ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi ថា ចិន នឹង​មិន​ស្វះស្វែង​គ្រប​សង្កត់​លើ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ទេ


រូបឯកសារ៖ រូបថតដែលចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នេះ បង្ហាញ​អំពី​ប្រធានាធិបតីចិនលោក Xi Jinping ថ្លែងសុន្ទរកថា​នៅក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទីប្រាំមួយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន (CPC) លើក​ទី១៩ នៅ​ទីក្រុង​ប៉េកាំង កាលពី​​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ រូបថតដែលចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នេះ បង្ហាញ​អំពី​ប្រធានាធិបតីចិនលោក Xi Jinping ថ្លែងសុន្ទរកថា​នៅក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទីប្រាំមួយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន (CPC) លើក​ទី១៩ នៅ​ទីក្រុង​ប៉េកាំង កាលពី​​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

មេដឹកនាំ​ចិន​លោក Xi Jinping និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​របស់​លោក នឹងមិន​ស្វះស្វែង​រក​ការគ្រប​សង្កត់​លើ​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​សម្លុត​ប្រទេស​ជិត​ខាង​តូចៗ​របស់​ខ្លួន នៅពេល​ដែល​ជម្លោះ​បន្ត​កើត​មាន​ឡើង​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។ នេះ​ បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

លោក Xi បាន​ធ្វើ​កំណត់​សម្គាល់នេះ​ ក្នុង​អំឡុង​នៃ​សន្និសីទ​តាម​អនឡាញ​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៣០​នៃ​ទំនាក់ទំនង​រវាង​ចិន​ និងអាស៊ាន។

អ្នក​ការទូត​២នាក់ បាន​និយាយ​ថា មីយ៉ាន់ម៉ា​ដែល​ជា​សមាជិក​អាស៊ាន មិន​មាន​វត្តមាន​នៅ​ឯ​ជំនួប​នៅ​ថ្ងៃ​ចន្ទ​នេះ​ទេ បន្ទាប់​ពី​រដ្ឋាភិបាល​ដែល​ត្រូវលើក​បន្តុប​ដោយ​ពួក​យោធា បាន​បដិសេធ​មិន​ឲ្យ​បេសកជន​អាស៊ាន​ជួប​ជាមួយ​មេដឹកនាំ​ដែល​គេ​បណ្តេញ​ចេញ​ពី​តំណែង ​គឺលោក​ស្រី Aung San Suu Kyi ហើយ​នឹង​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ផ្សេង​ទៀត។ មេដឹកនាំ​យោធា​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ក៏​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​តំណាង​ប្រទេស​របស់​លោក​នៅ​ឯ​សន្និសីទ​កំពូល​អាស៊ានចុងក្រោយ​កន្លង​មក​នេះ​ផងដែរ។

កន្លង​មក ចិន​បាន​ស្វះស្វែង​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ជម្នះ​ការព្រួយ​កង្វល់​អំពី​កើន​ឡើង​នូវ​អំណាច​និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ជា​ពិសេស​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរទាំង​មូល​ដែលត្រួតស៊ី​គ្នា​នឹង​ការទាមទារ​របស់​សមាជិក​សមាគម​អាស៊ាន​មួយ​ចំនួន​ដូចជា​ប្រទេស​ម៉ាឡេស៊ី វៀតណាម ព្រុយណេ​ និងហ្វីលីពីន។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ Xinhua ​នៃ​ប្រទេស​ចិន បាន​ដក​ស្រង់​សម្តី​លោក Xi មក​ចុះផ្សាយ​ថា៖ «ចិន ជំទាស់​ប្រឆាំង​ដាច់​ខាត​លទ្ធិ​អនុត្តរភាព​ និងនយោបាយ​ដណ្តើម​អំណាច។ ចិន​ប្រាថ្នា​រក្សា​ទំនាក់​ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ និង​ថែរក្សា​បីបាច់​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ​យូរ​អង្វែង​មួយ​នៅ​ក្នុង​តំបន់ ហើយ​នឹង​មិន​ស្វះស្វែង​រក​អនុត្តរភាព​ ឬ​សូម្បី​តែ​បន្តិច​ណា​ឡើយ​ដើម្បី​សម្លុតប្រទេស​តូចនោះ»។

កំណត់​សម្គាល់របស់​លោក Xi បាន​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​នាវា​ការពារ​ដែន​សមុទ្រ​របស់​ចិន បាន​រារាំង​ និង​បាញ់​ទឹក​ដាក់​នាវាហ្វីលីពីន​ដែល​បាន​ដឹកគ្រឿង​ផ្គត់ផ្គង់​ទៅ​ឲ្យ​កងទ័ព​នៅឯកោះ​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​បាន​បង្ខំ​ឲ្យ​នាវា​ទាំង​នោះ​ត្រឡប់​ក្រោយ​វិញ។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​សង្កត់​អំពី​ឧបទ្ទវហេតុ​នេះ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅឯ​សន្និសីទ​ថ្ងៃ​ចន្ទ ដោយ​ប្រើ​ឈ្មោះ​កោះតាម​ឈ្មោះ​ហ្វីលីពីន។

សេចក្តី​ថ្លែង​ការណ៍​ពី​ការិយាល័យ​របស់​លោក​បាន​ដក​ស្រង់​សម្តី​លោក​ថា៖ «យើង​ស្អប់​ខ្ពើម​ចំពោះ​ព្រឹត្តិការណ៍​ថ្មីៗ​នេះ​ដែល​បាន​កើត​ឡើង​នៅ​កោះ Ayungin Shoal និង​មាន​ការ​បារម្ភ​ខ្លាំង​អំពី​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ។ ព្រឹត្តិការណ៍​នេះ​ មិន​ឆ្លុះ​បញ្ចាំង​ល្អ​ទេ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ជាតិ​យើង​ និង​ភាព​ជា​ដៃគូ​របស់​យើង»៕

XS
SM
MD
LG