អ្នកវិភាគនានាបាននិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើងរវាងប្រទេសចិននិងសមាគមអាស៊ាន (ASEAN) អាចនឹងប៉ះពាល់ដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។
សមាគមអាស៊ាន និងចិន មានបំណងចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ អាចពន្លឿនដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ឬក៏ទំនាក់ទំនងផ្នែកយោធាបាន។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រដល់តំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយផ្ដល់នូវអាវុធការពារនិងការបណ្ដុះបណ្ដាលយោធា និងបានផ្ដល់សញ្ញាព្រមានដល់រដ្ឋាភិបាលចិនទាក់ទិននឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
ប៉ុន្តែ អ្នកវិភាគនានាថា សហរដ្ឋអាមេរិក បានដើរក្រោយចិនពាក់ព័ន្ធនឹងការគាំទ្រផ្នែកសេដ្ឋកិច្ចដែលប្រទេសក្រីក្រនៅតំបន់អាស៊ីអាគ្នេយ៍នៅត្រូវការ។
លោក Alan Chong សាស្ត្រាចារ្យរងនៃមហាវិទ្យាល័យ S. Rajaratnam សម្រាប់ការសិក្សាកិច្ចការអន្តរជាតិ (S. Rajaratnam School of International Studies) នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang (Nanyang Technological University) ក្នុងប្រទេសសិង្ហបុរី បានថ្លែងថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរតែមានការបារម្ភ ដោយសារតែការបង្កើតសព្វាវុធជំនាន់ថ្មីដោយប្រើបច្ចេកវិទ្យាទំនើបៗនឹងមិនចាំបាច់នៅក្នុងការជួយស្តារឥទ្ធិពលមានប្រៀបរបស់សហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងជាមួយនឹងចិននោះទេ»។
លោកបានបន្ថែមថា បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍អាច «ស្នើសុំការគាំទ្រដោយទន់ភ្លន់» ពីប្រទេសចិនតែប៉ុណ្ណោះសម្រាប់ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
មន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងធ្វើសកម្មភាពហួសព្រំដែនរបស់ខ្លួនក្នុងជម្លោះអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូងជាមួយនឹងកោះតៃវ៉ា់ន់និងប្រទេសសមាជិកអាស៊ានមួយចំនួនទៀត គឺប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។
តាមជាក់ស្ដែង អាស៊ាន គឺជាតំបន់អព្យាក្រឹត្យមួយ ទោះបីជាប្រទេសជាសមាជិកដែលមានព្រំប្រទល់ជាប់សមុទ្របើកទូលាយចំពោះជំនួយយោធារបស់សហរដ្ឋអាមេរិកក៏ដោយ។
លោក Chong បានចោទជាសំណួរថា៖ «តើសហរដ្ឋអាមេរិកពិតជានឹងកសាងពិភពលោកជាថ្មីឱ្យប្រសើរ ឬក៏ងាកទៅរកតួនាទីរបស់ខ្លួនឡើងវិញក្នុងសម័យសង្គ្រាមត្រជាក់?»។
ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wuhan (Wuhan University) និងសាកលវិទ្យាល័យ Coastal Carolina (Coastal Carolina University) បានរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវមួយថា ភាពជាដៃគូមិនមែនជារឿងចម្លែកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ ហើយប្រទេសចិន មានភាពជាដៃគូជាមួយប្រទេសចំនួន ៧៨ រួចមកហើយគិតត្រឹមឆ្នាំ ២០១៩ ដោយបង្កើតបានជា «ស្នូលនៃយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់ខ្លួន»។
កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ដែលជាកិច្ចព្រមព្រៀងរឹងមាំបំផុតក្នុងកម្រិតទ្វេភាគីស្រដៀងទៅនឹងការចងសម្ព័ន្ធសន្ធិសញ្ញាដែរនោះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធកាន់តែខ្លាំង និងត្រូវបានធ្វើឡើងក្រោយពីមានកិច្ចព្រមព្រៀងចិន-អាស៊ានផ្សេងទៀតអស់រយៈពេល ៣០ ឆ្នាំកន្លងមក ដែលក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។ ចរិតលក្ខណៈនៃភាពជាដៃគូណាមួយអាស្រ័យលើសកម្មភាពក្រោយមកទៀតរបស់ប្រទេសហត្ថលេខី ប៉ុន្តែចិន និងអាស៊ាន ជាទូទៅផ្តោតលើកំណើនសេដ្ឋកិច្ច។
លោក Huang Kwei-bo សាស្ត្រាចារ្យរងផ្នែកការទូតនៅសាកលវិទ្យាល័យជាតិ Chengchi (National Chengchi University) ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បាននិយាយថា៖ «អ្នកអាចមើលឃើញថា ការបង្កើតទំនាក់ទំនងរបស់ពួកគេ ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច គឺកាន់តែមានភាពរឹងមាំឡើងដោយសន្សឹមៗ»។
សម្រាប់ប្រទេសវៀតណាម ដែលជាប្រទេសហ៊ានប្រឆាំងនឹងចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយនេះ អាចនាំមកនូវភ្ញៀវទេសចរចិនកាន់តែច្រើន និងជួយពង្រីកសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Phuong Hong វ័យ ៤០ ឆ្នាំ ដែលជាអ្នកបម្រើការក្នុងវិស័យធ្វើដំណើរនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាមបានរាយការណ៍ថា ភ្ញៀវទេសចរចិន មានចំនួន ៥ លាន ៨ សែន នាក់ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ១៨ លាននាក់ដែលមកធ្វើទេសចរណ៍ក្នុងប្រទេសវៀតណាមនៅឆ្នាំ ២០១៩ មុនការរាតត្បាតជំងឺកូវីដ១៩។
អ្នកស្រី Hong បញ្ជាក់ដូច្នេះថា៖ «នៅភាគខាងត្បូងនៃប្រទេសវៀតណាម ប្រសិនបើពួកគេមកធ្វើទេសចរណ៍ ពួកគេក៏វិនិយោគក្នុងរោងចក្រមួយចំនួនដែរ។ ពួកគេបង្កើតរោងចក្រជាច្រើន... និងវិនិយោគលើវិស័យកសិកម្មមួយចំនួននៅតាមតំបន់ដីសណ្តទន្លេមេគង្គ ដូចជាចម្ការទុរេនជាដើម»។
ជម្លោះសមុទ្រចិនខាងត្បូង
ប្រទេសចិនប្រើប្រាស់ «រង្វង់ដែនទឹកដែលខ្លួនទាមទារនៅសមុទ្រចិនខាងត្បូង (គំនូស ៩ ចំណុច)» ដោយយោងលើកំណត់ត្រាដែនសមុទ្រពីសម័យរាជវង្សនានាពីមុន ដើម្បីទាមទារកាន់កាប់ចំណែកចំនួន ៩០% នៃសមុទ្រចិនខាងត្បូង។ សមុទ្រចិនខាងត្បូងមានទំហំ ៣ លាន ៥ សែន គីឡូម៉ែត្រការ៉េ។
ប្រទេសប្រជែងទាមទារកាន់កាប់ដែនសមុទ្រចិនខាងត្បូងនេះផ្សេងទៀត សម្លឹងឃើញផ្លូវទឹកមួយនេះ ដោយសារការនេសាទ ការដឹកជញ្ជូនទំនិញតាមកប៉ាល់ និងធនធានឥន្ធនៈផូស៊ីលនៅក្រោមសមុទ្រ។ រង្វង់ដែនទឹកដែលចិនទាមទារនេះប៉ះពាល់ដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសមួយចំនួន។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ចិនបានធ្វើឱ្យប្រទេសប្រជែងផ្សេងទៀតខឹងសម្បាតាមរយៈការចាក់បំពេញកូនកោះនានានៅក្នុងសមុទ្រ ដែលលាតសន្ធឹងពីកោះហុងកុងទៅដល់កោះ Borneo សម្រាប់ការប្រើប្រាស់យោធា។ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជូននាវាម្ដងម្កាលទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសផ្សេងទៀត។
