ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping ត្រូវ​បាន​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​ជា​បន្ត​ទៀត


ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​ក្នុង​ពិធី​មួយ​ដើម្បី​ណែនាំ​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៅ​វិមាន​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។
ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​ក្នុង​ពិធី​មួយ​ដើម្បី​ណែនាំ​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៅ​វិមាន​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​តាំងពី​សម័យ​លោក Mao Zedong ធ្វើ​ជា​ប្រធានាធិបតី​ចិន​មក ត្រូវ​បាន​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​របស់​គណបក្ស​នេះ​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត​កាលពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ការ​ជ្រើសរើស​លោក Xi ដែល​បាន​ឡើង​កាន់​អំណាច​ដំបូង​កាលពី​ឆ្នាំ ២០១២ ឱ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​សម្រាប់​អាណត្តិ ៥ ឆ្នាំ​បន្ត​ទៀត​នេះ​គឺ​ជា​ការ​បោះបង់​ចោល​នូវ​ទម្លាប់​កន្លង​មក​របស់​គណបក្ស​កុម្មុយនីស្ដ​ចិន​ដែល​ជា​ទូទៅ​មេដឹកនាំ​មុនៗ​របស់​គណបក្ស​នេះ​ដឹកនាំ​តែ ២ អាណត្តិ​គឺ​រយៈពេល ១០ ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​នឹង​ចាកចេញ​ពី​តំណែង។ អ្នក​ខ្លះ​រំពឹង​ថា លោក Xi ព្យាយាម​កាន់​អំណាច​ឱ្យ​បាន​ពេញ​មួយ​ជីវិត​របស់​លោក។

គណបក្ស​កុម្មុយនីស្ដ​ចិន​ក៏​បាន​ជ្រើសរើស​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​មាន​សមាជិក ៧ រូប​ផង​ដែរ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​គឺ​ជា​ក្រុម​អំណាច​ផ្ទៃ​ក្នុង​ដែល​គ្រប​ដណ្ដប់​ឥទ្ធិពល​ដោយ​សម្ព័ន្ធមិត្ត​របស់​លោក Xi បន្ទាប់ពី​លោក​នាយរដ្ឋមន្ត្រី Li Keqiang ដែល​ជា​មេដឹកនាំ​លំដាប់​ទី ២ និង​ជា​អ្នក​ជំរុញ​ឱ្យ​មាន​ការ​កែ​ទម្រង់​បែប​ទីផ្សារ​និង​សហគ្រាស​ឯកជន ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​គណៈកម្មាធិការ​កណ្ដាល​ថ្មី​ដែល​មាន​សមាជិក ២០៥ នាក់​កាលពី​ថ្ងៃ​សៅរ៍។ គណៈកម្មាធិការ​កណ្ដាល​នេះ​គឺ​ជា​គណៈកម្មាធិការ​ដែល​ជ្រើសរើស​គណៈកម្មាធិការ​អចិន្ត្រៃយ៍។

លោក Xi និង​សមាជិក​ផ្សេង​ទៀត​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​បាន​បង្ហាញ​ខ្លួន​ជា​ក្រុម​ជា​លើក​ដំបូង​បង្អស់​នៅ​ពី​មុខ​អ្នក​យក​ព័ត៌មាន​នានា​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​សាល Great Hall of the People ក្នុង​ទីក្រុង​ប៉េកាំង។

លោក Xi បាន​ប្រកាស​ថា លោក Li Qiang ដែល​ជា​អតីត​ប្រធាន​គណបក្ស​សៀងហៃ (Shanghai Party) ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក Li Keqiang គឺ​ជា​មេដឹកនាំ​លំដាប់​ទី ២ ហើយ​លោក Zhao Leji ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពី​មុន គឺ​ជា​មេដឹកនាំ​លំដាប់​ទី ៣។

ជា​ទូទៅ តាំងពី​ទសវត្សរ៍ ១៩៩០ មក មេដឹកនាំ​លំដាប់​ទី ២ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គឺ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី រី​ឯ​មេដឹកនាំ​លំដាប់​ទី ៣ វិញ​គឺ​កាន់​តំណែង​ជា​ប្រធាន​សភា។ តំណែង​ទាំង​នេះ​នឹង​ត្រូវ​តែងតាំង​នៅ​ពេល​ដែល​សភា​ចិន​បើក​សម័យ​ប្រជុំ​នៅ​ឆ្នាំ​ក្រោយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG