សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយអាវុធយុទ្ធភណ្ឌថ្មីៗបន្ថែមទៀតទៅឱ្យអ៊ុយក្រែន ដែលមានទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ។
នេះគឺជាការផ្តល់ជំនួយអាវុធនិងឧបករណ៍យោធាក្នុងចំនួនដ៏ធំបំផុតលើកទី១២របស់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន ដើម្បីប្រឆាំងទប់ទល់នឹងការរុលទៅមុខយឺតៗរបស់កងទ័ពរុស្ស៊ី នៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃពុធម្សិលមិញថា ជំនួយយោធានោះរួមមានឧបករណ៍ដែលមានតម្លៃ ៣៥០ លានដុល្លារ ដែលជាជំនួយផ្ទាល់របស់កងទ័ពអាមេរិក ដែលរួមមានកាំភ្លើងធំ Howitzers ចំនួន ១៨ គ្រឿង ដែលអាចបាញ់បានក្នុងរយៈចម្ងាយឆ្ងាយ គ្រាប់ផ្លោងចំនួន ៣៦.០០០ គ្រាប់ និងរថពាសដែកចំនួន ១៨ គ្រឿងសម្រាប់សណ្តោងកាំភ្លើងធំទាំងនោះ ព្រមទាំងគ្រាប់រំសេវបន្ថែម និងឧបករណ៍ផ្សេងៗមួយចំនួនទៀត។
លោក Kirby បានថ្លែងទៀតថា ជំនួយយោធាដែលមានទឹកប្រាក់ប្រមាណ ៦៥០ លានដុល្លារទៀតនោះ ដែលរួមមានប្រព័ន្ធការពារឆ្នេរសមុទ្រ វិទ្យុទាក់ទង ឧបករណ៍កែវឆ្លុះមើលពេលយប់ និងសម្ភារដទៃទៀត នឹងត្រូវទិញដោយក្រសួងការពារជាតិអាមេរិកពីរោងចក្រផលិតអាវុធ តាមរយៈយន្តការផ្តល់ថវិកា ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន។
លោក Kirby ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ដែលមានទឹកប្រាក់ប្រមាណ ៩១៤ លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន ចាប់តាំងរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ដែលក្នុងនោះក៏មានទឹកប្រាក់បន្ថែម ២២៥ លានដុល្លារ ដែលត្រូវបានប្រកាសកាលពីថ្ងៃពុធម្សិលមិញ ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរ។ លោកប្រធានាធិបតីអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ថវិកាជំនួយថ្មីនេះនឹងប្រើប្រាស់ទៅលើទឹកផឹកស្អាតដែលមានសុវត្ថិភាព បរិក្ខារពេទ្យ ការថែរក្សាសុខភាព ស្បៀងអាហារ ទីជម្រក និងប្រាក់មួយចំនួនសម្រាប់ឱ្យពលរដ្ឋអ៊ុយក្រែនទិញរបស់របរចាំបាច់នានា។
លោក Biden ថ្លែងថា៖ «ភាពអង់អាច ភាពធន់ និងការតាំងចិត្តរបស់ប្រជាជនអ៊ុយក្រែន បន្តជំរុញទឹកចិត្តដល់ពិភពលោកទាំងមូល។ សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ពន្ធមិត្តនិងដៃគូរបស់យើង នឹងមិនស្ទាក់ស្ទើរចំពោះការតាំងចិត្តរបស់ខ្លួន ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ក្នុងការប្រយុទ្ធដើម្បីសេរីភាពរបស់ពួកគេនោះទេ»៕