លោក Xi Jinping នៅថ្ងៃសុក្រនេះទទួលបានការធានាឱ្យធ្វើជាប្រធានាធិបតីចិនក្នុងអាណត្តិទី៣ដូចការរំពឹងទុកដែលមិនធ្លាប់មាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំសភាចិនដែលលោកត្រូវពង្រឹងការគ្រប់គ្រងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ក្រោយពីការងើបចេញពីការធ្លាក់ចុះដោយសារជំងឺកូវីដ១៩ និងបញ្ហាដ៏លំបាកខាងការទូត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សមាជិកសភាប្រថាប់ត្រាចិនជិត៣ពាន់នាក់ ឬសមាជប្រជាជាតិចិន (NPC) បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ននៅក្នុងមហាសាលប្រជាជនដើម្បីផ្តល់សេចក្តីទុកចិត្តដល់លោក Xi ដែលមានវ័យ៦៩ឆ្នាំឱ្យធ្វើជាប្រធានាធិបតីរបស់ប្រទេសចិនដោយគ្មានគូប្រជែងនោះឡើយ។
លោក Xi បានដឹកនាំប្រទេសចិននៅលើមាគ៌ាមួយដែលមានលក្ខណៈផ្តាច់ការកាន់តែខ្លាំងឡើងចាប់តាំងពីលោកចូលកាន់អំណាចកាលពី១០ឆ្នាំមុន និងបានបន្ថែមការដឹកនាំមួយអាណត្តិទៀត ខណៈពេលដែលចិនកំពុងមានទំនាក់ទំនងប្រេះស្រាំជាមួយសហរដ្ឋអាមេរិកនិងសម្ពន្ធភាពរបស់អាមេរិកអំពីកោះតៃវ៉ាន់ ក៏ដូចជាការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងដល់រុស្ស៊ី បញ្ហាពាណិជ្ជកម្ម និងសិទ្ធមនុស្សជាដើម។
ដោយឡែកបញ្ហាក្នុងស្រុកវិញ ចិនកំពុងប្រឈមនឹងការស្តាឡើងវិញនូវគោលនយោបាយគ្មានជំងឺកូវីដ១៩ ជំនឿទុកចិត្តមិនទាន់ល្អពីអ្នកប្រើប្រាស់ទំនិញនិងអ្នកជំនួញ ក៏ដូចជាតម្រូវការចុះខ្សោយក្នុងការនាំចេញទំនិញរបស់ចិន។
សេដ្ឋកិច្ចចិនបានរីកលូតលាស់ប្រមាណតែ៣ភាគរយប៉ុណ្ណោះកាលពីឆ្នាំទៅដែលជាកំណើនមួយដ៏អាក្រក់ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ នៅក្នុងកិច្ចប្រជុំសភានេះរដ្ឋាភិបាចិនបានដាក់ទិសដៅកំណត់ពីសន្ទុះកំណើនសេដ្ឋកិច្ចតែប្រមាណ៥ភាគរយ។
លោក Willy Lam ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានមូលនិធិ Jamestown បាននិយាយថា «នៅក្នុងអណត្តិទី៣នេះ លោក Xi ត្រូវផ្តោតលើបញ្ហាស្តាឡើងវិញនៃសេដ្ឋកិច្ចចិន»។ លោកបន្ថែមទៀតថា៖ «ក៏ប៉ុន្តែប្រសិនបើ លោក Xi បន្តធ្វើនូវអ្វីដែលលោកបានធ្វើ ដូចជាការពង្រឹងអំណាចបក្ស និងការគ្រប់គ្រងរដ្ឋទៅលើផ្នែកឯកជននិងការប្រឆាំងជាមួយប្រទេសលោកខាងលិចនោះ ការរំពឹងទុកនៃការជោគជ័យរបស់លោក ប្រហែលជានឹងមិនអាចកើតមានឡើងនោះឡើយ»។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាមេដឹកនាំស្ថិតក្នុងចំណោមមេដឹកនាំបរទេសដំបូងគេ ដែលអបអរសាទរលោក Xi ដែលបានក្លាយជាប្រធានាធិបតីចិនក្នុងអាណត្តិទី៣។ រុស្ស៊ីនិងចិនក៏បានបង្កើតភាពជាដៃគូគ្មានកំណត់មួយកាលពីខែកុម្ភៈ ឆ្នាំទៅ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន៕
លោក Xi បន្តកាន់អំណាចអាណត្តិទី៣ជាប្រធានាធិបតីចិននៅពេលមានបញ្ហាប្រឈមជាច្រើន
- Reuters
ទីក្រុងប៉េកាំង —