ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា ការ​វាយ​ប្រហារ​ណា​មួយ​លើ​រោងចក្រ​នុយក្លេអ៊ែរ​គឺ​ជា​អំពើ«អត្តឃាត»


ទិដ្ឋភាព​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ជិត​ទីក្រុង Enerhodar ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
ទិដ្ឋភាព​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ជិត​ទីក្រុង Enerhodar ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​វាយ​ប្រហារ​ណា​មួយ​លើ​រោងចក្រ​នុយក្លេអ៊ែរ​គឺ​ជា​អំពើ​«អត្តឃាត»។ លោក Guterres ថ្លែង​ដូច្នេះ បន្ទាប់ពី​មាន​ការ​បាញ់​ផ្លោង​ប៉ះ​ចំ​បរិវេណ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​រុស្ស៊ី​និង​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ចំ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia នេះ ដែល​ជា​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ទ្វីប​អឺរ៉ុប ដែល​រោងចក្រ​នេះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រុស្ស៊ី​តាំង​ពី​ពេល​ដំបូង​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ​មក។

ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ឯ​រោងចក្រ​នេះ​កាលពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​ឱ្យ​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ (IAEA) ព្រមាន​អំពី​«ហានិភ័យ​ដ៏​ពិត​ប្រាកដ​បំផុត​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ»។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន លោក Guterres បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​ដូច​នេះ ដោយ​មិន​បាន​បញ្ជាក់​ថា​ភាគី​ណា​មួយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​ទីភ្នាក់ងារ IAEA ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ស្ថានការណ៍​ដែល​ធ្វើ​ឱ្យ​រោងចក្រ [នុយក្លេអ៊ែរ] នេះ​មាន​ស្ថិរភាព»។

លោក​បាន​បន្ថែម​ថា៖ «ការ​វាយ​ប្រហារ​ណា​មួយ​លើ​រោងចក្រ​នុយក្លេអ៊ែរ​គឺ​ជា​អំពើ​អត្តឃាត។ ខ្ញុំ​សង្ឃឹម​ថា ការ​វាយ​ប្រហារ​ទាំង​នោះ​នឹង​បញ្ចប់ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សង្ឃឹម​ថា ទីភ្នាក់ងារ IAEA នឹង​អាច​មាន​លទ្ធភាព​ចូល​ទៅ​កាន់​រោងចក្រ​នោះ»។

លោក Guterres បាន​លើកឡើង​ដូច្នេះ បន្ទាប់ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Hiroshima ប្រទេស​ជប៉ុន​កាលពី​ចុង​សប្ដាហ៍ ដែល​នៅ​ទីនោះ​លោក​បាន​ថ្លែង​សុន្ទរកថា​អំពី​ការ​ប្រារព្ធ​ទិវា​ទី ៧៧ នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​បរមាណូ​លើ​ទីក្រុង Hiroshima ដែល​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​បរមាណូ​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក៕

XS
SM
MD
LG