ធនាគារកណ្តាលអឺរ៉ុបបាននិយាយនៅថ្ងៃចន្ទនេះថា លំហូរជនភៀសខ្លួនអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុបអាចបន្ធូរបន្ថយការខ្វះកម្លាំងពលកម្មជាបណ្តើរៗនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ខណៈជនភៀសខ្លួនមួយចំនួនដែលភៀសខ្លួនចេញពីសង្រ្គាមទំនងជានឹងរស់នៅជាអចិន្ត្រៃយ៍នៅទីនោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
មនុស្សប្រហែល ៧លាននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនមកទល់ពេលនេះ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយនៅថ្ងៃ ទី២៤ ខែកុម្ភៈ ហើយមនុស្សជាច្រើនទៀតកំពុងចាកចេញជារៀងរាល់ថ្ងៃ ដោយ ពួកគេជាច្រើនសង្ឃឹមថា នឹងមានឱកាសរកបានការងារយូរអង្វែងនៅក្នុងសហភាពអឺរ៉ុបដែលមាន ២៧ ប្រទេស។
ធនាគារកណ្តាលអឺរ៉ុបបាននិយាយនៅក្នុងព្រឹត្តិបត្រសេដ្ឋកិច្ចមួយថា៖ «តាមការវាយតម្លៃគ្រប់ជ្រុងជ្រោយមកទល់ពេលនេះ ការគណនាស្រោមសំបុត្របង្ហាញកំណើនជាមធ្យមរវាង ០,២% និង ០,៨% នៅក្នុងកម្លាំងពលកម្មតំបន់ចាយប្រាក់អឺរ៉ូគិតជាមធ្យម។ កំណើននេះស្របនឹងការកើនឡើងពី ០,៣ ទៅ ១,៣ លាននៃទំហំកម្លាំងពលកម្មតំបន់ចាយប្រាក់អឺរ៉ូដោយសារពីវិបត្តិជនភៀសខ្លួនអ៊ុយក្រែន»។
ធនាគារកណ្តាលអឺរ៉ុបបាននិយាយថា ដោយសារភាពអត់ការងារធ្វើមានកម្រិតទាបបំផុតនោះ តំបន់ចាយប្រាក់អឺរ៉ូបានប្រឈមនឹងកំណើនកង្វះកម្លាំងពលកម្ម ប៉ុន្តែលំហូរជនភៀសខ្លួនអាចបន្ធូរបន្ថយភាពតឹងតែងនៃទីផ្សារការងារ។ ធនាគារកណ្តាលអឺរ៉ុប បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការរកការងារធ្វើប្រហែលជាពិបាក ដោយសារឧបសគ្គផ្នែករដ្ឋបាល។ ធនាគារនេះបាននិយាយថា៖ «ឧបសគ្គចំពោះទីផ្សារការងារ និងច្បាប់ផ្សេងៗនៅតែជាឧបសគ្គដ៏ធំចំពោះជនភៀសខ្លួន ដែលធ្វើឱ្យពួកគេពិបាកចូលក្នុងទីផ្សារការងាររបស់ប្រទេសម្ចាស់ផ្ទះ ជាពិសេសក្នុងរយៈពេលខ្លី»៕