អ្នកសិក្សាស្រាវជ្រាវនានារំពឹងថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយមួយនេះនឹងផ្ដោតលើរបៀបវារៈដែលមិនពាក់ព័ន្ធនឹងនយោបាយ។
ប្រទេសចិននិងសមាគមអាស៊ាន «បានលើកឡើងអំពីសារៈសំខាន់នៃការធ្វើការជិតស្និទ្ធជាមួយគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ និងពន្លឿនការងើបឡើងវិញនិងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់»។ នេះ បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលភាគីទាំងពីរបានចេញផ្សាយក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនដែលធ្វើឡើងតាមអនឡាញកាលពីថ្ងៃទី ២៨ ខែតុលាកន្លងទៅនេះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនោះថា នឹងបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូនេះ។
លោក Chong បានថ្លែងថា ប្រទេសសមាជិកអាស៊ានដែលរួមមាន ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម បានទទួលយកប្រាក់វិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងកម្រិតផ្សេងៗគ្នាពីប្រទេសចិនរួចទៅហើយ។ ចិនបានបង្កើនជំនួយនិងការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបានចាញ់ក្តីនៅតុលាការអន្តរជាតិទាក់ទិននឹងភាពស្របច្បាប់នៃការទាមទាររបស់ខ្លួនលើការកាន់កាប់ដែនសមុទ្រចិនខាងត្បូង។
លោក Huang បានថ្លែងថា ការផ្តោតលើសេដ្ឋកិច្ចសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូនេះអាចជួយឱ្យបញ្ហាសមុទ្រចិនខាងត្បូងវិវត្តទៅមុខតាមសម្រួលដោយខ្លួនឯង។ លោកបានចង្អុលបង្ហាញថា ក្រមប្រតិបត្តិអាស៊ាន-ចិន ដែលនៅទីបំផុតប្រហែលជាអាចធ្វើទៅបាននោះ អាចនឹងជួយបញ្ចៀសមិនឱ្យមានគ្រោះអាក្រក់ណាមួយកើតឡើងនៅសមុទ្រចិនខាងត្បូងបាន។
លោក Jay Batongbacal សាស្ត្រាចារ្យកិច្ចការដែនសមុទ្រអន្តរជាតិនៅសាកលវិទ្យាល័យហ្វីលីពីន (University of the Philippines) ក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន បាននិយាយថា ប្រទេសចិនអាចសម្លឹងឃើញកិច្ចព្រមព្រៀងភាពជាដៃគូនេះរួចហើយថាជាសញ្ញានៃ «ស្ថិរភាព» នៅតំបន់អាស៊ី បើទោះបីជាមានការប្រជែងពីសហរដ្ឋអាមេរិក ដែលរួមមានទាំងកិច្ចព្រមព្រៀង AUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងចក្រភពអង់គ្លេស អូស្ត្រាលី និងសហរដ្ឋអាមេរិកក៏ដោយ។ កិច្ចព្រមព្រៀង AUKUS នេះត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ ២០២១។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំង ១០ ដងទៅកាន់សមុទ្រចិនខាងត្បូង។
លោក Batongbacal បានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូចិន-អាស៊ាននេះ «អាចជាការឆ្លើយតបចំពោះក្តីបារម្ភរបស់ចិនអំពីកិច្ចព្រមព្រៀង AUKUS ច្រើនជាង...ដោយជាថ្មីម្ដងទៀត [ចិន] កំពុងព្យាយាមធ្វើយ៉ាងណាឱ្យមានតុល្យភាពតាមរយៈវិធានការទាំងនេះ»។
លោក Batongbacal ជឿថា ចិនចាត់ទុកកិច្ចព្រមព្រៀងភាពជាដៃគូនេះថាជាមធ្យោបាយមួយដើម្បីទប់ទល់ឥទ្ធិពលរបស់ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។ លោកបានបន្ថែមថា ដូចគ្នានេះដែរ កិច្ចព្រមព្រៀងភាពជាដៃគូនេះគឺជា «មធ្យោបាយដ៏ល្អដើម្បីបង្ហាញអំពីការវិវឌ្ឍមួយចំនួន»៕