភាពអឺរ៉ុប ​ដែលមាន​រួមទាំង​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហភាព​អឺរ៉ុប​ផងដែរ។

លោក Zelenskyy ​បាន​ថ្លែង​ថា៖​ «ជាលើក​ទីមួយ​ហើយ ​ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​លើក​ដំកើង​ការតាំងចិត្ត​របស់​សមាជិក​ទាំង ២៧ ​នៃ​សហភាព​អឺរ៉ុប ​ដើម្បី​ផ្តល់​ការគាំទ្រ​យ៉ាងច្រើន ​ទោះជាមាន​ការផ្លាស់ប្តូរ​ផ្ទៃក្នុង​យ៉ាងណាក៏ដោយ។

ទាក់ទងនឹង​កិច្ចចរចា​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ​លោក​បាន​ថ្លែង​ថា៖ «​ជំហាន​នីមួយៗ​នឹង​នាំយើង​កាន់តែខិត​ទៅជិត​គោលដៅ​ប្រវត្តិសាស្ត្រ​របស់​យើង ​សម្រាប់​សន្តិភាព ​និង ​ភាពរុងរឿង ​នៅក្នុង​ក្រុមគ្រួសារ​អឺរ៉ុប​របស់​យើង»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន ​Associated Press, Reuters និង​ Agence France-Presse។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG