ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅល្ងាចថ្ងៃចន្ទម្សិលមិញ បានបន្តស្នើសុំឲ្យមានជំនួបចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយប្រកាសថា ការផ្តល់ឋានៈភាពដល់បូរណភាពទឹកដីដែលមានជម្លោះ អាចលើកយកមកពិភាក្សាគ្នា និងអាចអាស្រ័យទៅលើការធ្វើប្រជាមតិ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Zelenskyy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា លោកបានត្រៀមខ្លួនរួចហើយដើម្បីជួបជាមួយលោក Putin នៅក្នុងទម្រង់ណាមួយក៏បានដើម្បីពិភាក្សាបញ្ចប់សង្គ្រាមឈ្លានពានដែលមានរយៈពេលជិតមួយខែនេះ ដែលបានបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន។
លោក Zelenskyy បានបន្តទៀតថា សូម្បីឋានៈភាពនៃតំបន់ Crimea ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី និងទឹកដីបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីក្នុងតំបន់ Donbas ក៏អាចលើកយកមកពិភាក្សាគ្នាបានដែរ។
លោកបន្តទៀតថា «នៅក្នុងកិច្ចប្រជុំចរចាលើកដំបូងរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី ខ្ញុំត្រៀមខ្លួនដើម្បីលើកយកបញ្ហាទាំងនេះ មកនិយាយគ្នា»។
លោកបន្ថែមទៀតថា «ពុំមានការអំពាវនាវ ឬសុន្ទករថាជាប្រវត្តិសាស្ត្រនោះឡើយ។ ខ្ញុំ នឹងពិភាក្សាបញ្ហាទាំងអស់ឲ្យបានលម្អិតជាមួយលោក Putin»។
រុស្ស៊ី បានប្រកាសតំបន់ Crimea ថា ជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ី និងបានទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk ដែលប្រកាសដោយខ្លួនឯងនៅភាគខាងកើតរបស់អ៊ុយក្រែនផងដែរ។
តំបន់ទាំង៣នេះ ជាផ្នែកមួយរបស់អ៊ុយក្រែន បន្ទាប់ពីការដួលរលំនៃអតីតសហភាពសូវៀត ហើយបានក្លាយទៅជាវិបត្តិអស់រយៈពេលមួយទសវត្សរ៍កន្លងទៅ និងបានបណ្តាលឲ្យមានការចូលឈ្លានពាន និងសង្គ្រាមដ៏ពេញទំហឹងមួយក្នុងប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃទី២៤ ខែកុម្ភៈមក។
លោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Suspilne ថា «ប្រសិនបើខ្ញុំមានឱកាស ហើយរុស្ស៊ីមានបំណងនោះ យើងនឹងពិនិត្យមើលនូវរាល់សំណួរទាំងអស់»។
លោកបន្តទៀតថា «តើយើងអាចដោះសា្រយបញ្ហាទាំងអស់បានដែរឬទេ? គឺមិនអាចទេ។ ប៉ុន្តែយ៉ាងហោចណាស់ ក៏យើងមានអាចមានឱកាសដើម្បីបញ្ចប់សង្គ្រាមបានដែរ»។
បើទោះបីជាប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបង្ហាញពីសញ្ញាដែលថា លោកមានឆន្ទៈក្នុងការចរ ចារពីឋានៈភាពនៃតំបន់ទាំងបីនេះក្តី ក៏លោកបានលើកឡើងជាច្រើនដងថា ទឹកដីទាំងនេះ ជាផ្នែកមួយរបស់អ៊ុយក្រែន ហើយប្រទេសលោក នឹងមិនប្រគល់ទឹកដីទាំងនោះឡើយ៕