នៅថ្ងៃពុធនេះ ក្រុមប្រទេស G-7 បានថ្កោលទោសការត្រួតត្រារបស់ប្រទេសរុស្ស៊ីលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya របស់ប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យរុស្ស៊ីប្រគល់រោងចក្រនោះឱ្យអ៊ុយក្រែនវិញជាបន្ទាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បុគ្គលិកអ៊ុយក្រែនដែលជាអ្នកធ្វើប្រតិបត្តិការលើរោងចក្រនោះ «ត្រូវតែអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយគ្មានការគំរាមកំហែងឬក៏ការដាក់សម្ពាធណាមួយ។ ការត្រួតត្រាជាបន្តរបស់រុស្ស៊ីលើរោងចក្រនេះគឺជាអ្វីដែលបង្កគ្រោះថ្នាក់ដល់តំបន់»។
ការថ្កោលទោសរបស់ក្រុមប្រទេស G-7 នេះបានធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីនៅថ្ងៃពុធនេះថាបានប្រើរ៉ុក្កែតវាយប្រហារលើតំបន់នានានៅជិតរោងចក្រថាមពលនុយក្លេអ៊ែរនោះ ដោយបានធ្វើឱ្យជនស៊ីវិល ១៣ នាក់ស្លាប់។
ការវាយប្រហារកាលពីយប់មិញនេះនៅក្នុងតំបន់ Dnipropetrovsk នៅភាគកណ្ដាលប្រទេសអ៊ុយក្រែនក៏បានធ្វើឱ្យមនុស្ស ១១ នាក់រងរបួសផងដែរ ដោយក្នុងនោះ ៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
កន្លងមក អ៊ុយក្រែននិងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកទាក់ទិននឹងការបាញ់ផ្លោងកាលពីពេលថ្មីៗនេះនៅជុំវិញរោងចក្រនេះ។ កងទ័ពរុស្ស៊ីបានដណ្ដើមកាន់កាប់រោងចក្រនេះកាលពីថ្ងៃទី ៤ ខែមីនា ក្រោយពីបានវាយប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែនមក៕
ក្រុមប្រទេស G-7 ថា ការត្រួតត្រារបស់រុស្ស៊ីលើរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន «បង្កគ្រោះថ្នាក់ដល់តំបន់»
ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ —