ប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកនៅយប់ថ្ងៃព្រហស្បតិ៍ថា៖ «មានការកត់ត្រានូវការបាញ់ផ្លោងមួយទៀតរបស់រុស្ស៊ី នៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរZaporizhzhia ក្នុងប្រទេសអ៊ុយក្រែនដែលជារោងចក្រដ៏ធំបំផុតមួយរបស់ទ្វីបអឺរ៉ុបនោះ។
លោក Zelenskyy បាននិយាយថា៖ «គ្មាននរណាផ្សេងទៀតប្រើរោងចក្រនុយក្លេអ៊ែរនេះដើម្បីគំរាមកំហែងពិភពលោកនោះឡើយ។ ជាការពិតមនុស្សគ្រប់គ្នានៅក្នុងពិភពលោកត្រូវធ្វើប្រតិកម្មជាបន្ទាន់ដើម្បីបណ្ដេញក្រុមអ្នកឈ្លានពានចេញពីទីតាំងនៃតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នេះ។ នេះជាផលប្រយោជន៍សាកល មិនមែនគ្រាន់តែបម្រើសេចក្ដីត្រូវការរបស់អ៊ុយក្រែនតែម្នាក់នោះទេ»។
ប្រទេសអ៊ុយក្រែននិងរុស្ស៊ីបានស្តីបន្ទោសគ្នាទៅវិញទៅមកលើការបាញ់ផ្លោងដាក់ទីតាំងនៃរោងចក្រនុយក្លេអ៊ែរនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ទីតាំងរោងចក្រនុយក្លេអ៊ែរនោះ មិនត្រូវប្រើប្រាស់ធ្វើជាផ្នែកណាមួយនៃប្រតិបត្តិការយោធានោះឡើយ។ ផ្ទុយទៅវិញ គេត្រូវការនូវកិច្ចព្រមព្រៀងជាបន្ទាន់មួយ ទៅលើកម្រិតនៃការងារបច្ចេកទេសស្តីពីការគ្មានកងទ័ពនៅជុំវិញបរិវេណរោងចក្រនោះ ដើម្បីធានានូវសុវត្ថិភាពនៃតំបន់នេះ»។
លោក Zelenskyy ក៏បាននិយាយនៅថ្ងៃព្រហស្បតិ៍ផងដែរថា លោកបានជួបជាមួយលោក Jose Andres ដែលជាប្រធាននិងស្ថាបនិកអង្គការមនុស្សធម៌អន្តរជាតិ World Central Kitchen ដែលបានជួយផ្តល់ស្បៀងអាហារដល់ប្រជាជន នៅក្នុងប្រទេសដែលទទួលរងការឈឺចាប់ ដោយសារសង្គ្រាមនិងគ្រោះធម្មជាតិផ្សេងៗ។
លោក Zelenskyy បាននិយាយថា៖ «ចាប់តាំងពីការចូលឈ្លានពានដ៏ពេញបន្ទុករបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនមក អង្គការមួយនេះបានចាប់ផ្តើមធ្វើការនៅតាមព្រំដែនប្រទេសប៉ូឡូញ សម្រាប់ជួយដល់ជនចំណាកស្រុក។ បន្តមកទៀត អង្គការនេះ បានចាប់ផ្តើមធ្វើសកម្មភាព នៅក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន ហើយបានចម្អិនអាហារប្រមាណ១៣០លានកញ្ចប់សម្រាប់ពលរដ្ឋអ៊ុយក្រែន»៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters