ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​និយាយ​ថា ​តំបន់​ Dagestan​ នៃ​ប្រទេស​រុស្ស៊ី​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​មួយ​ថ្ងៃ ​បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​សម្លាប់​មនុស្ស​២០​នាក់


ស្ត្រី​ម្នាក់​ដាក់​ផ្កា​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​បណ្តោះអាសន្ន​នៅ​មុខ​វិហារ Holy Assumption បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​នៅ​ក្នុង​ក្រុង Makhachkala នៃ​សាធារណរដ្ឋ Dagestan ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ទី២៤ ខែ​មិថុនា ឆ្នាំ​២០២៤។
ស្ត្រី​ម្នាក់​ដាក់​ផ្កា​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​បណ្តោះអាសន្ន​នៅ​មុខ​វិហារ Holy Assumption បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​នៅ​ក្នុង​ក្រុង Makhachkala នៃ​សាធារណរដ្ឋ Dagestan ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ទី២៤ ខែ​មិថុនា ឆ្នាំ​២០២៤។

តំបន់ ​Dagestan ភាគខាង​ត្បូង​នៃ​ប្រទេស​រុស្ស៊ី​បាន​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ថ្ងៃទី១ក្នុង​រយៈ​ពេលបី​ថ្ងៃកាល​ពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​សកម្ម​ភាព​កម្រោល​របស់​ពួក​សកម្ម​ប្រយុទ្ធ​អ៊ីស្លាមដែល​អាជ្ញាធរ​បាន​និយាយ​ថា​ បាន​សម្លាប់​មនុស្ស​២០​ នាក់​ដែល​ភាគច្រើន​ជា​ប៉ូលិស​និង​បាន​វាយ​ប្រហារ​ទីក្ការៈ​នៅ​ក្នុង​ការ​វាយ​លុក​ដែល​មាន​ការរៀបចំ​នៅ​ក្នុង​ទីក្រុង​ចំនួនពីរ។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​AP រាយការណ៍​ពី​ទីក្រុង​មូស្គូ ​ប្រទេស​រុស្ស៊ី។​

អំពើ​ហិង្សា​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ ក្រុង​Makhachkala ​ ទីរួម​ខេត្ត​ Dagestan ​និង​នៅ​ជិត​ទីក្រុង ​Derbent​ គឺ​ជា​អំពើ​ហិង្សា​ចុងក្រោយ​បង្អស់​ដែល​ក្រុម​មន្ត្រី​បាន​ស្តីបន្ទោស​ក្រុម​ជ្រុល​និយម​អ៊ីស្លាម​នៅ​កន្លែង​មាន​ជនជាតិ​មូស្លីម​លើស​លុប​នៅ​តំបន់​ Caucasus ​ខាងជើង​ ហើយ​ក៏​ជាការ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​ខែ​មីនា​ នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង​បាន​បាញ់​ប្រហារ​នៅ​ឯការ​ប្រគុំ​តន្ត្រី​នៅ​ទីក្រុង​មូស្គូ​ ដោយ​បាន​សម្លាប់​មនុស្ស ​១៤៥ ​នាក់។​

សាខា​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្គានីស្ថាន​ ដែល​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ឆ្មក់​កាលពី​ខែមីនា ​បាន​សរសើរ​ភ្លាមៗ​ចំពោះ​ការ​វាយ​ប្រហារ​នៅ​Dagestan​ ដោយ​និយាយ​ថា​ ស្នាដៃ​ របស់​«បងប្អូន​នៅ ​Caucasus ​ដែល​បង្ហាញ​ថា​ ពួកគេ​នៅ​តែ​ខ្លាំង»។​

វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​សង្គ្រាម​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​លើក​ឡើង​ថា​ សាខា​ Caucasus ​ខាង​ជើង​របស់​ក្រុម​រដ្ឋអ៊ីស្លាម ​គឺ​ពួក​Vilayat Kavkaz​ ទំនង​ជា​នៅពី​ក្រោយ​ការ​វាយ​ប្រហារ​ នោះ​ ដោយ​និយាយ​ថា​ «មាន​សម្រប​សម្រួល​សាំញ៉ាំ»។​

អភិបាល​ក្រុង ​Dagestan ​លោក​ Sergei Melikov ​បាន​ស្តី​បន្ទោស​«សមាជិក​សម្ងំ​លាក់ខ្លួន»​នៃ​ក្រុម​អ៊ីស្លាម ​ដឹក​នាំ​មកពី​បរទេស ​ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ។​ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​វីដេអូ​មួយ​ថា ​ក្រុម​អ្នក​វាយ​ប្រហារ​មាន​គោល​បំណង​«ធ្វើ​ឱ្យមាន​ការភ័យ​ស្លន់ស្លោ ​និង​ការ​ភ័យ​ខ្លាច» ​ហើយ​បាន​ព្យាយាម​ភ្ជាប់​ការ​វាយ​ប្រហារ​ទៅនឹង​សកម្មភាព​យោធា​របស់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែ​ក៏មិន​បាន​ផ្តល់​ភស្តុតាង​ផង​ដែរ។​

លោក​ប្រធានាធិបតី ​វ្ល៉ាឌីមៀ ពូទីន​ បាន​ព្យាយាម​ស្តីបន្ទោស​ការ​វាយ​ប្រហារ​កាលពី​ខែមីនាលើ​អ៊ុយក្រែន​ ​ដោយ​គ្មាន​ភស្តុតាង​ ​បើទោះ​បី​ជាមាន​ការអះ​អាង​ទទួល​ខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក៏​ដោយ។ ​រដ្ឋាភិបាល​ក្រុង​Kyiv ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា​មិន​ជាប់​ពាក់ព័ន្ធ​ទេ។​

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​ លោក​ Dmitry Peskov ​បាន​និយាយ​ថា​ លោក ​ពូទីន​ បាន​ទទួល​របាយ​ការណ៍​ស្តីពី​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ ​និង​ការ​ខិតខំ​ជួយ​ជន​រងគ្រោះ។​

គណៈ​កម្មាធិការ​ស៊ើប​អង្កេត​ ដែល​ជា​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​រដ្ឋ​កំពូល​របស់​ប្រទេស​រុស្ស៊ី​ បាន​និយាយ​ថា ​អ្នក​វាយ​ប្រហារ​ទាំង​ប្រាំនាក់​ត្រូវ​បាន​សម្លាប់។ ​ក្នុង​ចំណោម​មនុស្ស​២០​នាក់​ដែល​បាន​ស្លាប់ ​ យ៉ាង​ហោច​ណាស់មាន​១៥​នាក់​ជា​ប៉ូលិស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG