សេតវិមានមានរំពឹងលទ្ធផលតិចតួចអំពីលទ្ធផលមុនជំនួបតាមអនឡាញនៅថ្ងៃចន្ទរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping។
លេខាធិការព័ត៌មានសេតវិមានលោកស្រី Jen Psaki បាននិយាយថា ជំនួបពេលល្ងាចម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោននឹងផ្តោតលើការរៀបចំលក្ខខណ្ឌនៃការប្រកួតប្រជែងរវាងគូប្រជែងទាំង២ ប៉ុន្តែទំនងជាមិនបញ្ចប់ដោយសេចក្តីសម្រេចអំពីការខ្វែងគំនិតគ្នាទេ។
លោកស្រី Psaki បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា «មេដឹកនាំទាំង២ នឹងពិភាក្សារកវិធីគ្រប់គ្រងការប្រកួតប្រជែងដោយមានការទទួលខុសត្រូវរវាងប្រទេសទាំង២ និងរកវិធីធ្វើការជាមួយគ្នា បើផលប្រយោជន៍ស្របគ្នា»។
សហរដ្ឋអាមេរិកមើលឃើញចិនជាគូប្រជែងខាងយុទ្ធសាស្ត្ររបស់ខ្លួន ដោយរដ្ឋាភិបាលក្រុងប៉េកាំងស្វះស្វែងបង្កើនឥទ្ធិពលខាងយោធា និងសេដ្ឋកិច្ចនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណា មុនជំនួបនេះ វោហាសាស្ត្ររបស់ភាគីទាំង២ មានភាពទន់ភ្លន់។
ជំហានវិជ្ជមានមួយទៀត គឺសហរដ្ឋអាមេរិក និងចិនដែលជាប្រទេសបញ្ចេញឧស្ម័នកាបូនិក (CO2) ដ៏ច្រើនបង្អស់ក្នុងពិភពលោក បានប្រកាសដោយមិនរំពឹងទុកមួយនៅឯសន្និសីទកំពូលអំពីអាកាសធាតុ COP26 ក្នុងទីក្រុង Glasgow ប្រទេសស្កុតលែនថា ប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នបង្កើនកំដៅផែនដី ហើយនឹងជួបគ្នាទៀងទាត់ដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុ។
លោក Patrick Cronin ប្រធានសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅវិទ្យាស្ថាន Hudson បានប្រាប់ VOA ថា «លោក Xi Jinping និងលោកប្រធានាធិបតី Biden ចង់ស្វែងរកស្ថិរភាពខ្លះដើម្បីសហការតាមដែលអាចធ្វើទៅបានដើម្បីប្រកួតប្រជែង ឬប្រឈមមុខគ្នាបើចាំបាច់។ បញ្ហាទាំងនេះ នឹងបន្តទៅមុខ ប៉ុន្តែខ្ញុំគិតថា វោហាសាស្ត្រ នឹងកាន់តែប្រសើរឡើងតាមរយៈការប្រកួតកីឡាអូឡាំពិក»។
យ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិមនុស្សសម្រាប់ប្រជាជនហុងកុង និងជនជាតិភាគតិច Uyghur ទំនងជានៅតែមិនទាន់ដោះស្រាយ ហើយបញ្ហាពាណិជ្ជកម្ម សេរីភាពនាវាចរណ៍ និងការកសាងយោធារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ក៏អ៊ីចឹងដែរ។
លោក Robert Daly នាយកវិទ្យាស្ថាន Kissinger Institute របស់មជ្ឈមណ្ឌល Wilson ស្តីពីប្រទេសចិន និងសហរដ្ឋអាមេរិក បានប្រាប់ VOA ថា «យើងអាចរំពឹងថា លោកប្រធានាធិបតី Biden នឹងនិយាយថា អាមេរិក នៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយលោក Xi Jinping នឹងនិយាយថា អាមេរិកបានជាន់ឈ្លីគោលនយោបាយនោះ»៕