បន្ទាប់ពីចំណាយពេល១ទសវត្សរ៍ស្ថិតនៅក្រោមឥទ្ធិពលដ៏ខ្លាំងរបស់ប្រធានាធិបតីចិនលោក Xi Jinping មក លោក Li Keqiang នឹងចូលនិវត្តន៍ពីតំណែងជានាយករដ្ឋមន្ត្រីដោយបានកត់សម្គាល់ពីការងាកចេញពីពួកបច្ចេកាធិបតេយ្យដែលបានជួយតម្រែតម្រង់ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំទី២របស់ពិភពលោក ដោយដាក់មន្ត្រីត្រូវបានគេទទួលស្គាល់ពីភាពស្មោះត្រង់ដែលគ្មានងាករេដល់មេដឹកនាំដ៏មានអំណាចបំផុតរបស់ចិននៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
បន្ទាប់ពីការចាកចេញពីការិយាល័យនយោបាយមជ្ឈិមបក្សដែលមានអំណាចបំផុតរបស់គណបក្សកុម្មុយនិស្តកាន់អំណាចនៅខែតុលា ថ្វីបើស្ថិតនៅក្រោមអាយុចូលនិវត្តន៍ក៏ដោយ ភារៈកិច្ចដ៏សំខាន់ចុងក្រោយរបស់លោក Li គឺធ្វើសុន្ទរកថាទៅកាន់សភាប្រថាប់ត្រានៅថ្ងៃចន្ទនេះ។ របាយការណ៍បានស្វះស្វែងធ្វើការបញ្ជាក់ឡើងវិញដល់ប្រជាពលរដ្ឋអំពីការឆាប់ងើបឡើងវិញនូវសេដ្ឋកិច្ចរបស់ចិន ក៏ប៉ុន្តែ មិនមានអ្វីថ្មីនោះទេ។
កាលពីពេលមុនត្រូវបានគេមើលឃើញថាជាមេដឹកនាំកំពូលមួយរូបដែលមានសក្តានុពល លោក Li បានស្ថិតនៅខាងក្រៅសៃវៀនកាន់តែខ្លាំងឡើង នៅពេលដែលលោក Xi បានក្តោបក្តាប់អំណាចកាន់តែខ្លាំងឡើងហើយនឹងលើកដំកើងសេវាកម្មយោធានិងសន្តិសុខដើម្បីធ្វើឲ្យចិនរស់រវើកឡើងវិញ។ ការមិនសូវលេចមុខរបស់លោក Li ជួនកាលធ្វើឱ្យមានការលំបាកដើម្បីចងចាំថា លោកមានឋានៈទី២នៅក្នុងបក្ស៕