ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និយាយ​ថា​បាន​បាញ់​បង្ហោះ​ដ្រូន​លើ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី


រូបឯកសារ៖ ក្រុម​អ្នក​សង្គ្រោះបន្ទាប់​ធ្វើ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​រោងចក្រ​ចម្រាញ់ប្រេងមួយក្នុង​ភូមិ Azov ភាគខាងត្បូង​តំបន់ Rostov ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ (Russian Emergencies Ministry/Handout via REUTERS)
រូបឯកសារ៖ ក្រុម​អ្នក​សង្គ្រោះបន្ទាប់​ធ្វើ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​រោងចក្រ​ចម្រាញ់ប្រេងមួយក្នុង​ភូមិ Azov ភាគខាងត្បូង​តំបន់ Rostov ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ (Russian Emergencies Ministry/Handout via REUTERS)

អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា ​ខ្លួនបាន​ធ្វើការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​រោងចក្រ​ចម្រាញ់​ប្រេង​ និង​មជ្ឈមណ្ឌល​យោធា​ជាច្រើន​នៅភាគខាងត្បូង​ប្រទេស​រុស្ស៊ី​ ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​និយាយ​ថា​បាន​សម្លាប់​មនុស្ស​ម្នាក់។

រុស្ស៊ីបាន​និយាយ​ថា ​ខ្លួនបាន​ធ្វើ​ឱ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ១១៤ គ្រឿង​គ្មាន​ប្រសិទ្ធភាព។

រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង​លើ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​លើក​ហេតុផល​ថាជា​គោលដៅ​ត្រឹម​ត្រូវ​ដោយសារ​រោងចក្រ​ចម្រាញ់​ប្រេង​ទាំង​នោះ​ផ្តត់ផ្គង់​ប្រេងដល់​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។

រុស្សី​ក៏បាន​បើកការ​វាយប្រហារ​បំផ្លិចបំផ្លាញ​ជាច្រើន​លើក​ទៅលើ​រោងចក្រ​ថាមពល​អ៊ុយក្រែន​ផងដែរ។

កងទ័ព​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​បង្ហោះ​ដ្រូន​ដើម្បី​វាយ​ប្រហារ «រោងចក្រ​ចម្រាញ់​ប្រេង Afipskiy, Ilskiy, Krasnodar និង Astrakhan» និង​មជ្ឈមណ្ឌល​វិទ្យុ​និង​ចារកម្ម​មួយ​កន្លែង នៅភាគ​ខាងត្បូង​ប្រទេស​រុស្ស៊ី។

កងទ័ព​អ៊ុយក្រែន​ក៏បាន​និយាយ​ថា ​ខ្លួនបាន​វាយចំ​គោលដៅ​ជា​ទីតាំង​រៀបចំ​និង​កន្លែង​ផ្ទុក​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅតំបន់ Krasnodar ​ដែល​បណ្តាល​ឱ្យ​មាន «ការផ្ទុះ​ជា​បន្តបន្ទាប់​ និង​អគ្គិភ័យ​ឆាប​ឆេះ​ជាមួយនឹង​ការ​បំផ្ទុះ​ជា​បន្ត​បន្ទាប់»។

ក្រសួង​ការពារជាតិ​នៅ​ទីក្រុង​មូស្គូ​បាន​និយាយ​ថា៖ «ប្រព័ន្ធ​ការពារ​ប្រឆាំង​អាកាស​របស់​រុស្ស៊ី​បាន​ស្ទាក់ចាប់​និង​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន​ ៧០ ​គ្រឿង​នៅលើ​ឧបទ្វីប​គ្រីមៀ​និង​សមុទ្រខ្មៅ យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ៤៣ គ្រឿង​នៅ​លើ​តំបន់ Krasnodar និង​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​នៅលើ​ទីក្រុង Volgograd»។

នៅ​ទីក្រុង Krasnodar មនុស្ស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មានមនុស្ស​បើក​នៅជិត​ស្ថានីយ៍​រថភ្លើង Yuzhny។ នេះ​បើតាម​អភិបាល​ក្នុង​តំបន់ Venyamin Kondratyev បាន​និយាយ​នៅលើ​តេឡេក្រាម ។

លោក​បាន​បន្ត​ថា អគារ​រដ្ឋបាល​ជា​ច្រើន​នៅ​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​ក្នុង​ស្រុក​ Severski ក៏​ត្រូវ​បាន​ខូចខាត​ផង​ដែរ។

ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្សី​លើ​ហេដ្ឋា​រចនាសម្ពន្ធ​ថាមពល​របស់​អ៊ុយក្រែន​បានធ្វើ​ឱ្យ​ខូច​សមត្ថភាព​ផលិត​ថាមពល​របស់​ប្រទេស ​ហើយ​បាន​បង្ខំ​ទីក្រុងកៀវ​ ​ឱ្យមាន​ការដាច់​ចរន្ត​អគ្គិសនី និង​នាំចូល​អគ្គិសនី​ពី​សហភាព​អឺរ៉ុប៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG